តុល យឿម៖ ឪពុកម្ដាយ និងបងបានស្លាប់ជាបន្តបន្ទាប់

តុល យឿម ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ ឪពុករបស់យឿម ធ្វើជាទាហាន។ ជាញឹកញាប់ ម្ដាយរបស់យឿម បាននាំកូន៣នាក់ ធ្វើដំណើរតាមឪពុក ដើម្បីគេចពីសង្គ្រាម។ ថ្ងៃមួយ នៅពេលដែលគ្រួសារយឿម ធ្វើដំណើរទៅដល់សៃវ៉ា ម្ដាយរបស់គាត់បានត្រូវគ្រាប់ស្លាប់ ទាំងមានកូនក្នុងផ្ទៃ។ បន្ទាប់ពីម្ដាយស្លាប់ ឪពុករបស់យឿម បានបន្តលើកគាត់ ​ឲ្យជិះក រួចធ្វើដំណើរទៅមុខទៀត។

នៅតាមផ្លូវធ្វើដំណើរ មានជនជាតិចិនរកស៊ីនៅស្រុកខ្មែរបានស្នើសុំ យឿម ទៅរស់នៅជាមួយ ប៉ុន្តែឪពុករបស់គាត់មិនព្រម។ ឪពុករបស់យឿម បាននាំកូនតូចៗទៅរស់នៅជាមួយជីតា ហើយខ្លួនចេញទៅធ្វើការងារបន្ត។ ក្រោយមក ឪពុករបស់យឿម បានរៀបការម្ដងទៀត និងបានជិះយន្ដហោះពីភ្នំពេញ មកយកកូនទាំង៣នាក់ទៅរស់នៅជួបជុំគ្នាជាមួយម្ដាយទី២ នៅក្រពើរហារ។ យឿម បានឲ្យដឹងថា ម្ដាយចុងរបស់គាត់ចិត្តល្អ ចេះមើលថែរក្សាគាត់។

នៅក្នុងសម័យខ្មែរក្រហម យឿម គឺជាប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន) នៅក្នុងភូមិខ្វាវ។ អង្គការបានចាត់តាំងឲ្យ យឿម ចូលក្នុងកងកុមារ និងស្នាក់នៅក្នុងវត្តអង្គធ្លក។ នៅក្នុងកងកុមារ យឿម ត្រូវធ្វើការងារហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ថ្ងៃមួយ អំឡុងពេល យឿម ធ្វើការងារនៅអង្គឃ្លោក គាត់បានសម្រេចចិត្តលួចរត់ចេញពីកងទៅផ្ទះ ដើម្បីរកអាហារហូបបបន្ថែម។ នៅតាមផ្លូវធ្វើដំណើរ ប្រធានកងរបស់គាត់ចាប់ យឿម ត្រលប់ទៅវិញ រួចយកក្រមាមកចងគាត់ផ្អោបជាប់នឹងដើមល្ហុង និងបង្អត់អាហារពេញមួយថ្ងៃ។ បន្ទាប់មក អង្គការបានបញ្ជូន យឿម ឱ្យទៅរែកលាមកនៅភូមិខ្វាវ រួចបន្តទៅធ្វើការងារនៅត្រពាំងវែង និងត្រូវដើរទៅកាយដីនៅតំបន់អាន់វ៉ា ក្បែរព្រំដែនវៀតណាមអស់រយៈពេលជិតមួយសប្ដាហ៍ ទើបអនុញ្ញាតឱ្យដើរត្រឡប់មកវិញ។

នៅក្នុងស្ថានភាពអត់ឃ្លាន យឿម និងមិត្តភក្តិឈ្មោះ សំ បាននាំគ្នាលួចចាប់ក្ដាមយកទៅដាក់លើកំណល់រថភ្លើង ដើម្បីហាលថ្ងៃឱ្យឆ្អិន រួចចែកគ្នាហូបដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែសកម្មភាពនេះ គឺមិនត្រឹមត្រូវនោះទេ ហើយប្រសិនបើអង្គការដឹងនឹងត្រូវមានទោស។ ជាក់ស្ដែង ឪពុករបស់យឿម បានលួចជីកដំឡូងដែលខ្លួនឯងដាំនៅផ្ទះយកមកស្ងោរហូប ហើយអង្គការបានចាប់គាត់ទៅដាក់គុក។ ជាអកុសល ក្រោយមក ឪពុករបស់យឿមបានស្លាប់នៅផ្ទះរបស់បងប្អូន ដោយសារតែគាត់អត់ឃ្លានខ្លាំងពេក។ នៅពេលដែលឪពុកស្លាប់ យឿម នៅតូចណាស់ ស្លៀកតែខោខ្លីត្រឹមជង្គង់ដើរទៅមើលសាកសពឪពុក រួចលាន់មាត់ថា៖ «អើ! គេស្លាប់អញ្ចឹងទេ ដេកស្ដូកអញ្ចឹងទេ» ព្រោះកាលនោះគាត់មិនទាន់យល់ដឹងថាអ្វីទៅជាសេចក្តីស្លាប់ឡើយ។

ក្រោយរបបខ្មែរក្រហមដួលរលំ យឿម បានមករស់នៅជាមួយបងៗ និងជួយមើលថែក្មួយៗជាច្រើននាក់។ ក្រៅពីនេះ យឿម បានឆ្លៀតពេលដើរដកក្រចាប់, ព្រលឹត, ត្រកួន និងជញ្ជាត់ត្រីលក់ដើម្បីចិញ្ចឹមជីវិត។ ក្នុងអំឡុងពេលនោះ បងស្រីកណ្ដាលរបស់យឿម បានជួបគ្រោះថ្នាក់ធ្លាក់ពីលើកាំជណ្ដើរស្លាប់យ៉ាងអាណោចអាធ័ម។ លុះដល់ពេល យឿម រៀបការ បងច្បងរបស់គាត់បានចែកផ្ទះមួយខ្នងក្នុងភូមិឲ្យគាត់ ប៉ុន្តែយឿមមិនយល់ព្រមយក និងសុខចិត្តផ្លាស់ទៅរស់នៅជាមួយប្ដី។

ការចាប់ផ្ដើមជីវិតគ្រួសារដំបូងរបស់យឿម គឺលំបាកខ្លាំងណាស់ រហូតដល់គាត់ដាច់ចិត្តទៅខ្ចីមាសបងស្រីចំនួន ២ជី ដើម្បីយកមកលក់ទិញឫស្សីធ្វើរនៀប ប៉ុន្តែបងស្រីមិនឱ្យខ្ចីឡើយ ដែលជាហេតុធ្វើឱ្យគាត់ស្រក់ទឹកភ្នែកអាណិតវាសនាខ្លួនឯងជាពន់ពេក។ ទោះជាយ៉ាងណា ដោយសារការខិតខំសន្សំសំចៃ និងបានកូនៗជួយធ្វើការងាររោងចក្រផងនោះ ទើបជីវភាពគ្រួសាររបស់យឿមក៏ចាប់ផ្ដើមធូរធារជាលំដាប់។ យឿម មានកូនទាំងអស់ចំនួន៥នាក់ ក្នុងនោះមានបាត់បង់ជីវិត ២នាក់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin