ការសម្លាប់មនុស្សគឺជាដំណោះស្រាយ

(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម គ្មានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវឡើយ។ វិធីដែលអាចដោះស្រាយបញ្ហាបាន គឺការសម្លាប់។ ទូច សាមិត ឈ្មោះបដិវត្តន៍ អន មិត ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅ នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សាមិត បានរៀបការជាមួយនឹងភរិយា នៅឆ្នាំ១៩៧៤ ក្នុងទីក្រុងភ្នំពេញ។ ឈានចូលរបបខ្មែរក្រហមឆ្នាំ១៩៧៥ គាត់ត្រូវបានបែកពីគ្រួសារ ចេញទៅរស់នៅតែ២នាក់ប្ដី-ប្រពន្ធ។ សាមិត និងប្រពន្ធ គឺជាប្រជាជនថ្មីដែលត្រូវបានយោធាខ្មែរក្រហមជម្លៀសពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បន្ទាប់ពីត្រូវជម្លៀសទៅដល់ខេត្តកណ្ដាល យោធាខ្មែរក្រហមបានចាត់តាំងឲ្យ សាមិត រែកដី, លើកប្រព័ន្ធភ្លឺស្រែ, ជីកប្រឡាយ និងគាស់គល់ឈើ។ អង្គការបានចាត់តាំងឲ្យសាមិតធ្វើការជាក្រុម ដោយក្នុង១ក្រុមមានសមាជិក១០នាក់ ហើយក្នុង១ថ្ងៃធ្វើការ៨ម៉ោង ពីម៉ោង៦ព្រឹកដល់ម៉ោង១១ព្រឹក និងម៉ោង១រសៀលដល់ម៉ោង៥ល្ងាច។ របបអាហារដែល​សាមិត​ទទួលបានគឺ២ពេលក្នុងថ្ងៃ។ អាហារដែលទទួលបានគឺជាបបររាវ មានទឹកច្រើនជាងគ្រាប់អង្ករ។

ប្រធានកងដែលតែងតែបញ្ជាឲ្យ សាមិត និងសមាជិកធ្វើការមានឈ្មោះ វុន(ស្លាប់) និង វ៉ាន។ គាត់បាននិយាយបន្ថែមថា ប្រធានកងបានឲ្យគាត់ខិតខំធ្វើការងារឲ្យគ្រប់តាមផែនការ ប្រសិនជាធ្វើមិនគ្រប់នោះទេ នឹងត្រូវចាត់ទុកថាជាខ្មាំងរបស់អង្គការ សូម្បីតែនិយាយគ្នាលេងនៅពេលធ្វើការក៏ត្រូវចោទថាជាខ្មាំងដែរ។ ចំណុចនេះ បញ្ជាក់ ថា ប្រជាជនកម្ពុជាគ្រប់រូប គ្មានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីនោះទេ ដោយ​សូម្បីតែបងប្អូនបង្កើតក៏ត្រូវធ្វើជាមិនស្គាល់គ្នានៅកន្លែងការងារដែរ។

នៅក្នុងរបបខ្មែរក្រហម សាមិត មិនធ្លាប់ឃើញខ្មែរក្រហមស្លាប់មនុស្សដោយផ្ទាល់ឡើយ ព្រោះនៅក្នុងរបបនោះការសម្លាប់មនុស្សធ្វើឡើងដោយអាថ៌​កំបាំង។ កងឈ្លប បានចាប់មនុស្សទៅម្ដងៗចន្លោះពី៣០-៤០នាក់។ គាត់បានបន្ថែមថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនជាច្រើននាក់ត្រូវកងឈ្លបសម្លាប់ ដោយមិនមានកំហុស។ នៅពេលនោះឲ្យតែប្រជាជនណាម្នាក់ដែលត្រូវបានកងឈ្លបនាំខ្លួនទៅ ក្នុងរយៈពេល១ថ្ងៃ១យប់ហើយមិនឃើញត្រលប់មកវិញ គឺមានន័យថាប្រជាជននោះត្រូវបានកងឈ្លបសម្លាប់ចោល។

ហេតុផលចម្បងដែលអង្គការប្រើប្រាស់ នៅពេលដែលនាំខ្លួនប្រជាជនទៅ គឺយកទៅលើកទំនប់ ជីកប្រឡាយ, ទៅស្ទូងស្រូវ ឬធ្វើការងារផ្សេងទៀតនៅសហករណ៍តំបន់ផ្សេង ព្រោះនៅទីនោះខ្វះខាតកម្លាំងការងារ។ សាមិត តែងគិតថាការ​លើកឡើង​របស់កងឈ្លប ដែលថា “ប្រមូលប្រជាជនទៅធ្វើការនៅកន្លែងថ្មី” គឺជាការពិត ដូច្នេះ គាត់បានស្នើសុំកងឈ្លប ទៅកន្លែងថ្មីដែរ ប៉ុន្តែកងឈ្លបមិនបានអនុញ្ញាតនោះទេ ព្រោះឈ្មោះរបស់ សាមិត មិនទាន់ដល់ថ្ងៃដែលត្រូវចាប់យកទៅ។

អន មុត អតីតទាហាន លន់ នល់ ត្រូវជាបងប្រុសបង្កើតរបស់ សាមិត បានបាត់ខ្លួនតាំងពីរបបខ្មែរក្រហមមកដល់ពេលបច្ចុប្បន្ន។ សាមិត មិនធ្លាប់ទទួលបានដំណឹងថាគាត់នៅមានជីវិត ឬស្លាប់នោះទេ។ ចំណែកឪពុករបស់គាត់ឈ្មោះ អន មុត ត្រូវបានកងឈ្លបចាប់យកទៅសម្លាប់ ដោយប្រាប់សមាជិកគ្រួសារថា នាំគាត់ទៅសង់ទន្លេបាទី និងសង់សាលាបង្រៀនផ្នែកអភិវឌ្ឍន៍ជនបទ៕

សម្ភាសន៍ដោយ៖ កេត ស្រីនុត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin