អ្នកដើរតាមឡានដឹកជញ្ជូនក្នុងរបបខ្មែរក្រហម

តក់ សេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ តក់ សេង សព្វថ្ងៃមានអាយុ៦០ឆ្នាំ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់រឿងរ៉ាវ ដែលបានកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជាក្នុងការចងក្រង និងកត់ត្រាប្រវត្តិសាស្ត្រនេះដល់អ្នកជំនាន់ក្រោយ​។

នៅក្នុង​របបខ្មែរក្រហមគាត់មានអាយុ១៦ឆ្នាំ ធ្វើការក្នុងកងកុមារនៅតាមការដ្ឋានទំនប់ទឹក និងវាលស្រែនៅតាមមូលដា្ឋនដែលគាត់រស់នៅ។ ឪពុកម្តាយរបស់គាត់​ត្រូវបានជម្លៀសទៅធ្វើការនៅទីកន្លែងផ្សេង។ គាត់និងមនុស្សឯទៀតត្រូវលើកភ្លឺស្រែ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។ ជួនកាលខ្មែរក្រហមជម្លៀសទៅរស់​នៅក្នុង​ភូមិផ្សេងរយៈពេលមួយខែដើម្បីដកដំឡូង។

គាត់បញ្ជាក់ថាសម័យនោះមានការលំបាក និងវេទនាសម្រាប់រូបលោក ទាំងបរិភោគមិនបានគ្រប់គ្រាន់ ជួនកាលមួយសប្តាហ៍ម្តងគាត់​បានទទួលទានបាយ​ តែត្រូវធ្វើការយូរម៉ោង។ សេង ត្រូវទៅរងចាំនៅរោងបាយមុនម៉ោង ពីព្រោះខ្លាចអង្គុយខុសតុ ឬទៅមិនទាន់ គឺមិនបានហូប ដែលត្រូវចាំរហូតដល់ព្រឹកស្អែក។ ជួនកាលសូម្បីតែអង្គុយខុសកន្លែង ក៏ខ្មែរក្រហមអាចចោទថា ជាមនុស្សមិនបានការ និងយកទៅកសាង។ ចំពោះការរៀនសូត្រវិញ គឺ​មានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ ដោយមួយសប្តាហ៍រៀនបានតែពីរពេលគឺ​នៅល្ងាចថ្ងៃចន្ទ និងថ្ងៃសៅរ៍។ គាត់ត្រូវលើកតុ យកទៅតាមការដ្នានដើម្បីបានរៀន ខ្មៅដៃត្រូវបានកាត់ជាកំណាត់ ដែលយកកំណាត់សំពត់ ឬអាវចាស់ៗសម្រាប់ធ្វើជាសៀវភៅចែកគ្នា ដែលមួយឆ្នាំ គេចែកសម្លៀកបំពាក់ឲ្យត្រឹមតែ២សម្រាប់ប៉ុណ្ណោះ។

នៅពេលយប់អធ្រាត្រមកដល់ កងឈ្លបដើរអង្កេត មិនឲ្យនិយាយគ្នាតែមនុស្សពីរនាក់នោះទេ បើគេឃើញហើយគឺគេគិតថា ជាខ្មាំងដែលមានគំនិតមិនល្អចំពោះអង្គការ ដែលអ្នកទាំងនោះនឹងត្រូវបានយកទៅកសាង។ នៅឆ្នាំ១៩៧៨ គាត់ក្លាយជាអ្នកដើរធ្វើការតាមឡានដឹកជញ្ជូន។ ក្រោយមក តក់ សេង បានជួបជុំគ្រួសារវិញនៅចុងឆ្នាំដដែល ដែលមានបងប្អូន៨នាក់។ សព្វថ្ងៃគាត់មានជីវភាពខ្វះខាត និងមាន​ជំងឺប្រចាំកាយ៕

សម្ភាសន៍ដោយ សុង ថានី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin