អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល
(ព្រះវិហារ)៖ ទិត ភន អាយុ ៧១ ឆ្នាំ រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ ភន បានធ្វើការងារជាក្រុម ដូចជាដើររកអូសជាដើម គាត់បាននិយាយថា អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល នេះជាការគំរាមនាសម័យនោះ។
ដោយសារមានកូននៅតូច គាត់តម្រូវឲ្យធ្វើការនៅផ្ទះបាយ រហូតដល់ការបញ្ចប់នៃសង្គ្រាមនៅឆ្នាំ ១៩៧៩។ សម្រាប់អាហារមួយថ្ងៃពីរពេល ទិត ភន ទទួលបានត្រឹមតែបបរលាយជាមួយដើមចេក ស្លឹកដំឡូង ឬ ស្លឹកផ្ទី សម្រាប់បរិភោគ។ គ្មានការពិនិត្យថែទាំ ឬក៏មានការព្យាបាលពេលគាត់ឈឺនោះទេ មានតែពេលគាត់សម្រាលកូនម្តងប៉ុណ្ណោះ។
ទិត ភន និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀត ដែលរស់នៅស្រុកជ័យសែន ភាគច្រើនមិនបានតាមដានដំណើរការការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។ ការចងក្រងជាកម្រងឯកសារសម្រាប់អ្នកជំនាន់ក្រោយបានដឹងនូវអំពើអយុត្តិធម៌ ដែលគ្មានហេតុផលត្រឹមត្រូវ និងការសម្លាប់ដោយមិនមានមូលហេតុដែលកើតមានឡើងនាសម័យខ្មែរក្រហម ជាការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់អ្នករស់រានមានជីវិត និងជាការពារកុំឲ្យកើតឡើងម្តងទៀតនូវរបបនេះ៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣