ទូច សោភ័ណ្ឌ៖ រូបថតកប់ក្រោមដើមក្រូចពោធិ៍សាត់

(កណ្ដាល)៖ ទូច សោភ័ណ្ឌ ភេទស្រី មានអាយុ ៤៧ឆ្នាំ។ សោភ័ណ្ឌ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សោភ័ណ្ឌ មានភូមិកំណើតនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សោភ័ណ្ឌ មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។
នៅរបប លន់ នល់ ឪពុករបស់សោភ័ណ្ឌ ជាទាហាន លន់ នល់ ផ្នែកឆ័ត្រយោង។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ម្ដាយរបស់សោភ័ណ្ឌ បានយករូបថតរបស់ឪពុកគាត់ទៅកប់ក្រោមដើមក្រូចពោធិ៍សាត់។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សោភ័ណ្ឌទៅរស់នៅនិងធ្វើការនៅខេត្តពោធិ៍សាត់។ ក្រោយមកខ្មែរក្រហមជម្លៀសគ្រួសាររបស់សោភ័ណ្ឌ ទៅរស់នៅខេត្តបាត់ដំបង និងប៉ៃលិន។
នៅទីនោះ ឪពុករបស់សោភ័ណ្ឌធ្វើជាចុងភៅនៅរោងបាយ។ ចំណែកម្ដាយរបស់សោភ័ណ្ឌ ធ្វើការនៅក្នុងក្រុមត្បាញ។ ក្រោយមកម្ដាយរបស់សោភ័ណ្ឌ ត្រូវទៅដកស្ទូង និងច្រូតស្រូវ។ ម្ដាយរបស់សោភ័ណ្ឌ តែងតែប្រាប់សោភ័ណ្ឌអំពីការនឿយហត់ និងការតាមដានរបស់ឈ្លប។ ម្ដាយសោភ័ណ្ឌ និយាយថា ឈ្លបតែងតែស៊ើបអង្កេតអំពីប្រវត្តិរូបឪពុករបស់គាត់។
សោភ័ណ្ឌ ដែលមានអាយុប្រហែល៥ឆ្នាំ ត្រូវធ្វើការនៅក្នុងកងកុមារ។ គាត់ត្រូវរែកអាចម៍គោ សម្រាប់ធ្វើជី និងដើរបេះត្រកួន។ សោភ័ណ្ឌ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នៅពេល សោភ័ណ្ឌ ទៅសម្រាកនៅផ្ទះ ម្ដាយរបស់សោភ័ណ្ឌតែងតែលួចគាស់ដំឡូងដែលដាំជុំវិញផ្ទះទុកឲ្យគាត់ហូប។ សោភ័ណ្ឌ ចងចាំថា គាត់ត្រូវខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយរបស់គាត់ ដោយគាត់ត្រូវរស់នៅក្នុងកងកុមារ។ ចំណែកប្អូនប្រុសរបស់គាត់ ត្រូវទៅធ្វើការក្នុងកងកុមារមួយផ្សេងទៀត។ បងប្អូនរបស់គាត់ចំនួន២នាក់ ក្នុងនោះមានស្រីម្នាក់ បានបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាម។ សោភ័ណ្ឌ និយាយថា បងប្អូនរបស់គាត់ទាំង២នាក់ ស្លាប់ដោយសារគ្មានថ្នាំព្យាបាល។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់សោភ័ណ្ឌ បានចាកចេញពីប៉ៃលិនមករស់នៅកោះធំ និងកោះទៀវ។ សោភ័ណ្ឌ និយាយថា គាត់ត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេលជាងមួយខែ ទើបគាត់មកដល់កោះទៀវ។ ក្រោយមក គ្រួសាររបស់សោភ័ណ្ឌ បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ៕
សម្ភាសន៍ដោយ ស៊ុង ស្រីហួន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

