អុន ណាំ ពេទ្យ ៦មករា

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អុន ណាំ អាយុ៣៩ឆ្នាំ(២០០៣) រស់នៅភូមិអង់តាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្ដីរបស់ ណាំ ឈ្មោះ អឿង ហន មានស្រុកកំណើតនៅស្រុកបាទី។ ឪពុករបស់ ណាំ ឈ្មោះ អុន(អ៊ន់) និងម្ដាយឈ្មោះ ណេន។ ណាំ មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់។ នៅក្នុងគ្រួសាររបស់ ណាំ មានសមាជិកចំនួន ៧នាក់បានចូលបដិវត្តន៍។[1]

ណាំ បែកពីឪពុកដំបូង គាត់ទៅធ្វើការងារនៅក្នុងកងកុមារ។ ណាំ ធ្វើការងារនៅកងកុមារបាន២ឆ្នាំ ទើបនារីឈ្មោះ ធា មាននាទីជាប្រធានពេទ្យឃុំ ហៅ គាត់ឲ្យទៅធ្វើពេទ្យជាមួយគាត់។ មូលហេតុដែល ធា ហៅណាំឲ្យទៅធ្វើការងារនៅក្នុងមន្ទីរពេទ្យ ដោយសារតែគាត់ឃើញប្រធានក្រុម ស្ដីជេរទៅកាន់ ណាំ។ នៅក្នុងមន្ទីរពេទ្យ ណាំបានរៀនចាក់ថ្នាំក្មេងៗ និងចាក់ភ្លៅជារៀងរាល់ថ្ងៃទើបគាត់ចេះចាក់ថ្នាំ។

ណាំ បានចូលទៅព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ ឃុំរកា។ នៅក្នុងពេទ្យឃុំ ណាំ មាននាទីចាក់ថ្នាំឲ្យក្មេងៗ​ និងចាស់ៗ។ ណាំ ស្គាល់ថ្នាំដូចជា ត្រឹកតូ, ថ្នាំផ្សះ, ថ្នាំកម្លាំង និងថ្នាំបេឌូ។ ណាំ បានឲ្យដឹងថា នៅក្នុងមន្ទីរពេទ្យ មានអ្នកជំងឺច្រើនខ្លាំង រហូតដល់គ្មានគ្រែគ្រប់គ្រាន់សម្រាប់សម្រាក។ ជំងឺដែលប្រជាជនជាច្រើនឈឺគឺជាជំងឺ ក្ដៅខ្លួន និងរាក។ នៅក្នុងពេទ្យឃុំរកា មានគ្រូពេទ្យប្រមាណ៣០នាក់ សម្រាប់ព្យាបាលជំងឺឲ្យប្រជាជន។ ណាំ ធ្វើពេទ្យ បានមួយឆ្នាំ ទើបអង្គការជ្រើសរើសគាត់ឲ្យទៅភ្នំពេញ នៅឆ្នាំ១៩៧៦។[2]

នៅក្នុងមន្ទីរពេទ្យឃុំរការ អង្គការជ្រើសរើសពេទ្យចំនួន៣នាក់ឡើងទីក្រុងភ្នំពេញ។ អ្នកដែលអង្គការជ្រើសរើសយកគឺជាបុគ្គលិកពេទ្យធ្វើការងារល្អ ចាក់ថ្នាំមិនដេលបាក់ ស៊ឺរ៉ាង។ ណាំ បានចេញពីមន្ទីរពេទ្យឃុំ ទៅសម្រាកនៅទីរួមខេត្តតាកែវ ១០ថ្ងៃ ទើបបន្តទៅទីក្រុងភ្នំពេញ។ ទៅដល់ទីក្រុងភ្នំពេញ អង្គការបានបញ្ជូន ណាំឲ្យទៅសម្រាកនៅស្តាត ១០ថ្ងៃបន្ថែមទៀត។ នៅស្តាតអូឡាំពិក ណាំធ្វើការងារកាត់ស្មៅ និងទទួលបាននំអន្សមហូប ព្រោះមានកម្មវិធីអបអរជ័យជម្នះរបស់ខ្មែរក្រហមនៅថ្ងៃទី១៧ មេសា។

បន្ទាប់មក អង្គការបានបញ្ជូន ណាំ ទៅរៀនមុខវិជ្ជាពេទ្យ នៅមន្ទីរខ៥ ខាងលិចវត្តភ្នំ។ នៅមន្ទីរខ៥ ណាំ បានឃើញសាសពមនុស្សត្រាំនៅក្នុងអាងមួយដើម្បីកុំឲ្យរលួយសាច់ និងគ្រោងឆ្អឹងមនុស្សជាច្រើនដែលអង្គការយកសាច់ចេញអស់។ នៅក្នុងមន្ទីរ ខ៥ ណាំ បានឃើញពេទ្យប្រុស និងស្រីរៀនវះកាត់សាកសពដែលបានរក្សាទុកនោះ ហើយគ្រោងឆ្អឹងដែលនៅគលើគ្នាគឺយកមកដោតរៀបជាប់គ្នា។

កន្លែងរៀនពេទ្យ ខាងវះកាត់អ្នកដែលស្លាប់ៗហើយ (ណាំមើលគេធ្វើ) យកមកវះសាថ្មី ហើយដេរទៀត គេឲ្យរៀនត្រឹមណឹង។ អ្នកដែលស្លាប់ហើយយកទៅត្រាំក្នុងទឹកអាង ដាក់ដូចជាមេស្រាឲ្យសាច់ស្អាតដូចមនុស្សធម្មតា ដើម្បីយកឲ្យពេទ្យរៀនដេរ និងមួយទៀត យកឆ្អឹងដែលសុះសាច់អស់ នៅតែឆ្អឹង ដែលគេទុករៀបជាជួរៗ យកមកទុកឲ្យពេទ្យដោតរៀប (ជាងរយឆ្អឹង)។  ឆ្អឺងនោះ វះដាក់ត្រាំទឹកសាប ហូរសាច់ចេញអស់ដាក់ត្រាំមេស្រាម៉ាសាទៀត ហើយគេបញ្ឈរ ។ ណាំ រៀននៅទីនោះរយៈពេលកន្លះខែ។ អ្នកដែលបង្រៀននេះគឺមានជនជាតិចិន ជាមួយជនជាតិខ្មែរ។

ណាំ ទៅពេទ្យ ៦មករា ខាងជើងវត្តភ្នំ ប្រធានអគារឈ្មោះ រ៉េន ហើយប្រធានធំឈ្មោះ រី ក្រោយមកអង្គការប្ដូរគាត់ទៅមណ្ឌលគិរី រតនគិរី ទើបមានឈ្មោះ រ៉ន នៅស្រុកបាទីមកគ្រប់គ្រងជំនួស។ ការងាររបស់ ណាំ គឺកាន់ខាងសម្ភារ មុង, ភួយ និងនំ ដែលផ្ដល់ពីស្រុកភូមិ បើកឲ្យអ្នកជំងឺ និងព្យាបាល។ ពេទ្យនៅអគារ ណាំ រស់នៅមាន២០នាក់(ប្រុស ស្រីស្មើគ្នា) ព្យាបាលយោធាដែលរបួសត្រូវគ្រាប់។ ប្រុសៗត្រូវវះកាត់ ហើយស្រីៗត្រូវមើលថែអ្នកជំងឺ និងព្យាបាល។ ប៉ុល ពត ក៏ធ្លាប់ចុះទៅទស្សនកិច្ចនៅមន្ទីរពេទ្យ ៦មករា និងពេទ្យ៧ មករា ពេទ្យរុស្សី ជិតវាំង។ ណាំ ធ្លាប់បានយកអ្នកជំងឺដែលមានរបួសធ្ងន់ ដាច់ពោះវៀន ដាក់ឡានទៅពេទ្យ ៧មករា នៅជិតមាត់ទន្លេនោះ។ ក្រៅពីនេះ ណាំស្គាល់ពេទ្យ គ១ កន្លែងក្មេងនៅមណ្ឌល នៅខាងជើងខ៥ កន្លែងពេទ្យទាហាន។ ណាំ ធ្វើការងារបន្ថែម មានយាមពីរពេលយប់ អនាម័យផ្ទះ។ នៅពេទ្យ ៦មករា មានបុគ្គលិកពេទ្យ ស្រឡាញ់គ្នា ហើយអង្គការបញ្ជូនទៅលន្លែង លត់ដំនៅ ៩៨ ក្បែរវាំង និងមិនដែលឃើញត្រលប់មកវិញទេ។

នៅពេទ្យ ៦មករា ការហូបចុងគឺគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៦ ដាំបាយឧស ប៉ុន្តែអត់ទាន់ឲ្យអ្នកជំងឺហូប ទើបប្ដូរមកដាំម៉ាស៊ីនវិញ។​ ចំណែកសម្លៀកបំពាក់ក៏បោកម៉ាស៊ីនដែរ ព្រោះខោអាវក្រាសៗហើយមានឈាម ដូច្នេះបោកមិនស្អាត ទើបប្រើម៉ាស៊ីន។ ណាំ ធ្លាប់ផ្ងើសំបុត្រមកលេងផ្ទះពីរដងតាមរយៈ ពេទ្យផ្ទះតាកែវ និងទៅដល់ឪពុកម្ដាយ។

នៅពេលអ្នកជំងឺមកច្រើន គេតេទូរស័ព្ទ ឲ្យឡាន១២កៅអី ទៅយកនៅមុខវាំ២ ទៅ៣ថ្ងៃមកម្ដង បានកប៉ាល់ និងយន្តហោះ។ ណាំ បានឲ្យដឹងថា នៅក្នុងមួយកប៉ាល់មាន៣នាក់ ជាន់ក្រោមបំផុតគឺជាសាកសព យកមកដុតនៅក្នុងឡភ្នំពេញ បើជាន់លើទើបព្យាបាល។ សូម្បីតែអ្នកស្លាប់ក្នុងអាគារណាំធ្វើការ បើមានស្លាប់តែទូរសព្ទឲ្យឡានពេទ្យគេមកយក។

ក្នុងចំណោមចិន ដែលមកទស្សនកិច្ច ៣ដង នៅពេទ្យ ណាំ ស្គាល់ចិនម្នាក់ឈ្មោះ លីណា។ លីណា ស្រឡាញ់ ណាំ បានយកទឹកដោះគោឲ្យ គាត់ នៅពេលដែលគាត់ឈឺក្ដៅខ្លួនសម្រាកពេទ្យ នៅពេទ្យគន្ធបុប្ផាទី១ នៅខាងកើតវត្តភ្នំ។

ក្រៅពីការងារខាងលើ ណាំ បានទៅទទួលភ្ញៀវ នៅកន្លែងខ៨ រោងចក្រតម្បាញ នៅពោធិ៍ចិនតុង។ ភ្ញៀវដែល ណាំ ចេញទៅទទួលគឺ ជនជាតិចិន កូរ៉េ ឥណ្ឌា មួយឬពីរសប្ដាហ៍ម្ដង អង្គការជ្រើសរើសតាមអគារ ក្នុងមួយអគារពីរនាក់។ នៅពេលដែលទៅទទួល ណាំ បានឃើញ ម៉ៅ សេទុង, លោកវ៉ាង គឹមស៊ីងប្រធានធំណៅក្ដាប់ប្រទេសចិន ជាមួយអ្នកដឹកនាំ ប៉ុល ពត ដែលទៅទទួលអ្នកធំៗមក អ្នកផ្សេងទៀតមិនស្គាល់។ ណាំ បានទៅទទួល និងចាប់ដៃ។

ឆ្នាំ១៩៧៩ ណាំ ត្រលប់មកផ្ទះវិញ។ ណាំ បានយកវិជ្ជាពេទ្យដែលខ្លួនចេះទៅព្យាបាលម្ដាយឪពុក ឬក៏កូនរបស់គាត់ដែលឈឺបន្តិចបន្តួច។ ណាំបានទៅទិញថ្នាំនៅផ្សារយកទៅចាក់ឲ្យកូន និងមួយទៀតណាំ បានឲ្យដឹងថា គាត់អាចនៅជួនអ្នកភូមិចាក់សេរ៉ូម នៅពេលដែលអ្នកភូមិចាក់សេរ៉ូមខុស។

អត្ថបទដោយ ភា រស្មី


[1] ឯកសារលេខ I00684, ពិនិត្យប្រវត្តិរូបបដិវត្តអគាទី១១ម សមមិត្តណាំ នៅមន្ទីរពេទ្យ៦មករា ក្រសួងសង្គមកិច្ច, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ដូចខាងលើ ទំព័រទី២។ នៅក្នុងវត្តរូបបដិវត្តបានសរសេរថា ណាំចូលបដិវត្តនៅឆ្នាំ១៩៧៧ នៅមន្ទីរឃុំអាការ និងអ្នកនាំចូលឈ្មោះ ធារ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin