ទិត សុខា៖ នឹកម្ដាយដែលមុតចប

ទិត សុខា រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ ទិត សុខា ភេទស្រី មានអាយុ ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សុខា មានឪពុកឈ្មោះ សាន់, ម្ដាយឈ្មោះ យិន សាមុត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សុខា ជាកូនពៅក្នុងគ្រួសារ និងបានចូលរៀនត្រឹមថ្នាក់អក្ខរកម្ម។

នៅមុនរបបខ្មែរក្រហម សុខា ជួយធ្វើការងារផ្ទះ និងឃ្វាលគោ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស សុខា និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់។

នៅទីនោះ សុខា ត្រូវព្រាត់ប្រាសពីគ្រួសារ និងត្រូវធ្វើការក្នុងកងកុមារ ដោយត្រូវជីកប្រឡាយឲ្យបាន១០ម៉ែត្រក្នុងមួយព្រឹក។ បន្ទាប់ពីឮស្នូរសំឡេងជួង សុខា ត្រូវក្រោកពីម៉ោង៤ទៀបភ្លឺ និងធ្វើដំណើរឆ្លងកាត់វាលស្រែទាំងមេឃងងឹតឆ្ពោះទៅការដ្ឋាន។ សុខា ថាគាត់ជីកមិនបានតាមការកំណត់នោះទេ ដូច្នេះខ្មែរក្រហមបញ្ជាឲ្យគាត់កាន់ខ្សែនិងដើរវាស់ដីបន្ថែមទៀត។ សុខា ត្រូវធ្វើការហួសកម្លាំង និងសម្រាកមិនបានគ្រប់គ្រាន់។

សុខា ថានៅសហករណ៍ដែលគាត់រស់នៅ ជួនកាលមាន គឺមានបាយ, សម្លលាយត្រកួន ឬព្រលិត និងសាច់ត្រីសម្រាប់ហូប។ នៅរបបនោះ ការហូបចុកគឺមានភាពខុសៗគ្នាទៅតាមតំបន់។ សុខា បន្តថា “ការហូបចុក គឺស្រួលដោយកន្លែង”។

នៅពេល សុខា ដឹងថាម្ដាយត្រូវរបួសដោយសារចបមុតជើងនៅការដ្ឋាន គាត់បានស្នើសុំប្រធានក្រុមទៅសួរសុខទុក្ខម្ដាយនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែត្រូវបានប្រធានក្រុម បដិសេធ និងសួរគាត់ថា “សមមិត្តឯងហ្នឹងពេទ្យ?”។ នៅយប់នោះ សុខា បានយំ និងនឹករលឹកម្ដាយជាខ្លាំង។ នៅរបបខ្មែរក្រហម ម្ដាយរបស់សុខា ត្រូវធ្វើស្រែនៅតំបន់ផ្សេង។ ចំណែក បងប្រុសរបស់គាត់ត្រូវជីកប្រឡាយ និងលើកទំនប់ក្នុងកងចល័ត។

ជារៀងរាល់យប់ សុខា តែងតែឮស្នូរសំឡេងរទេះសេះ ដែលខ្មែរក្រហមដឹកមនុស្សយកទៅសម្លាប់។ សុខា និយាយថា គាត់មិនហ៊ានសូម្បីតែលួចមើល និងសម្ងំនៅតែក្នុងផ្ទះប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ សុខា និងម្ដាយ បានរែកអង្ករ, អំបិល និងសម្ភារត្រលប់មកស្រុកកំណើតវិញតាមថ្នល់ជាតិដែលមានប្រជាជនជាច្រើនកុះករធ្វើដំណើរជាមួយ។ សុខា ត្រូវធ្វើដំណើរនៅពេលថ្ងៃ និងសម្រាកតាមផ្លូវនៅពេលយប់។ នៅពេលធ្វើដំណើរ សុខា ឮដំណឹងថា កងចល័តដែលនៅជិតខ្សែត្រៀមត្រូវរបួសនិងស្លាប់ដោយសារផ្ទុះគ្រាប់បែក។ ចំណែក បងប្រុសរបស់គាត់ដែលធ្វើការក្នុងកងចល័តនោះ ក៏បានបាត់ដំណឹងសូន្យឈឹង។

នៅពេល សុខា ធ្វើដំណើរមកដល់ស្រុកកំណើត និងប្រកបរបរធ្វើស្រែចម្ការរហូតមកទល់សព្វថ្ងៃ៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin