ធុច លីមហ៊ត កងចល័តនេសាទភូមិភាគពាយ័ព្យ

ធុច លឹមហ៊ត[1] ភេទប្រុស អាយុ២៥ឆ្នាំ (១៩៧៧) កើតនៅភូមិរំដួល ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់៤។ ឪពុកម្តាយរបស់ លឹមហ៊ត គឺជាឈ្នួញទិញអង្ករយកទៅលក់នៅតាមតំបន់ទន្លេសាប។​ កាលពីកុមារភាព លឹមហ៊ត អាយុ៩ឆ្នាំ ឪពុកម្តាយបានបញ្ជូនឱ្យចូលរៀននៅសាលាបឋមសិក្សាអ៊ុត្ដសាលា។ ពេលឡើងថ្នាក់ទី៧ ត្រូវបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង និង ថ្នាក់ទី៦ ប្តូរមករៀននៅវិទ្យាល័យអ៊ាបឃុតរយៈពេលមួយឆ្នាំ ក៏ផ្លាស់ទៅខាងវិទ្យាល័យបាត់ដំបងវិញ។ ឆ្នាំ១៩៧០ លឹមហ៊ត រៀនថ្នាក់ទី៥ ក៏បានចូលធ្វើជាក្រុមកម្ម៉ុងដូរវិទ្យាល័យបាត់ដំបង ដែលមានឈ្មោះ កាន់ថា ជាមេកម្ម៉ុងដូរ។ កាន់ថា បានអប់រំ លឹមហ៊ត ឱ្យស្អប់លទ្ធិកម្មុយនីស្ត និង ស្រឡាញ់របបសេរី។

ឆ្នាំ១៩៧១ លឹមហ៊ត បានចូលក្នុងកម្លាំង សេ-អ៊ី-អា តាមរយៈឈ្មោះ កាន់ថា និង ឈ្មោះ តូច ខឿម សាស្រ្តាចារ្យប្រចាំវិទ្យាល័យបាត់ដំបង និង បច្ចុប្បន្នជាប្រជាជននៅភូមិក្ដាំងងា ឃុំខ្ពប ស្រុកខ្ពប តំបន់៤។ ពិធីចូលក្នុង សេ-អ៊ី-អា ស្ថិតនៅទីតាំងការិយាល័យរបស់ តូច ខឿម និង ជាអ្នកទទួលស្គាល់សមាសភាពថ្មី។ បន្ទាប់ពីចូលរួម តូច ខឿម បានប្រគល់ភារកិច្ចដូចជា៖ ១) ឃោសនាប្រឆាំងនឹងខ្មែរក្រហម។ ២) ស៊ើបការ និង តាមដានចលនាបដិវត្តន៍ និង ៣) ពង្រីកកម្លាំងសេ-អ៊ី-អា បន្ត។ ក្រោយពីចូលជាកម្លាំង  សេ-អ៊ី-អា នៅចុងឆ្នាំ១៩៧១ លឹមហ៊ត បានទៅទាក់ទងខ្សែរយៈរបស់ តូច ខឿម ដែលមានឈ្មោះដូចជា៖ កែប សុផុះ សិស្សថ្នាក់ទីបញ្ចប់ បច្ចុប្បន្នចាប់ខ្លួន។ ដោក សុភ័ណ សិស្សឆ្នាំទី២ នៃវិទ្យាល័យគ្រឿងយន្តបាត់ដំបង បច្ចុប្បន្នក្ដាប់មិនបាន។ ពេជ ឆៃយ៉ា ប្រធានសិស្សបាត់ដំបង បច្ចុប្បន្នក្ដាប់មិនបាន។ ឃួន ចំរើន សិស្សថ្នាក់ទីបញ្ចប់ បច្ចុប្បន្នយុទ្ធជន កងចល័តស្រុក៤៣ តំបន់៤ និង ព្រំ សល់ សិស្សថ្នាក់ទីបញ្ចប់ បច្ចុប្បន្នប្រជាជននៅភូមិក្ដាំងងា ឃុំខ្ពប ស្រុកសង្កែ តំបន់៤។  ការដែលទាក់ទងកម្លាំងខាងលើ គឺដើម្បីធ្វើសកម្មភាព ឃោសនាក្នុងចំណោមសិស្សវិទ្យាល័យបាត់ដំបង ឱ្យស្អប់របបខ្មែរក្រហម ថាជាចលនាកាប់សម្លាប់ប្រជាជន និងជាបក្សកម្មុយនីស្ត។

ឆ្នាំ១៩៧២ កាន់ថា​ បានណែនាំខ្សែរយៈមួយចំនួនទៀតដល់ លឹមហ៊ត ទាក់ទងដូចជា ចាន់ថា សិស្សថ្នាក់ទី១។ ងី ផឹង សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នប្រជាជននៅភូមិព្រៃទទឹង ស្រុកដូចទាវ តំបន់៤។ សូ  ឈិញ សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នប្រជាជននៅស្រុកបវិល តំបន់៥។ ទន់ សោ សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន។ សេង យុទ្ធិរិត សិស្សឆ្នាំទី២ បច្ចុប្បន្នក្ដាប់មិនបាន។ ទូច សឹង្យាចាន់ សិស្សថ្នាក់ទី១ បច្ចុប្បន្នក្ដាប់មិនបាន។ មី ណាវី សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន។ ងិន យឺន សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្ននៅកងចល័តស្រុក៤៣ តំបន់៤។ ខ្សែទាក់ទងទាំង៩នាក់ខាងលើនេះ គឺត្រូវដើរឃោសនាប្រជាជននៅភូមិស្លាកែត ស្រុក៤៣ អំពីនយោបាយរបស់បដិវត្តន៍ គឺមានភាពឃោរឃៅ កាប់សម្លាប់ប្រជាជន លក់ដីឱ្យយួន ​និង បំបាត់ពូជសាសន៍ខ្មែរ។

ឆ្នាំ១៩៧៣-១៩៧៤ លឹមហ៊ត កសាងកម្លាំងបានចំនួន៥នាក់ បន្ថែមទៀតគឺ ១) សុក នៅ សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន។ ២) ស្រី​ ផន សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន។ ៣) យស់ ស្រស់ សិស្សថ្នាក់ទីបញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន។ ៤) ភូ កុសល់និមិត្រ សិស្សថ្នាក់ បញ្ចប់ បច្ចុប្បន្នក្ដាប់មិនបាន និង សេង សឺន សិស្សថ្នាក់ទី១ បច្ចុប្បន្នក្ដាប់មិនបាន។ កម្លាំងទាំង៥នាក់ ដែលកសាងបានមក គឺ លឹមហ៊ត ចាត់តាំងឱ្យធ្វើសកម្មភាព អប់រំសិស្សឱ្យស្រឡាញ់របបសេរី ផ្សព្វផ្សាយពីសៀវភៅលោកសេរី និង បញ្ចាំងកុនពីការសប្បាយ ភ្លើតភ្លើនតាមរូបភាពរបស់ចក្រពត្តិ។ បន្ថែមពីនោះ គឺកម្លាំងទាំង៥នាក់ ត្រូវចាត់តាំងបន្តឱ្យទៅតាមដានសកម្មភាពរបស់ខ្មែរក្រហម នៅភូមិអន្លង់វិល ភូមិពាម​ឯក ភូមិអូរដំបង ក្នុងស្រុក៤១ (ស្រុកសង្កែ) ដោយប្រើរូបភាពជាអ្នកលក់នំបុ័ង លក់កៅស៊ូ, ប៉េងប៉ោង សម្រាប់ក្មេងលេង និង ធ្វើជាអ្នកលក់ការ៉េមកីជាដើម។

ខែមិថុនា ឆ្នាំ១៩៧៥ លឹមហ៊ត ត្រូវអង្គការជម្លៀសឱ្យទៅនៅភូមិជ្រៃកោង ឃុំបួន ស្រុកដូនទាវ តំបន់៤ ភូមិភាគពាយ័ព្យ។ លឹមហ៊ត ចូលទៅរស់នៅជាមួយក្រុមយុវជន ដែលដឹកនាំដោយឈ្មោះ សុវ៉ាន់ អតីតជាសាស្រ្តាចារ្យ បច្ចុប្បន្នមាននាទីជាប្រធានកង។ ហេតុនេះ លឹមហ៊ត និង​សុវ៉ាន់ មានការទាក់ទងគ្នាជាបន្តបន្ទាប់។ សុវ៉ាន់ បានបំភ្លៃថាអង្គការនឹងបោសសម្អាតកូនសិស្ស និង គ្រូ នៅថ្ងៃខាងមុខ សូមឱ្យ លឹមហ៊ត ចូលរួមប្រឆាំងជាមួយបដិវត្តន៍បន្តទៀត។ ខែកក្កដា ឆ្នាំ១៩៧៥ លឹមហ៊ត បានទៅទាក់ទងខ្សែរយៈ សេ-អ៊ី-អា ចំនួន១០នាក់ទៀត មានដូចជា៖ ផុន, វណ្ណនី, សុក លី, មាស រឿន, ប៉ែន រ៉ម, សេង គឹមអាន, សំអាត, ចាន់ សំណាង, សេង នី និង អ៊ំ ភាគ់សីលា ដើម្បីឱ្យចូលរួមធ្វើសកម្មភាព បំផ្លាញសំណាប និង ស្រូវ ចាំចាប់ចំណុចខ្សោយរដ្ឋអំណាចភូមិឃុំ រួចឃោសនាប្រឆាំង និង បំផុសប្រជាជនឱ្យធ្វើពុតឈឺ ដោយយកលេសថាខ្វះរបស់។ ខែសីហា ឆ្នាំ១៩៧៥ លឹមហ៊ត និង បក្ខពួកទាំងអស់ បានទទួលផែនការពី សុវ៉ាន់ ឱ្យត្រៀមខ្លួនរត់ចូលព្រៃក្បាលចោរ ដែលមានទីតាំងជាប់ព្រំដែនសៀម។ គោលបំណង គឺដើម្បីចូលរួមកម្លាំងជាមួយឈ្មោះ វ៉ាន់ណាត មានតួនាទីជាសក្តិ១ និង ឈ្មោះ វ៉ាន់ ហ្វាន់មឿង មានតួនាទីជាសក្តិ៥ នៅស្រុកសៀម ដើម្បីចូលមកអុកឡុកនៅក្នុងស្រុក៤៣ តំបន់៤។

ឆ្នាំ១៩៧៦ ដោយសារទាក់ទង វ៉ាន់ណាត មិនបាន ហេតុនេះផែនការរត់ចូលព្រៃក្បាលចោរក៏មិនបានសម្រេច។ លឹមហ៊ត និង បក្ខពួក ក៏ត្រូវ សុវ៉ាន់ ចាត់តាំង ឱ្យធ្វើសកម្មភាពប្រឆាំងជាមួយបដិវត្តបន្តទៀត។ សកម្មភាពដែលទទួលបានពី សុវ៉ាន់ គឺឱ្យបំផ្លាញសម្ភាររបស់បដិវត្តមានដូចជា៖ លួចដុតកណ្ដាប់ស្រូវ បំផ្លាញពូជស្រូវ លួចបោះចោលសំណាបដែលត្រូវយកទៅស្ទូង បញ្ចូលទឹកចូលក្នុងសំណាបដើម្បីឱ្យរលួយ លួចកាប់ទូក និង រទេះគោ។ បន្ទាប់មកទៀត គឺត្រូវលួចស្រូវដែលប្រមូលផលបានយកទៅឱ្យខាងចោរព្រៃ ដែលដឹកនាំដោយ វ៉ាន់ណាត។ ក្រោយមកទៀត សុវ៉ាន់ បានចាត់តាំង លឹមហ៊ត ឱ្យយកត្រាក់២០សន្លឹក យកទៅបាចនៅភូមិដាំស្ពៃ និង ភូមិស្លាកែត ដែលបង្ហាញពីខ្លឹមសារទាមទារឱ្យអង្គការបើកផ្សារ និង រៀបចំសាលារៀនឡើងវិញ។

សរសេរដោយ មីន សាណាស់


ឯកសារយោង

[1] ឯកសារចម្លើយសារភាពលេខ​J00112 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ កំណត់ចំណាំ៖ អត្ថបទដែលដកស្រង់ចេញពីចម្លើយសារភាពឯកសារ J00112 រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin