ទុយ លីម ៖ ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ផ្លោងរបស់ទាហានថៃ

ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង សម្ភាសន៍ ជាមួយ ទុយ លីម នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

«ពេលភៀសខ្លួនតាម្នាក់ស្លាប់ដោយសារត្រូវគ្រាប់ទាហានថៃផ្លោង នៅពេលធ្វើដំណើរជិតមកដល់វត្តកំពង់ស្រឡៅ ព្រំប្រទល់ប្រទេសឡាវ។ ទាហានថៃ បានផ្លោងគ្រាប់បែកចំគោយន្តលើកន្លែងអ្នកបើកបណ្ដាលឱ្យតាម្នាក់អាយុប្រហែលជាង៥០ឆ្នាំស្លាប់ និងបុរសម្នាក់ទៀតត្រូវរបួសដៃ និងឆេះហ្គារ៉ាស់សាំង ថ្នល់កែងក្បែរផ្លូវចូល វត្តកំពង់ស្រឡៅ។ គ្រួសារគ្រោះថ្នាក់នោះមកពីត្រពាំងប្រៃយ៍ ជិតច្រកមុំ៣។  ខ្ញុំភ័យនិងមានជំងឺខ្សោយមិនបានមើលច្បាស់មានមនុស្សជិះនៅលើគោយន្តប៉ុន្មាននាក់ទេ។» នេះគឺជាការលើកឡើងរបស់ជនភៀសសឹកមកពីភូមិ៣៩៣ ដែលភូមិនេះមានសុទ្ធតែប្រពន្ធទាហានរស់នៅ៖

ខ្ញុំឈ្មោះ ទុយ លីម[1] ​ អាយុ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្វាយសុខោ សង្កាត់ស្វាយសុខោ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានទីលំនៅបច្ចុប្បន្ននៅភូមិសែនរុងរឿង២ឬហៅថាភូមិ៣៩៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ខ្ញុំបានទៅរស់នៅភូមិសែនរុងរឿង២ តាមប្ដីរបស់ខ្ញុំកាលពីឆ្នាំ២០០៨។ កាលនោះផ្លូវទៅផ្ទះរបស់ខ្ញុំលំបាកណាស់ធ្វើដំណើរឈប់ពីរឬបីដំណាក់ទំរាំដល់ផ្ទះ។ ពេលខ្ញុំមកលេងម្ដាយនៅព្រៃវែង និងត្រឡប់ទៅផ្ទះវិញម្ដងៗគឺត្រូវជិះឡានពីខេត្តព្រៃវែងរហូតដល់ខេត្តសៀមរាប ហើយបានជិះឡានបន្តពីខេត្តសៀមរាបទៅដល់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរកគោយន្តឈ្នួលជិះបន្តទៅផ្ទះព្រោះឡានបើកមិនដល់ទេ។ កាលអំឡុងឆ្នាំ២០០៨ អង្គភាពកងទ័ពបានបញ្ជូនប្ដីខ្ញុំទៅខណៈពេលនោះខ្មែរមានជម្លោះរឿងប្រាសាទព្រះវិហារជាមួយថៃ។ ប្ដីខ្ញុំមានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីគ្រួសារខ្ញុំមករស់នៅភូមិសែនរុងរឿង២ រដ្ឋបានចែកដីធ្លីឱ្យគ្រួសារទាហានទាំងអស់ក្នុងម្នាក់ទទួលបានដីចំនួន២ហិកតាដែលយើងអាចធ្វើស្រែដាំដុះសម្រាប់ចិញ្ចឹមជីវិត។

បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងសម្ភាសន៍អ្នកភៀសសឹក

កាលមិនទាន់ផ្ទុះសង្រ្គាមខ្មែរ-ថៃ នៅពេលដល់វេនប្ដីខ្ញុំសុំច្បាប់មកលេងផ្ទះគាត់តែងយកបន្លែទៅទុកហូបនៅបន្ទាយមុំ៣ ឬពេលខ្លះខ្ញុំដឹកយកទៅឱ្យប្ដីខ្ញុំ និងឱ្យគាត់ចុះពីលើភ្នំមកយក។  ប្ដីខ្ញុំឈ្មោះ លឹម សានី ​អាយុ៥៧ឆ្នាំគឺជាអនុសេនីយ៍ទោលក្នុងវរសេនាតូច៣៩៣ កងពលតូចលេខ៩ ឈរជើងនៅតំបន់មុំ៣ ដែលមានចម្ងាយពីផ្ទះខ្ញុំរស់នៅប្រមាណជា៤០គីឡូម៉ែត្រ។ ប្ដីខ្ញុំគាត់កាន់កាំភ្លើងអាកា(AK) និងកាំភ្លើងខ្លីនៅសមរភូមិ។ នៅថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៥ នៅពេលព្រឹកមានការផ្ទុះអាវុធរវាងកងកម្លាំងថៃ និងកម្ពុជា។ ខ្ញុំមិនទាន់រត់ភៀសខ្លួនភ្លាមទេឱ្យប្អូនស្រីខ្ញុំនាំកូនខ្ញុំ និងក្មួយៗភៀសខ្លួនទៅមុន។ ខ្ញុំនៅរង់ចាំមើលស្ថានភាពសិន។ ខ្ញុំ និងអ្នកភូមិផ្សេងទៀតនៅអង្គុយជុំគ្នាផ្ទះមេភូមិ និងនិយាយជាមួយគ្នាថាពេលយប់ចាំមកដេកនៅផ្ទះមេភូមិទាំងអស់គ្នា បើយ៉ាងម៉េចរត់ទៅជាមួយគ្នា។  កំពុងតែនិយាយៗឮគ្រាប់ខាងខ្មែរយើង៤០កាណុង ផ្លោងមុខផ្ទះសំឡេង ឭសូរសឹមៗ ឌុង ឌុង ឡើងទ្រហឹងខ្ញុំរត់រកលេណដ្ឋានមិនឃើញ តាមពិតផ្ទះមេភូមិមានតែខ្ញុំភ័យរកលេណដ្ឋានលាក់ខ្លួនមិនឃើញ។ ​អ្នកភូមិខ្លះរត់ចោលកូន អ្នកខ្លះរកស្បែកជើងមិនទាន់។ ខ្ញុំស្រែកសួរគ្នាថាខាងណា? ខាងយើងឬខាងគេ? មេភូមិថា បើអាធំយើងបាញ់ទៅហើយគួរតែជម្លៀសទៅខ្លាចថៃ បាញ់គ្រាប់អាធំមកដែរ។ នៅម៉ោង៣និង០០នាទីរសៀល នៅថ្ងៃទី២៤ ខែកក្កដា ខ្ញុំចាប់ផ្ដើមរត់ភៀសខ្លួនដែរ។ ខ្ញុំបានសុំម៉ូតូអ្នកជិតខាងជិះ និងជួយចេញថ្លៃសាំងគេ។ ដោយសារហេតុការណ៍បន្ទាន់ពេកសូម្បីខោអាវត្រៀមទុកក៏មិនបានយកមកដែរ ស្រវាបានតែតង់មួយប៉ុណ្ណោះ។ ស្ថានភាពនៅពេលនោះ ច្របូកច្របល់ ទាំងអ្នកភូមិខ្ញុំ អ្នកស្រុកជាំក្សាន្តជម្លៀសទៅទាំងអស់គ្នា។

ធ្វើដំណើរយូរគួរសមបានមកដល់វត្តកំពង់ស្រឡៅ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ[2] ដែលមានជនភៀសសឹករាប់ម៉ឺននាក់សម្រាកនៅទីនោះហើយខ្ញុំបានជួបប្អូននិងកូននៅវត្តកំពង់ស្រឡៅដែរ។ យើងសម្រាកបានរយៈពេល១យប់ នៅក្រោមសាលាឆាន់ វត្តកំពង់ស្រឡៅ។ ព្រះសង្ឃបានទទួលជនភៀសសឹកទាំងអស់ ដោយតភ្លើងបំភ្លឺ និងផ្តល់អង្ករ និងទឹក សម្រាប់ដាំបាយហូប​។ នៅថ្ងៃបន្ទាប់ជនភៀសសឹកទាំងអស់រួមទាំងសមាជិកគ្រួសារខ្ញុំ ដែលមានប្អូនស្រីខ្ញុំ និងកូនរបស់គេចំនួន៣នាក់ក្នុងនោះមានខ្វិនជើងម្នាក់ និងកូនខ្ញុំ បានសុំគោយន្តអ្នកជិតខាតធ្វើដំណើរបន្តទៅវត្តដើមពោធិ៍៥០០០ដើម។ ក្នុងខ្លួនខ្ញុំមានលុយតែចំនួន៥ម៉ឺនរៀលតែប៉ុណ្ណោះ ខ្ញុំបានទាក់ទងមកបងប្អូនដើម្បីផ្ញើលុយឱ្យ​ខ្ញុំបន្ថែមសម្រាប់ទុកចាយវាយតាមផ្លូវតែដោយសារស្រុកទេសច្របូកច្របល់ សេវាកម្មដកលុយវីង(Wing) នៅតាមផ្លូវជិតព្រំដែនបិទទ្វារខ្ញុំមិនអាចដកលុយបានទេទាល់ដល់ទីរួមខេត្តព្រះវិហារ។

មកដល់ដើមពោធិ៍៥០០០ដើម គ្រួសារខ្ញុំជួបការលំបាកយ៉ាងខ្លាំងដោយសារមនុស្សប្រុសសុទ្ធតែនៅសមរភូមិមុខ មិនមានអ្នកណាចេះជីកបង្គោលធ្វើរោងសមរម្យសម្រាប់ស្នាក់នៅបណ្ដោះអាសន្នទេ។ នៅពេលយប់មេឃភ្លៀងពួកយើងមិនបានដេកនោះទេនៅហាលភ្លៀង។ ព្រឹកឡើងយើងបានទទួលរបបអាហារខ្លះ ដូចជាមី, ត្រីខ និងអង្ករ។ ចំណែកទឹកមិនមានប្រើប្រាស់គ្រប់គ្រាន់។ ខ្ញុំមិនបានងូតទឹកទេរយៈពេលដែលខ្ញុំស្នាក់នៅពោធិ៍៥០០០ដើម។ ស្ថានភាពទីនេះរស់នៅលំបាលពេក និងខ្លាចក្មេងតូចៗឈឺប្អូនថ្លៃខ្ញុំបានទាក់ទងទៅមីងរស់នៅ ខេត្តកំពង់ធំ មកទទួលក្មួយៗ។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី[3] នាំយកអំណោយកាកបាទក្រហមកម្ពុជា​ ចែកជូនដល់ជនភៀសសឹក នៅវត្តពោធិ៍៥០០០ដើម។ ខ្ញុំមិនទៅទទួលទេព្រោះម្ដាយមីងមកទទួលខ្លាចគាត់ទៅចោល ប៉ុន្តែកូនស្រីពៅរបស់ខ្ញុំថាវាអ្នកទៅយក មានត្រីខ, មី, អង្ករ, មុង, ភួង និង ថវិកាខ្លះ។ ម៉ោងប្រហែលជា១១ព្រឹក មីង បានមកយកពួកយើងនៅពោធិ៍៥០០០ដើម ខ្ញុំពិតជារំភើបខ្លាំងណាស់ ភ្លេចទាំងអង្ករត្រីខ មី ដែលជាអំណោយទៀតផង។ បន្តដំណើររហូតដល់ម៉ោង៣រសៀលទើបដល់ខេត្តកំពង់ធំ។ ខ្ញុំស្នាក់នៅផ្ទះម្ដាយមីងរយៈពេល២យប់ ម្ដាយមីងឱ្យស្នាក់នៅបន្តទៀតតែខ្ញុំក្រែងចិត្តគាត់ក៏សុំគាត់ត្រឡប់មកផ្ទះម្ដាយនៅខេត្តព្រៃវែង។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានមកស្នាក់នៅជាបណ្ដោះអាសន្តជាមួយម្ដាយ នៅភូមិស្វាយសុខោ សង្កាត់ស្វាយសុខោ ក្រុងព្រៃវែង ខេត្តព្រៃវែង។  ខ្ញុំចង់ត្រឡប់ទៅមើលផ្ទះសម្បែង មាន់ ទា ប៉ុន្តែប្ដីខ្ញុំថា សភាពការណ៍មិនទាន់ស្រួលទេ ចាំមើលរយៈពេលពីរឬបីថ្ងៃទៀតសិន។ ចំណែកកូនខ្ញុំបានចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅសាលាអនុវិទ្យាល័យស្វាយសុខោ។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ ជាមួយ ទុយ លីម រស់នៅភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

[2] ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់,«បញ្ជីរាយនាមភូមិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា», បញ្ជីរាយនាមភូមិសាស្រ្តប្រទេសកម្ពុជា_២០២៣.pdf ,ខែតុលា ឆ្នាំ២០២៣,ទំព័រ២៧៥។

[3] ក្រសួងព័ត៌មាន,«សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នាំយកអំណោយកាកបាទក្រហមកម្ពុជា​ ចែកជូនដល់ជនភៀសសឹក នៅវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ»,នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, https://www.information.gov.kh/articles/165405,ចូលមើលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin