គ្រូពេទ្យគ្មានជំនាញ

(បាត់ដំបង)៖ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនមូលដ្ឋាន ដែលអង្គការ ចាត់តាំងឲ្យធ្វើការងារជាគ្រូពេទ្យ។ ប្រជាជនដែលត្រូវចាត់តាំងគឺមានរយៈពេលរៀនជំនាញព្យាបាលយ៉ាងយូរត្រឹមតែ៦ខែប៉ុណ្ណោះ រួចត្រូវចេញអនុវត្តព្យាបាលអ្នកជំងឺជាក់ស្តែង​បន្ទាប់ពីរៀនចប់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តបាត់ដំបង។ ទួន ធឿប ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅឆ្នាំ១៩៧០ ធឿប និងគ្រួសារ មានផលលំបាកខ្លាំងព្រោះនៅពេលនោះមានការទម្លាក់គ្រាប់បែក។ ទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធផ្សេងៗត្រូវបំផ្លាញដោយសារគ្រាប់បែក ព្រមទាំងបានសម្លាប់ជីវិតប្រជាជនជាច្រើន​។

ឆ្នាំ១៩៧៥ ធឿប ជាប្រជាជនមូលដ្ឋាន រស់នៅភូមិតាគ្រាម ឃុំសំពៅ ស្រុកបាណន ខេត្តបាត់ដំបង។ អង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងកងចល័ត រែកដីនៅអាងកំពីងពួយ។ កម្មករដែលធ្វើការនៅក្នុងអាងកំពីងពួយ បានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ព្រោះតែមិនមានអាហារហូបគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះកម្មករទាំងអស់ធ្វើការងារច្រើនហួសពីកម្លាំង ព្រមទាំងសម្រាកមិនគ្រប់គ្រាន់។

ប្រជាជនកម្ពុជា នៅក្នុងរបបនោះមានរូបរាងស្គមស្គាំង ស្បែកដណ្ដប់ឆ្អឹង។ ជារៀងរាល់ថ្ងៃ ប្រជាជននៅក្នុងសហករណ៍ហូបតែបបររាវ ដែលអង្គការបានកំណត់ចែកឲ្យម្នាក់ក្នុង​បរិមាណ​៣វែកក្នុងមួយពេល។ ប្រជាជនជាច្រើនមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ប៉ុន្តែខិតខំទៅធ្វើការនៅសហករណ៍ ព្រោះខ្លាចអង្គការបង្អត់អាហារ។

ពាក់ព័ន្ធនឹងការព្យាបាលជំងឺ ប្រជាជនទាំងអស់មិនសូវទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញឡើយ។ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ក៏មិនទទួលបានការបណ្ដុះបណ្ដាលជំនាញព្យាបាលអ្នកជំងឺបានជ្រៅជ្រះដែរ។ ការបណ្ដុះបណ្ដាលមានរយៈពេលខ្លី ចន្លោះពី៣ខែ ទៅ៦ខែ ហើយគ្រូពេទ្យនៅអំឡុងពេលនោះ ត្រូវធ្វើការព្យាបាលដោយអនុវត្តផ្ទាល់លើអ្នកជំងឺ។ ម្យ៉ាងវិញទៀត នៅក្នុងរបបនោះ គឺមិនសូវសម្បូរគ្រូពេទ្យឡើយ នៅក្នុងមួយសហករណ៍ មានគ្រូពេទ្យប្រមាណជា១០នាក់ប៉ុណ្ណោះ។

ខ្មែរក្រហម បានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើននាក់ មានទាំងកូនក្មេង វ័យជំទង់ ចាស់ជរា និងស្រ្តីមានផ្ទៃពោះ។ សមាជិកគ្រួសាររបស់មន្រ្តីរាជការ គ្រូបង្រៀននៅក្នុងរបប លន់ នល់ (របបសង្គមចាស់) ត្រូវខ្មែរក្រហមតាមដាន និងសម្លាប់ចោល ពីព្រោះខ្មែរក្រហម គិតថាអ្នកទាំងនោះគឺជាអ្នកមូលធននិយម ដែលតែងតែកេងប្រវ័ញ្ច និងកៀបសង្កត់លើប្រជាជនក្រីក្រ។

ធឿប ធ្លាប់បានឃើញកងឈ្លបខ្មែរក្រហមចាប់ខ្លួនប្រជាជន ប៉ុន្តែគាត់មិនបានដឹងទេថា កងឈ្លបចាប់យកទៅសម្លាប់ឬយ៉ាងណា​។ មួយរយៈក្រោយមកទើបគាត់ដឹងថា ប្រជាជនដែលកងឈ្លបចាប់ខ្លួនយកទៅទាំងអស់នោះ គឺត្រូវបានសម្លាប់។ អង្គការ តែងតែបញ្ជូនកងឈ្លប តាមដានប្រជាជននៅពេលយប់ ព្រោះខ្លាចមានប្រជាជននិយាយពីចំណុចមិនល្អរបស់អង្គការ។

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ រឿងរ៉ាវដែល ធឿប បានឆ្លងកាត់នៅក្នុងរបបនោះទាំងប៉ុន្មាន គឺគាត់ព្យាយាមបំភ្លេចចោល។ របបនោះ ធ្វើឲ្យគាត់ឈឺចាប់ ជាពិសេស បានសម្លាប់ឪពុករបស់គាត់ ដូច្នេះហើយគាត់មិនចង់ឲ្យភាពឈឺចាប់នោះកើតមានឡើងម្ដងទៀតឡើយ៕

សម្ភាសន៍ដោយ៖ ខែន ប្រណិត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin