អួន រិន៖ កងឈ្លបដែលខ្លាំងលេខ១ មានអាយុប្រមាណជាង១០ឆ្នាំ

អួន រិន ភេទស្រី អាយុ៨៨ឆ្នាំ រស់នៅភូមិពងទឹក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម អង្គការបានជម្លៀសគ្រួសាររបស់រិន និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅ ត្រពាំងផុង ត្រពាំងគុល និងកន្លែងដទៃទៀត។ មុនពេលជម្លៀស រិន បានឃើញអង្គការ ចាប់បង្ខំព្រះសង្ឃក្នុង វត្តអង្គព្រៃ ឲ្យដោះស្បង់ចីពរចេញ រួចប្រើឲ្យរែកមាន់យកទៅសម្លាប់ធ្វើម្ហូបឲ្យអង្គការ។ ក្នុងនាម រិន ជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់ ទិដ្ឋភាពដ៏សែនបាបកម្មនេះបានធ្វើឱ្យគាត់គ្រាំចិត្តស្ទើរក្អួតឈាម និងលែងចង់និយាយរំឮកដល់រឿងរ៉ាវដ៏ខ្មៅងងឹតនេះបន្តទៀត។ រិន បានថ្លែងថា៖ ពួកអាអត់សាសនាវាអ៊ីចឹងហាសកូន! វាមិនដឹងដប់ ដឹងម្ភៃ មិនដឹងបាប ដឹងនរកទេ ”។

នៅពេលជម្លៀស រិន បាននាំយកសម្ភារ និងអាហារហូបចុកបន្តិចបន្តួច រួចធ្វើដំណើរដោយថ្មើរជើងចេញពីភូមិ។ នៅតាមផ្លូវធ្វើដំណើរ រិន បានជួបការលំបាកយ៉ាងខ្លាំង ព្រោះគាត់ត្រូវពរកូនតូច និងរែកសម្ភារទៅជាមួយ។ ចំណែកប្ដីរបស់គាត់ ដែលធ្វើជាប៉ូលីសកាលពីសង្គមចាស់ ត្រូវបានអង្គការចាត់យកទៅសម្លាប់ចោល។

អំឡុងពេលធ្វើដំណើរដ៏សែនលំបាក រិន ត្រូវបង្ខំចិត្តឈរមើលរឿងតក់ស្លុតមួយ ដោយអង្គការបានមកចាប់អូសទាញ និងវាយដំយ៉ាងព្រៃផ្សៃទៅលើសាច់ញាតិម្នាក់របស់គាត់ រួចបណ្ដើរយកទៅសម្លាប់ចោល។ ទិដ្ឋភាពដ៏សាហាវនេះបានកើតឡើងចំពោះមុខគាត់ និងបានធ្វើឱ្យ រិន ទន់ជើងដើរលែងចង់រួច ហើយបានត្រឹមតែលួចបង្ហូរទឹកភ្នែកដោយសម្ងាត់ ព្រោះខ្លាចអង្គការឃើញ។ មួយវិញទៀត រិន បានឃើញអង្គការបង្ខំឲ្យប្រជាជន ឲ្យធ្វើដំណើរទៅមុខជាបន្តបន្ទាប់ និងបោះបង់ចោលម្ដាយឪពុកចាស់ជរាឲ្យនៅដេកដួលស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័ម។  នៅត្រង់ចំណុចនេះ រិន បានពោលថា “វេទនាណាស់កូនអើយកុំនិយាយ! អាណឹងវាធ្វើកម្មធ្វើពៀរ អ៊ីចឹងហើយបានវានៅមិនបានយូរ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ”។

ពេលទៅដល់សហករណ៍ថ្មី គ្រួសាររបស់រិន ត្រូវរស់នៅ និងធ្វើការងារក្នុងក្រុមផ្សេងគ្នា ដោយគាត់ ត្រូវចេញទៅធ្វើការងារលើកប្រឡាយ, រែកដី និងធ្វើស្រែ ក្នុងកងចល័ត ហើយកូនប្រុសច្បងរបស់គាត់ ត្រូវទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារ ធ្វើជី, កាប់ដីដំបូក និងរែកដី។ ជារៀងរាល់ថ្ងៃ រិន និងកូន ត្រូវធ្វើការងារធ្ងន់ៗ ឲ្យគ្រប់តាមចំនួនកំណត់របស់អង្គការ និងមិនហ៊ានឈប់សម្រាកឡើយ បើទោះបីជាមានជំងឺក៏ដោយ។ ប៉ុន្តែរបបអាហារវិញ អង្គការបានយកអង្ករបន្តិចបន្តួច ទៅបបរលាយជាមួយបន្លែគុលចេក, ព្រលឹត និងត្រកួន។ ការធ្វើម្ហូបនេះទៀត គឺមិនមានអនាម័យនោះទេ ដោយព្រលឹតត្រូវកាត់ជាកងៗទាំងសំបក ហើយយកទៅស្លចែកឲ្យប្រជាជនបន្តិចបន្តួច។ អំឡុងពេលហូបបាយ អង្គការបានចាត់មនុស្សម្នាក់ឲ្យលូនចូលក្រោមតុប្រជាជន ដើម្បីចាំឃ្លាំមើលក្រែងមានអ្នកលួចលាក់អាហារយកទៅហូបនៅផ្ទះ។

នៅពេលនិយាយដល់ចំណុចនេះ រិន បានអួលដើមកអាណិតកូនៗរបស់គាត់ ជាពិសេសកូនច្បងឈ្មោះ ខា ដែលត្រូវធ្វើការងារពេញមួយថ្ងៃ ហើយហូបមិនគ្រប់គ្រាន់។ រិន បានពោលថា៖ “អញអាណិតកូនខ្លោចចិត្ត។ កូនអើយ! ប៉ុន្តែម៉ែក៏អ៊ីចឹង កូនក៏អ៊ីចឹងមិនដឹងធ្វើយ៉ាងម៉េច”។ រិន និយាយបែបនេះ ព្រោះគាត់បានឃើញកូនគាត់ បានដើរទៅប្រមូលបាយដែលកម្មាភិបាលខ្មែរក្រហមហូបធ្លាក់លើតុ យកមកហូប។ បើទោះបីជាអាណិតកូនយ៉ាងណា រិន មិនដែលហ៊ានលួចលាក់រកអាហារហូបបន្ថែមទៀតទេ ព្រោះគាត់មិនចង់ឲ្យអង្គការយកទៅសម្លាប់។

រិន បានបន្តថា កងឈ្លបក្មេងៗដែលមានអាយុប្រមាណ១០ឆ្នាំ គឺជាកងឈ្លបខ្លាំងលេខមួយតែម្ដង ព្រោះក្រុមនេះ បានដើរតាមផ្ទះប្រជាជន ដើម្បីចាប់កំហុសអ្នកដែលលួចអាហារ។ នៅពេលដែលកងឈ្លបចូលម្ដងៗ ភ្នែករបស់គេ សម្លឹងមើលតាមរងដំឡូង តាមរងបន្លែ ក្រែងលោមានឃើញស្នាមជីក ឬបេះ។ នៅពេលដែលពិនិត្យរួច ប្រសិនបើមានការសង្ស័យថាផ្ទះណាមួយលួចដំណាំ និងសត្វចិញ្ចឹមក្នុងផ្ទះ ក្រុមកងឈ្លបមិនបាននិយាយដាស់តឿនប្រជាជននោះទេ គឺយកទៅរាយការណ៍ប្រាប់មេកងឲ្យបញ្ជូនក្រុមសន្តិសុខទៅចាប់ប្រជាជនយកទៅសម្លាប់។ រិន បានរៀបរាប់ទៀតថា “អើ! កុំនិយាយចៅ អាកន្លែងនេះ បើនិយាយក្អួតឈាមហើយ”។

ក្រៅពីការលំបាកខាងលើ រិន ត្រូវរស់នៅទាំងមានភាពភ័យខ្លាច ព្រោះគាត់បានឃើញកងឈ្លបក្មេងតូចៗ៥ ទៅ៦នាក់ ដើរបណ្ដើរមនុស្សជាក្រុមៗយកទៅសម្លាប់។ ពេលធ្វើដំណើរតាមផ្លូវ កងឈ្លបតូចៗស្រែកសម្លុតឲ្យអ្នកទោសចាស់ៗដើរឲ្យត្រង់ជួរ ហើយប្រសិនបើដាច់ខ្សែអំបោះកន្លែងណា ត្រូវសម្លាប់ភ្លាមៗ។ កងឈ្លបដែលបណ្ដើរអ្នកទោសនេះ មានអាយុប្រមាណជាង១០ឆ្នាំប៉ុណ្ណោះ និងមានចំនួន៥ទៅ៦នាក់ប៉ុណ្ណោះ នៅពេលនាំអ្នកទោសយកទៅសម្លាប់ម្ដងៗ ប៉ុន្តែអ្នកទោសចាស់ៗរាប់រយនាក់សំងំឲ្យកងឈ្លបវាយធ្វើបាប និងបណ្ដើរយកទៅដល់កន្លែងសម្លាប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រិន បានបាត់បង់សមាជិកគ្រួសារជាច្រើនអ្នក។  បងប្អូន និងសាច់ញាតិដែលបាត់បង់ជីវិត ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការងារធ្ងន់រាល់ថ្ងៃ ប៉ុន្តែមិនទទួលបានអាហារហូបគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល ហើយមួយចំនួនទៀតត្រូវអង្គការបញ្ជូនយកទៅសម្លាប់។ ចំណែកសមាជិកគ្រួសារដែលនៅរស់រានមានជីវិត មានសភាពស្គាំងស្គមខ្លាំង ឬឈឺហើម ស្ទើរស្លាប់។

បើទោះបីជារបបខ្មែរក្រហមបានបញ្ចប់ទៅជាច្រើនឆ្នាំ ប៉ុន្តែការលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនស្ថិតនៅក្នុងចិត្ត រិន ជារៀងរហូត និងមិនអាចបំភ្លេច។ លើសពីនេះ ផលប៉ះពាល់នៃរបបខ្មែរក្រហម បានធ្វើឲ្យ រិន មានជំងឺប្រចាំកាយមួយចំនួនដូចជា ខ្សោយកម្លាំង, ខ្វះឈាម និងចុកចាប់ក្នុងឆ្អឹងដៃ និងជើងដែលបានបាក់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin