អ៊ុន សម្បត្តិ៖ ប្រជាជនភាគច្រើនស្លាប់ដោយសារតែរកអាហារ
អ៊ុន សម្បត្តិ អាយុ៨៤ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានបញ្ជូនគ្រួសារសម្បត្តិ ពីខេត្តតាកែវ ទៅលុតដំខ្លួន នៅវត្តចំប៉ា រួចបន្តទៅភូមិមហារាជ្យ។ គ្រួសាររបស់សម្បត្តិ រស់នៅក្នុងសហករណ៍បានរយៈពេលប្រមាណ៣ខែ ទើបអង្គការជម្លៀសប្រជាជន១៧ មេសា ជាច្រើននាក់ ដែលរួមទាំងគ្រួសាររបស់សម្បត្តិផង តាមរថភ្លើងទៅ ខេត្តពោធិ៍សាត់ និងបាត់ដំបង។
ចំពោះគ្រួសាររបស់សម្បត្តិ អង្គការជម្លៀសឲ្យទៅធ្វើការងារ និងរស់នៅជិតភ្នំសហករណ៍គោកត្រំ ខាងកើតភ្នំធិបតី ស្រុកមោង ខេត្តបាត់ដំបង។ ពេលទៅដល់គោកត្រំដំបូង គ្រួសាររបស់សម្បត្តិ ត្រូវដើរកាប់ឈើ យកទៅធ្វើរោង និងរនាប ហើយក្រងស្បូវយកទៅធ្វើខ្ទមដោយខ្លួនឯង។ ចំពោះការហូបអាហារវិញ ប្រព្រឹត្តឡើងនៅតាមផ្ទះរៀងខ្លួន ប៉ុន្តែចំពោះប្រជាជនថ្មី អង្គការចែកដំឡូងមី និងចុងអង្ករលាយអង្កាមបន្តិចបន្តួច។ សម្បត្តិ បានឲ្យដឹងថា ដំឡូងមីមើមវែកមួយ ត្រូវចែកគ្នាជាមួយគ្រួសារចំនួនបី។ បើចុងអង្ករវិញ គាត់ទទួលបានម្នាក់ប្រមាណ១ស្លាបព្រាបាយប៉ុណ្ណោះ។ ការហូបអាហារនៅពេលនោះគឺលំបាកខ្លាំងណាស់។ គ្រួសារណាដែលមានមាស តែងយកទៅដូរស្បៀងអាហារពីប្រជាជនមូលដ្ឋាន។ នៅពេលដែលដាច់ស្បៀងខ្លាំង សម្បត្តិ បានឃើញប្រជាជនយកអង្កាមទៅលីង រួចបុកឲ្យមត់ ហើយយកទៅហូប។ កត្តានេះបានបង្កឲ្យមានការបន្ទោរបង់មិនចេញ និងធ្វើឲ្យមនុស្សស្លាប់។ ក្រៅពីនេះ ប្រជាជនជាច្រើននាក់ទៀត បានស្លាប់ដោយសារអត់អាហារ។
ក្រោយមកអង្គការបានរៀបចំឲ្យមានសហករណ៍ ដោយប្រមូលទ្រព្យសម្បត្តិដាក់ជារបស់រួម, ធ្វើការងាររួមគ្នា និងហូបបាយរួមគ្នានៅក្នុងរោងបាយ។ ការរៀបចំឲ្យហូបអាហាររួមគ្នា បានធ្វើឲ្យប្រជាជនស្លាប់កាន់តែច្រើន ព្រោះអង្គការផ្ដល់អាហារឲ្យប្រជាជនមិនគ្រប់គ្រាន់ ហើយការងារដែលកំណត់ឲ្យធ្វើ មានសភាពលើសកម្លាំង។ នៅពេលដែលប្រឈមនឹងភាពអត់ឃ្លានខ្លាំង ប្រជាជនចាប់ផ្ដើមលួចអាហារហូបបន្ថែមទៀត។ កត្តានេះ បានជំរុញឲ្យអង្គការមានហេតុផលបន្ថែមទៀត ក្នុងការចាប់យកមនុស្សទៅសម្លាប់ជាច្រើននាក់។ អង្គការគ្រាន់តែប្រាប់ថាយកអ្នកទាំងនោះទៅរៀនសូត្រ ឬយកទៅជីករណ្ដៅដាំចេក។ សម្បត្តិ បានរៀបរាប់ពីការសម្លាប់មនុស្សថា អង្គការបានឲ្យមនុស្សអង្គុយនៅមាត់រណ្ដៅ រួចវាយពីក្រោយទម្លាក់ និងយកដីទៅកប់ពីលើ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ សម្បត្តិ បាត់បង់ម្ដាយឪពុក បងប្អូន និងកូនចំនួន៥នាក់។ ដោយមើលឃើញពីការស្លាប់របស់ប្រជាជន និងសមាជិកគ្រួសារ សម្បត្តិ បានបបួលប្ដី និងកូន២នាក់ដែលនៅរស់ លួចរត់ទៅកន្លែងផ្សេងទៀត។
គ្រួសាររបស់សម្បត្តិ បានលួចភៀសខ្លួននៅតំបន់ចកកកោះ ហើយការហូបអាហារនៅកន្លែងថ្មីគឺល្អប្រសើរជាមុន ប៉ុន្តែការងារនៅតែធ្ងន់ធ្ងរដដែរ។ នៅតំបន់ចក អង្គការបានចាត់តាំង សម្បត្តិ ឲ្យធ្វើការងារត្បាញក្រមា និងត្បាញមុង ដាក់ក្នុងសហករណ៍ និងមើលក្មេងៗដែលម្ដាយឪពុកទៅធ្វើការងារ។ ចំណែកប្ដី និងកូនរបស់គាត់ ត្រូវធ្វើការងារនៅក្នុងសហករណ៍ក្បែរសម្បត្តិ។ សម្បត្តិ ធ្វើការងារនៅតំបន់ចក រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។
នៅពេលដែលខ្មែរក្រហមចាញ់សង្គ្រាម គ្រួសាររបស់សម្បត្តិ បានធ្វើដំណើរត្រលប់មករស់នៅខេត្តតាកែវវិញ។ សម្បត្តិ បានយករឿងរ៉ាវដែលខ្លួនបានឆ្លងកាត់សម័យខ្មែរក្រហម ប្រាប់ទៅកូនចៅជំនាន់ក្រោយ។ មួយវិញទៀត សម្បត្តិ អប់រំចៅៗឲ្យខំធ្វើអំពើល្អ កុំសម្លាប់សត្វ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សម្បត្តិ មានជំងឺគ្រោះក្នុងប្រមាត់, គ្រោះក្នុងក្រពះពោះវៀន, លើសសម្ពាធឈាម, ហើម និងសន្លាក់។ ចំពោះការព្យាបាលជំងឺ សម្បត្តិ បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជន រួមទាំងទិញថ្នាំលេប និងរកថ្នាំខ្មែរដាំហូបបន្ថែមទៀត។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី៣១ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី៣០ ខែឧសភា ២០២៥