បបរទឹកខ្មៅ

ធូ ឡាយ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ធូ ឡាយ ភេទស្រី មានអាយុ ៨៣ឆ្នាំ និងមានស្រុកកំណើត ព្រមទាំងរស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ឡាយ មានពិការភាពតាំងពីកំណើត។ នៅកុមារភាព ឡាយ ធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ឡាយ បានរៀបការ និងមានកូនបីនាក់។  នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារឡាយ ត្រូវរស់នៅតាមលេណដ្ឋាន ដោយសារមានការទម្លាក់គ្រាប់បែក។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចទូទាំងប្រទេស បានបង្ខំឲ្យប្រជាជន ទាំងប្រជាជនចាស់ និងប្រជាជនថ្មី នៅក្នុងភូមិរបស់ឡាយឲ្យធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។  ចំណែក ឡាយ ដែលចាត់ទុកជាប្រជាជនចាស់ ត្រូវរែកដី និងស្ទូងស្រូវតាំងពីព្រលឹមរហូតដល់ម៉ោង៦យប់។ កូនរបស់គាត់ ត្រូវទៅធ្វើការតាមអង្គភាព និងកងកុមារឃុំ។

ក្នុងមួយថ្ងៃ ឡាយ ទទួលបានរបបអាហារពីរពេល ដោយមានតែបបរលាយជាមួយត្រកួនប៉ុណ្ណោះ។ ឡាយ និយាយថា បបរនោះមានទឹកពណ៌ខ្មៅ។ នៅពេល ឡាយ មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅរបបខ្មែរក្រហម ឡាយ បាត់បង់កូនប្រុសម្នាក់ និងក្មួយបីនាក់ ដែលបានចូលធ្វើជាយោធាខ្មែរក្រហម។

ក្រោយពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ឡាយ បានត្រលប់មកភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ សព្វថ្ងៃ ឡាយ មានជំងឺរលាកសួត និងជំងឺលើសឈាម៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin