គ្រួសារខ្ញុំមានជីវិតពីរបបខ្មែរក្រហមដោយសាររត់ទៅប្រទេសវៀតណាម

នៅឆ្នាំ១៩៧៧ សៀត និងគ្រួសារ បានរត់គេចពីរបបខ្មែរក្រហម ទៅជំរំជនភៀសខ្លួនប្រទេសវៀតណាម។ ​ប្រជាជនដែលរត់គេចមួយចំនួនជាមួយគាត់ត្រូវបានយោធាខ្មែរក្រហមសម្លាប់ពេលដែលកៀរឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេប និងការរៀបរាប់របស់អ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលបានរត់គេចទៅប្រទេសវៀតណាមកាលពីជាងសែសិបឆ្នាំ​មុន៖

អុក សៀត ហៅ ទិត សៀត ភេទប្រុស អាយុ៦៩ឆ្នាំ (ឆ្នាំ២០១៨) មានស្រុកកំណើត និងរស់នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។[1] សៀត មានប្រពន្ធឈ្មោះ ពីន សារ៉ាន និងមានកូន១១នាក់ ស្រី៤នាក់ ប្រុស៧នាក់។ សៀត មានម្តាយឈ្មោះ ម៉ុក រ៉ន និងឪពុកឈ្មោះ អុក ទិត អ្នកទាំងពីរបានស្លាប់។ សៀត ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូន៦នាក់ ស្រី៣នាក់។

នៅឆ្នាំ១៩៦៥ សៀត បានឈប់រៀននៅថ្នាក់ទី១០ (សង្គមចាស់) ដើម្បីជួយធ្វើស្រែឪពុក​ម្តាយ​។ នៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨ សៀត បានបួសជាព្រះសង្ឃដោយគង់នៅវត្តពាមអំពិល។ នៅឆ្នាំ១៩៧០ គាត់បានរៀបការជាមួយស្រ្តីម្នាក់ជាកូនមេភូមិតាប៉ោង។ ពិធីរៀបការរបស់ សៀត រៀបចំឡើងនៅលើផ្ទះដោយសារតែក្នុងភូមិនៅពេលនោះមានការទម្លាក់គ្រាប់បែកជាញឹកញាប់។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់​សម្ដេច ព្រះ​នរោ​​ត្ដម សីហនុ នៅពេលនោះ សៀត បានឃើញក្នុងភូមិតាប៉ោង ឃុំសង្កែ ស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) មានទាហាន លន់ នល់ ចូលមកកាន់កាប់ក្នុងភូមិ។ យោធាខ្មែរក្រហម និងទាហាន លន់ នល់ ទាំងនោះតែងតែប្រយុទ្ធគ្នាជារឿយៗដើម្បីកាន់កាប់ភូមិ និងកន្លែងផ្សេងៗទៀតក្នុងស្រុកសំរោង បណ្តាល​ឲ្យការរស់នៅរបស់ប្រជាជនជួបការលំបាក។

នៅឆ្នាំ១៩៧១ សៀត បានចូលបដិវត្តន៍ជាមួយចលនាខ្មែរក្រហមដោយចូលព្រៃម៉ាក់គី តាមការអំពាវនាវរបស់​សម្ដេច ​ព្រះនរោត្ដម សីហនុ សៀត មានគោលបំណងដើម្បីស្តាររបប​សង្គមរាស្រ្តឡើងវិញ។ នៅក្នុងរណសិរ្សព្រៃកំពង់ត្រាចនៅពេលនោះ សៀត បានឃើញជនបដិវត្តន៍ទាំងនោះជួប​ការលំបាកជាខ្លាំង ទាំងការហូបចុក និងកន្លែងស្នាក់នៅ។ គាត់ក៏សម្រេច​ចិត្តឈប់ធ្វើបដិវត្តន៍ និងបានត្រលប់មកផ្ទះវិញ។ សៀត និយាយថាពេលនោះមិនទាន់មានភាពតឹងរឹង​ក្នុងការលាឈប់ពីបដិវត្តន៍នោះទេ។ មកដល់ភូមិវិញ សៀត បានឃើញយៀកកុង​ (វៀតណាមខាងត្បូង) ដែលគាំទ្រចលនាខ្មែរក្រហមបានចូលមកកាន់កាប់នៅក្នុងភូមិដោយបានបណ្តេញទាហាន លន់ នល់ ទើបបណ្តាលឲ្យក្នុងភូមិ និងតាមតំបន់ព្រំដែន វៀតណាម-កម្ពុជា មានការទម្លាក់គ្រាប់បែកកាន់តែខ្លាំងឡើងៗ។

នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស។ នៅភូមិតាប៉ោង សៀត បានឃើញប្រជាជនជម្លៀសមកពីភ្នំពេញ និងទីរួមខេត្តស្វាយរៀង ជាច្រើនមករស់នៅ តាមកង និងសហករណ៍នានាក្នុងភូមិ។ ប្រជាជនជម្លៀសដែលមកដល់ត្រូវបានខ្មែរក្រហមរើសអើង និងចាត់ទុកជា “ប្រជាជនថ្មី”។ ប្រជាជនថ្មី ត្រូវបានតាមដាន និងធ្វើប្រវត្តិរូបម្តងហើយម្តងទៀត ហើយអ្នកដែល​ជាប់ពាក់ព័ន្ធនឹងរបប លន់ នល់ ដូចជាទាហាន មន្រ្តីរាជការ និងគ្រូបង្រៀន ត្រូវបាននាំយកទៅឃុំ​ខ្លួន និងសម្លាប់នៅមន្ទីរសន្តិសុខកំពង់អំពិល។ អ្នកទាំងនោះត្រូវបានអង្គការចោទប្រកាន់ថាជាគិញ​សម្ងាត់ លន់ នល់។ ចំណែកសមាជិកគ្រួសាររបស់អតីត​មន្រ្តីរាជការទាំងនោះត្រូវបានអង្គការបន្តតាមដាន​​។

ទោះបីជាខ្មែរក្រហមបានអះអាងថា ខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយភាពស្មើគ្នា​ និងលុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវការបែងចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ “ប្រជាជនមូលដ្ឋាន” និង “ប្រជាជនថ្មី”។  ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ជាប្រជាជនពេញសិទ្ធិអាចក្លាយជាប្រធានសហករណ៍ មេភូមិ និងប្រធានកងជាដើម​។ ចំណែកប្រជាជនថី្ម គឺជាជន “បញ្ញើក្អែក” គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រជាជនថ្មីទទួលរងទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់ ប៉ុន្តែទំហំនៃអំពើឃោរឃៅមានកម្រិតខុសគ្នាពីតំបន់មួយទៅតំបន់មួយ​ទៀត​។​[2]

សៀត ក្នុងនាមជាប្រជាជនចាស់មិនត្រូវបានអង្គការរើសអើងនោះទេ ប៉ុន្តែការរស់នៅក៏មិនងា​យ​ស្រួលដូចរបប លន់ នល់។ អង្គការបានប្រើ សៀត ឲ្យធ្វើជីលាមកមនុស្ស ក្នុងសហករណ៍​។ គាត់ត្រូវងើបនៅម៉ោង៤ទៀបភ្លឺ ដើម្បីប្រមូល​លាមកតាមបង្គន់ក្នុងភូមិយកមកហាល និងលាយជាមួយដីដំបូក។ សៀត បានឃើញទិន្នផលស្រូវយ៉ាងច្រើនត្រូវបានរក្សាទុកនៅសហក​រណ៍តាប៉ោង​។ ផ្ទុយទៅវិញប្រធានសហករណ៍បានប្រាប់ថាទិន្នផលស្រូវទាំងនោះថ្នាក់លើឲ្យរក្សាទុកសម្រាប់ដឹកចេញ។ ក្នុងផែនការ៤ឆ្នាំ(១៩៧៧-១៩៨០) របបខ្មែរក្រហមបានបែងចែកទិន្នផលស្រូវ​ជា៤ចំណែកគឺទី១-ស្រូវសម្រាប់ទុកហូបប្រចាំថ្ងៃ ទី២-ស្រូវសម្រាប់ទុកធ្វើពូជ ទី៣-ស្រូវរក្សាទុកសម្រាប់ជាស្បៀង និងទី៤-ស្រូវសម្រាប់ទុកលក់ទៅបរទេសដើម្បីប្តូរយករូបិយប័ណ្ណបរទេស ទិញម៉ាស៊ីនសម្រាប់ធ្វើស្រែចម្ការ និងទិញសព្វាវុធ (ចំណែកនេះមានចំនួនច្រើនជាងគេទើបធ្វើឲ្យស្រូវនៅសហករណ៍ត្រូវបានដឹកចេញស្ទើរតែអស់)។[3]

សៀត និយាយថា៖ រោងបាយនៅសហករណ៍គាត់ទទួលបានតែរបបអង្ករ៤ ទៅ១០ កំប៉ុងប៉ុណ្ណោះក្នុងមួយថ្ងៃដែលរបបនេះមិនគ្រប់គ្រាន់ទេ។ ពេលអង្គការប្រើគាត់ឲ្យទៅបុកស្រូវគាត់តែងតែលួចលាក់កន្ទក់ដើម្បីហូបបន្ថែម។

សៀត បន្តថា “គ្មានអាហារហូបឆ្អែតទេក្នុងរបបខ្មែរក្រហម​។ របបអង្ករដែលទទួលបានគឺត្រឹមតែយកទៅបបរប៉ុណ្ណោះ។ កាលពីជំនាន់ហ្នឹង​កន្ទក់ហូបទៅផ្អែមណាស់។ ប្រសិនបើលួចលាក់កន្ទក់ហូបអង្គការតាមទាន់អាចទុកជីវិតខ្លះ តែបើសិនលួចលាក់អង្ករវិញដឹងតែស្លាប់ហើយ បើអង្គការតាមទាន់​ គាត់បានបន្ថែម។”

នៅចុងឆ្នាំ១៩៧៥ សៀត ត្រូវបានកងឈ្លបខ្មែរក្រហមចាប់ដាក់គុករយៈពេល១ខែ ដោយសារតែធ្វើឲ្យផ្ទុះគ្រាប់បែកដែលគាត់បានរក្សាទុកនៅពេលប្រទះឃើញពេលទៅស្ទូចត្រី។ គ្រាប់បែកផ្ទុះនោះបានបណ្តាលឲ្យបងប្រុស និងយុវជនម្នាក់ស្លាប់​។ ក្រោយហេតុការណ៍ផ្ទុះនោះ កងឈ្លបខ្មែរក្រហមបានចុះមកចាប់គាត់យកទៅឃុំនៅគុកទួលច្រេស ស្ថិតនៅក្នុងភូមិតាប៉ោង។ គាត់ជាប់ឃុំអស់រយៈពេលប្រហែល១ខែ ក៏ត្រូវបានដោះលែងវិញដោយសារមានការធានាពីឪពុកក្មេករបស់គាត់ដែលជាអ្នកគ្រប់គ្រងម្នាក់ក្នុងសហករណ៍តាប៉ោង។​

នៅឆ្នាំ១៩៧៦ អង្គការបានផ្លាស់ប្តូរឪពុកក្មេករបស់ សៀត ឲ្យទៅជាប្រជាជនសាមញ្ញធម្មតា និងបានតែងតាំង ឈ្មោះ ប៉ែន ថន ជំនួស និងឈ្មោះ តា ណន ជាប្រធានរោងបាយ។

នៅចុងឆ្នាំ១៩៧៧ សៀត បានដឹងដំណឹងថាអង្គការមានគម្រោងជម្លៀស គាត់ ប្រពន្ធ និងកូន៣នាក់ ឲ្យទៅរស់នៅភូមិភាគពាយ័ព្យគឺ​ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ដោយសារខ្លាចការជម្លៀសនេះ សៀត ប្រពន្ធនិងកូន៣នាក់ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាក្នុងឆ្នាំដដែល​នោះដើម្បីភៀសខ្លួនទៅប្រទេសវៀតណាមជាមួយជនភៀសខ្លួនជាច្រើនរយគ្រួសារផ្សេងទៀត។​ សៀត និយាយថាការជម្លៀសនេះមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាមទើបការភៀសខ្លួននោះទទួលបានជោគជ័យ ប៉ុន្តែក៏មានជនភៀសខ្លួនខ្លះក៏ត្រូវបានយោធាខ្មែរក្រហមតាមទាន់ និងបាញ់សម្លាប់​អស់ជាច្រើន។ សៀត បានធ្វើដំណើរតាមផ្លូវជាតិលេខ១៣ ច្រកព្រំដែនបុសមន សំដៅទៅវៀត​​ណាមដោយមានកងទ័ពវៀតណាមចាំការពារពីក្រោយ។ ពេលទៅដល់ សៀត បានឃើញមានជនភៀសខ្លួនរាប់រយគ្រួសារកំពុងរស់នៅជំរំជនភៀសខ្លួន”ក្បាក់“ ខាងជើងភ្នំ នៃខេត្តតាយនីញ។ វៀតណាមបានធ្វើការចុះឈ្មោះជនភៀសខ្លួនខ្មែរបានយ៉ាងត្រឹមត្រូវ។ សៀត ប្រពន្ធ និងកូន៣នាក់ទទួលបានរបបអាហារដូចជាត្រី សាច់ និងអង្ករ ហូបយ៉ាងគ្រប់គ្រាន់។ សៀត និងប្រពន្ធ បានពិភាក្សាគ្នាថាប្រសិនបើយោធាខ្មែរក្រហមចាប់គាត់បានអំឡុងពេលភៀសខ្លួនប្រហែលគាត់គ្មានជីវិតស្គាល់ការហូបចុកឆ្អែតដូចនៅជំរំនេះទេ។ នៅជំរំជនភៀសខ្លួន ”ក្បាក់“ ជនភៀសខ្លួនខ្មែរក៏ត្រូវបានវៀតណាមចែកដីសម្រាប់ឲ្យធ្វើស្រែចម្ការ។ សៀត ប្រពន្ធ និងកូន៣នាក់ រស់នៅជំរំជនភៀសខ្លួនវៀតណាមរហូតដល់របបខ្មែរក្រហមត្រូវបានដួលរលំ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សៀត និងជនភៀសខ្លួននៅជំរំ​ប្រហែល ១០០ឡានបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីធ្វើមិទ្ទីញអបអរសាទរថ្ងៃជ័យជម្នះ៧ មករា នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទីក្រុងភ្នំពេញ រយៈពេល២ថ្ងៃ។ ក្រោយមក សៀត និងជនភៀសខ្លួនក៏ត្រូវបានដឹកជញ្ចូនត្រលប់ទៅជំរំវិញ។ សៀត និងគ្រួសារបានបន្តស្នាក់នៅជំរំនេះរហូតដល់ខែកុម្ភៈ ទើបធ្វើដំណើរដោយថ្មើរជើងត្រលប់​មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ សៀត បានឃើញផ្ទះត្រូវបានរុះរើអស់ និងបរិវេណដុះសុទ្ធតែព្រៃ និងស្មៅ​។ នៅឆ្នាំ១៩៨១ សៀត ត្រូវបានជ្រើសរើសឲ្យធ្វើជាមេឃុំ រហូតដល់ឆ្នាំ ១៩៨៥ គាត់បានលាឈប់ពីការងារឃុំ មកប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។

អត្ថបទដោយ អេង សុខម៉េង


ឯកសារយោង៖

[1]ឯកសារលេខ SVI០០៩២ (២០១៨) សម្ភាសន៍ជាមួយ អុក សៀត ហៅ ទិត សៀត ដោយ ឡុង ដានី, នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨, (ចំនួន៥៤ទំព័រ) មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2]ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី៤០។

[3]ស្ទួន, ទំព័រទី៣៧។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin