តុប ង៉ាន់៖ កូនស្លាប់ពីរនាក់ដោយសារឈឺគ្មានថ្នាំព្យាបាល

កាលពីក្មេង ង៉ាន់ ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែឪពុកស្លាប់។ បន្ទាប់ពីឈប់រៀន ង៉ាន់ បានរៀបការជាមួយឈ្មោះ ទុំ ថាញ់ និងបានបែកគ្នានៅឆ្នាំ១៩៧៥។ នៅក្នុងសម័យខ្មែរក្រហម ង៉ាន់ មានកូន៣នាក់(ស្រីម្នាក់) ក្នុងនោះមានបាត់បង់ជីវិតចំនួន២នាក់ដោយសារហូបមិនគ្រប់គ្រាន់ ហើយមានជំងឺគ្មានថ្នាំព្យាបាល នៅស្រុកព្រៃកប្បាស។ ចំពោះ ង៉ាន់ ការលំបាករបស់គាត់នៅក្នុងរបបខ្មែរក្រហមគឺធ្វើការងារធ្ងន់ៗ, ហូបអាហារមិនបានគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។

(តាកែវ) តុប ង៉ាន់ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ង៉ាន់ឈ្មោះ អ៊ុក តុប ហើយម្ដាយឈ្មោះ អុំ ទួត និងមានបងប្អូនចំនួន៥នាក់(ស្រី២នាក់)​​ ។ នៅក្នុងសម័យខ្មែរក្រហម បងប្រុសរបស់ង៉ាន់ ទាំង៣នាក់បានបាត់បង់ជីវិត។ នៅអាយុ៦ឆ្នាំ ង៉ាន់ បានចូលរៀនដំបូងនៅសាលាវត្តអង្គរុន។ នៅឆ្នាំ១៩៦១ បន្ទាប់ពីឪពុកស្លាប់ ង៉ាន់ បានឈប់រៀនត្រឹមថ្នាក់ទី៧ និងបានទៅជួយធ្វើស្រែម្ដាយនៅភូមិត្រពាំងក្រសាំង។ បន្ទាប់មក ង៉ាន់ បានរៀបការ ជាមួយឈ្មោះ ទុំ ថាញ់ និងសម្រាលបានកូនប្រុសម្នាក់នៅឆ្នាំ១៩៦៣។

នៅឆ្នាំ១៩៧០ គ្រួសារបស់ង៉ាន់ បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ និងមិនបានដឹងរឿងរ៉ាវដែលកើតឡើងនៅក្នុងភូមិនោះទេ ប៉ុន្តែគាត់បានឮដំណឹងថាមានការទម្លាក់គ្រាប់បែក។ នៅទីក្រុងភ្នំពេញ គ្រួសាររបស់ង៉ាន់ បានជួលផ្ទះនៅក្រោយព្រះបរមរាជវាំង ហើយបន្ទាប់មកប្ដីរបស់គាត់បាននាំទៅរស់នៅជ្រោយចង្វារ និងសម្រាលបានកូនស្រីម្នាក់ទៀត។ នៅឆ្នាំ១៩៧៣ ង៉ាន់ បានប្ដូរទៅរស់នៅខេត្តឧត្តរមានជ័យ តាមប្ដីរបស់គាត់។ គ្រួសាររបស់ង៉ាន់ រស់នៅខេត្តឧត្តរមានជ័យ បានរយៈពេលប្រមាណជាងមួយឆ្នាំ ទើបប្ដូរមករស់នៅជ្រោយចង្វារវិញ។​ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៥ ប្ដីរបស់ង៉ាន់ បានផ្លាស់ការងារទៅខេត្តសៀមរាម និងបានបាត់ដំណឹងតាំងពីពេលនោះមក។ ស្ថានភាពគ្រួសារគាត់កាន់តែលំបាក ព្រោះប្ដីរបស់ង៉ាន់ ជាអ្នករកចំណូលចូលគ្រួសារ ហើយ ង៉ាន់ នៅផ្ទះមើលកូន។ នៅឆ្នាំ១៩៧៥ ង៉ាន់ មានអាយុ២៩ឆ្នាំ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលយោធាខ្មែរក្រហមចូលគ្រប់គ្រងទីក្រុងភ្នំពេញ អង្គការបានប្រកាសឲ្យប្រជាជនទាំងអស់ចាកចេញពីផ្ទះរៀងៗខ្លួនទៅស្រុកកំណើត។ នៅថ្ងៃបន្ទាប់ ង៉ាន់ បាននាំកូនជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅតាមបងប្រុស។ ពេលចេញដំណើរ ង៉ាន់ បានពរកូនម្នាក់ និងបណ្ដើរកូនម្នាក់ ចេញពីជ្រោយចង្វារ មកជិះទូកនៅព្រែកថោង ព្រែកបង្កង ទៅស្រុកបងថ្លៃស្រី។ ប៉ុន្តែដោយសារអង្គការឲ្យប្រជាជនជម្លៀសទៅស្រុកកំណើត ទើបគាត់នាំកូន​ជិះកាណូតឡើងមកព្រែកឯងវិញ។ នៅពេលជិះកាណូត ង៉ាន់ មានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះកាណូតដែលគាត់ជិះ ផ្ទុកមនុស្សពេញស្ទើរលិច។

ពេលទៅដល់ព្រែកឯង ង៉ាន់ បីកូនម្នាក់ និងដឹកដៃកូនស្រីម្នាក់ទៀតអាយុប្រមាណ៣ឆ្នាំ ធ្វើដំណើរតាមបងប្រុសបង្កើតម្នាក់ ដែលមានបណ្ដើរកង់ដឹកអីវ៉ាន់មួយ រួមជាមួយបងប្អូនជីដូនមួយ១គ្រួសារទៀតដែលបណ្ដើរកង់មួយទៀត កាត់តាមភូមិចាម រហូតទៅសម្រាកនៅក្នុងវត្តមួយដែលលោកតាច្រឹកគង់នៅ(ភ្លេចឈ្មោះរបស់វត្ត)។ នៅក្នុងវត្តនោះ ង៉ាន់ បីកូនអង្គុយយំ មើលមនុស្សច្រើនកកកុញដែលស្នាក់នៅក្នុងវត្ត និងមើលសាកសពទាហានជាច្រើននាក់ដែលដេកស្លាប់នៅទីនោះ។ នៅថ្ងៃបន្ទាប់ ង៉ាន់ និងបងប្អូនបានធ្វើដំណើរទៅមុខបន្តទៀត និងសម្រាកនៅតាមផ្លូវមួយយប់ទៀត ទើបទៅដល់ផ្ទះពូនៅព្រែកតូច។

នៅព្រែកតូច ពូបានឃាត់បងប្អូនង៉ាន់ ឲ្យស្នាក់នៅជាមួយគាត់មួយរយៈសិន ប៉ុន្តែបងរបស់គាត់មិនព្រម ព្រោះចង់ទៅជួបបងប្អូននៅស្រុកកំណើត។ បងប្អូនរបស់ង៉ាន់ បានសម្រាកនៅផ្ទះពូមួយយប់ រួចចំណាយពេលធ្វើដំណើរពេញមួយថ្ងៃ ទើបទៅដល់វត្តចក។ នៅវត្តចក ដោយសារតែមេឃងងឹត អង្គការបានឃាត់ង៉ាន់ ឲ្យស្នាក់នៅផ្ទះប្រជាជន ហើយនៅទីនោះគាត់ទទួលបានស្រូវ២តៅ។ ង៉ាន់ ទូលស្រូវ២តៅស្រូវនោះធ្ងន់ពេកទើបធ្វើឲ្យគាត់ឈឺទាស់សម្រាកធ្វើដំណើរមួយសប្ដាហ៍។ បន្ទាប់ពីបានធូរស្រាលពីជំងឺ បងប្អូនរបស់ង៉ាន់ បានធ្វើដំណើរដោយថ្មើរជើងបន្តទៀតរហូតដល់ចំបក់ ទើបបែកផ្លូវជាមួយបងប្អូនជីដូនមួយទៅផ្ទះរៀងខ្លួន។ ពេលធ្វើដំណើរមកដល់ផ្ទះ ប្អូនស្រីរបស់ង៉ាន់ បានរត់មកឱបគាត់ហើយយំ ព្រោះមិននឹកស្មានថាបងនៅរស់។

នៅភូមិត្រពាំងក្រសាំង អង្គការបានចាត់តាំង ង៉ាន់ ឲ្យធ្វើការងារទូលអាចម៍គោ និងទូលដីល្បាបក្បែរសហករណ៍ ហើយកូនប្រុសច្បងរបស់គាត់ត្រូវធ្វើការមើលប្អូនតូចៗនៅផ្ទះ។ ក្រោយមក នៅពេលដែលអង្គការបង្កើតជាសហករណ៍ ធ្វើការងាររួមគ្នា និងហូបអាហាររួម ង៉ាន់ បានយកកូនតូចរបស់គាត់ពីរនាក់ទៅដាក់ក្នុងមណ្ឌល ហើយកូនប្រុសច្បងរបស់ង៉ាន់ ទៅចូលធ្វើការងារក្នុងកងកុមារ។ ចំណែក ង៉ាន់ ចេញទៅធ្វើការងារធម្មតា រហូតដល់ម៉ោង១០ ឬ១១ ទើបមកបញ្ចុកបាយ ឬបបរកូនក្នុងសហករណ៍វិញ។ ង៉ាន់ ធ្វើការងារនៅក្នុងភូមិត្រពាំងក្រសាំង រហូតដល់រដូវស្រូវទុំ ទើបអង្គការបញ្ជូនគ្រួសារគាត់ និងគ្រួសារបងប្រុសច្បងទៅ ខេត្តបាត់ដំបង។

នៅថ្ងៃធ្វើដំណើរ ដោយសារតែ ង៉ាន់ រៀបចំអីវ៉ាន់ច្រើនហើយចំណាយពេលយូរ ព្រោះគាត់មានកូនតូច ទើបឡានចេញដំណើរទៅចោល។ នៅពេលយឺតដំណើរអង្គការបានបញ្ជូនគាត់ ទៅតំបន់៥៥ ស្រុកព្រៃកប្បាសវិញ ជាមួយប្រជាជនផ្សេងទៀត ។ ពេលធ្វើដំណើរ ង៉ាន់ បានចេញពីភូមិនៅម៉ោងប្រមាណ៧យប់ជាមួយកូនតូចពីរនាក់ ហើយកូនប្រុសច្បងដែលកើតឆ្នាំ១៩៦៣ ចង់ស្នាក់សនៅជាមួយម្ដាយមីង។  ង៉ាន់ បានធ្វើដំណើរកាត់ឃុំចំបក់, វត្តត្នោត, វត្តស្បាត រួចបន្តទៅសម្រាកនៅសៃវ៉ាមួយយប់។ នៅសៃវ៉ា បងប្អូនជីដូនមួយ និងបងប្អូនជីទួតមួយរបស់ ង៉ាន់ បានបែកទៅរកកូន និងបងប្អូនក្នុងសហករណ៍ផ្សេងៗ ហើយគាត់ត្រូវបានកម្មាភិបាលខ្មែរក្រហម នាំទៅស្រុកព្រៃកប្បាស។

ពេលទៅដល់កន្លែងថ្មី ង៉ាន់ ទទួលបានបាយហូបមួយថ្ងៃពីរពេល ឬពេលខ្លះមានបង្អែមហូបម្ដងម្កាលជំនួសបាយ ព្រោះចំពេលប្រមូលផល។ ផុតពីពេលច្រូតកាត់ ការហូបអាហារនៅក្នុងសហករណ៍កាន់តែខ្វះខាតពីមួយថ្ងៃ ទៅមួយថ្ងៃ រហូតដល់បបរមួយខ្ទះដាក់អង្ករបីកំប៉ុងប៉ុណ្ណោះ ហូបជាមួយសម្លកាឆាយ។ នៅពេលដែលហួបសម្លកាឆាយជាមួយបបរនោះរួច ង៉ាន់ និងកូន ចាប់ផ្ដើមរាគហូរដូចទឹក និងបានទៅរកថ្នាំខ្មែរមកដាំផឹកដោយខ្លួនឯង ទើបជាសះស្បើយ។ ក្រោយមក កូនប្រុសពៅរបស់ង៉ាន់ ចាប់ផ្ដើមលាប់ជំងឺកញ្ជ្រឹល ហើយមានអាការៈមូលពោះរាគខ្លាំង។ ង៉ាន់ បានដើររកថ្នាំខ្មែរមកដាំឲ្យកូនផឹក ប៉ុន្តែមិនបានធូរស្រាលនោះទេ រហូតដល់បានជួបពូម្នាក់ដែលធ្វើជាយោធាខ្មែរក្រហមនៅខេត្តកំពត ប្រាប់រូបមន្តថ្នាំខ្មែរទៅគាត់។ ពូម្នាក់នោះ បានប្រាប់ ង៉ាន់ ឲ្យទៅរកបាយក្ដាំងមួយដុំ រួមជាមួយកញ្ឆែត៧ថ្នាំងយកមកលាងទឹកឲ្យស្អាត ដោយកុំឲ្យបេះឬស និងស្នោរចេញទាំងអស់ រួចយកទៅដុត ហើយដាក់ចូលក្នុងទឹកឲ្យកូនផឹក។ ពេលឮដូច្នេះ ង៉ាន់ គិតថាខ្លួនមិនអាចរកបាយក្ដាំងបានទេ ព្រោះប្រជាជនក្នុងពេលនោះហូបបបរ។ ប៉ុន្តែដោយសារតែគាត់នឹកឃើញថាមានកងយុវជនមកធ្វើការនៅធម្មវិន័យ ហើយមានក្ដាំងបបរនៅសល់ ទើបគាត់ដាច់ចិត្តទៅសុំក្ដាងនោះបានប៉ិនបាតដៃមក។ ង៉ាន់ សប្បាយចិត្តណាស់ដែលកូនជា និងបានចេញទៅធ្វើការងារធម្មតា ប៉ុន្តែរំលងបានប្រមាណ១ខែ កូនស្រីរបស់គាត់បានស្លាប់ ហើយមួយឆ្នាំក្រោយមកទើបកូនប្រុសពៅស្លាប់បន្តទៀតដោយសារជំងឺ។ បន្ទាប់ពីកូនស្លាប់ចោលអស់ ង៉ាន់ បានចូលទៅក្រុមកងចល័តច្រូតស្រូវ ប៉ុន្តែគាត់ហូបបាយមិនបាននោះទេព្រោះគាត់នឹកស្រណោះកូនខ្លាំងពេក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួរលំ ង៉ាន់ បានត្រលប់មករស់នៅជាមួយប្អូនស្រី នៅភូមិត្រពាំងក្រសាំង និងចាប់ផ្ដើមប្រកបរបបលក់ម្ហូប ។ មុនដំបូង ង៉ាន់ បានទៅជំពាក់សាច់គោ៥គីឡូពីអ្នកកាប់គោ រួចយកទៅស្លលក់ឲ្យទាហានវៀតណាម និងទាហានខ្មែរនៅក្រាំងចំបក់។ ង៉ាន់ ធ្វើបែបនេះរាល់ថ្ងៃ ទើបសន្សំបានអង្ករប្រមាណ១០កំប៉ុង រួចគាត់យកអង្ករនោះទៅដូរស្ករនៅភូមិកុមាររាជា ឃុំក្រាំងលាវ ដោយអង្ករមួយគីឡូដូរបានស្ករ២ទៅ៣គីឡូ។ នៅពេលបានស្ករមក ង៉ាន់ យកទៅដូរប្រហុកនៅស្រុកកោះធំ រួចយកប្រហុកនោះទៅដូរយកអង្ករ ឬស្រូវពីអ្នកភូមិវិញ។ ក្រោយមក ង៉ាន់ បាននាំកូនមកធ្វើផ្ទះផ្សេងមួយទៀត នៅលើដីចាស់ដែលឪពុកម្ដាយគាត់ធ្លាប់រស់នៅកាលពីមុន។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin