អ៊ួក ណៃ៖ ធ្លាប់ធ្វើការងារនៅស្រែអំបិល និងជាគ្រូពេទ្យ នៅមន្ទីរពេទ្យ ៦មករា

អ៊ួក ណៃ[1] ឈ្មោះក្នុងបដិវត្តន៍ អួក ណាយ អាយុ៤៧ឆ្នាំ រស់នៅភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ណៃ មានឪពុកឈ្មោះ អ៊ួក ណេប ហើយម្ដាយឈ្មោះ នូ នៅ និងមានបងប្អូនចំនួន៧នាក់ ឈ្មោះ សុខន, ណៃ, សាំ, ថន, លាន, នឿន និងស៊ីម។ នៅក្នុងឆ្នាំ១៩៦៨ គ្រួសាររបស់ ណៃ បានផ្លាស់ទីលំនៅពីខេត្តតាកែវ ទៅភូមិត្រពាំងរំដួល ខេត្តកំពត។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៣ ណៃ បានចូលធ្វើបដិវត្តន៍នៅភូមិត្រពាំងរំដួល ឃុំល្បើក ស្រុកកោះស្លា តំបន់កំពត តាមរយៈឈ្មោះ ឈាវ ក្នុងតួនាទីជាប្រធាននារីភូមិ។[2] បន្ទាប់ពីចូលបដិវត្តន៍ ណៃ បានចាកចេញពីគ្រួសារ រួចទៅរស់នៅ និងធ្វើការងារក្នុងកងចល័តកោះស្លា ជាមួយយុវជនរាប់រយនាក់ផ្សេងទៀត។ នៅក្នុងកងចល័ត យុវជន និងយុវនារី ធ្វើការងាររែកដី, លើកទំនប់ និងធ្វើស្រែជាមួយគ្នា ប៉ុន្តែពេលយប់សម្រាកនៅផ្ទះផ្សេងគ្នា។ ណៃ បានបន្តថា ការងារនៅក្នុងកងចល័តគឺគ្មានពេលទំនេរនោះទេ។ បន្ទាប់ពីបញ្ចប់ការងារកន្លែងមួយ យុវជនកងចល័តត្រូវចូលទៅធ្វើការងារកន្លែងមួយទៀត ខុសពីការងារធ្វើនៅផ្ទះខ្លួនឯង ដែលអាចសម្រាកបាន។ ចំពោះការហូបអាហារវិញ ពេលខ្លះបានបាយឆ្អែត ហើយពេលខ្លះទៀតខ្វះខាត និងគ្មានសម្លហូបប៉ុន្តែពេលយើងធ្វើការងារខ្លួនឯងអាចហូបបានគ្រប់គ្រាន់។
ណៃ ធ្វើការងារនៅក្នុងកងចល័តបានប្រមាណ៤ឆ្នាំ ទើបឈ្មោះ ឈាវ ណឹង ជាប្រធានក្រុមជ្រើសរើសគាត់ និងមិត្តរួមក្រុម១៤នាក់ទៀត ដើម្បីឲ្យទៅធ្វើការងារនៅស្រែអំបិល។ នៅស្រែអំបិល ក្រុមរបស់ ណៃ ដែលមានសមាជិកប្រមាណ១០០នាក់ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ប្រធានកងឈ្មោះ ជឿន។ នារីដែលធ្វើការងារនៅស្រែអំបិលទាំងអស់ មានអាយុប្រហាក់ប្រហែល ណៃ លើកលែងតែងមនុស្សចំណាស់ពីរនាក់ដែលមានអាយុប្រមាណ៥០ឆ្នាំ ធ្វើការងារជាអ្នកបច្ចេកទេសអំបិល, កាន់ម៉ាស៊ីន និងពិនិត្យកំហាប់ទឹក។ ណៃ បានឲ្យដឹងទៀតថា ការងារនៅស្រែអំបិលគឺធូរស្រាលជាកងចល័ត ហើយការហូបអាហារគ្រប់គ្រាន់។ នៅពេលដែលខិតជិតរដូវភ្លៀងធ្លាក់ ណៃ ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ប៉ុន្តែថ្ងៃណាមានភ្លៀងធ្លាក់មិនអាចកើបអំបិលបានគាត់អាចសម្រាកនៅផ្ទះ។
ណៃ ធ្វើការងារនៅស្រែអំបិល បានប្រមាណជិតមួយឆ្នាំ ឈ្មោះ ជឿន បានជ្រើសណៃ និងមិត្តរួមការងារចំនួន៩នាក់ទៀត ឲ្យទៅធ្វើការងារនៅពេទ្យ ៦មករា នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីត្រូវបានជ្រើសរើសរួច ណៃ និងមិត្តនារីប្រមាណ១០០នាក់ មកពីតំបន់ផ្សេងគ្នា បានធ្វើដំណើរតាមរថភ្លើងទៅទីក្រុងភ្នំពេញ។ នៅពេល ណៃ ឡើងមកដល់ភ្នំពេញ អង្គការបានបញ្ជូនគាត់ទៅពេទ្យ៦មករា ជិតវត្តភ្នំ ហើយអ្នកដទៃទៀតបែកគ្នាទៅកន្លែងរៀងៗខ្លួន។ នៅមន្ទីរពេទ្យ ៦មករា ណៃ បានចូលរៀនទ្រឹស្ដី និងអនុវត្តន៍ពីរបៀបលាងរបួសឲ្យយោធារដែលទទួលរងរបួសនៅសមរភូមិផ្ទាល់។ នៅពេលលាងរបួស អង្គការបានចែកស្រោមដៃម្នាក់មួយ រួមជាមួយទឹកសាប៊ូ និងកំប្រេះ ឬហៅថាបង់សៗសម្រាប់រុំរបួស។
បន្ទាប់មកទៀត ណៃ ចូលរៀនដើម្បីចំណាំឈ្មោះថ្នាំពេទ្យ និងរៀនចាក់ថ្នាំឲ្យអ្នកជំងឺ។ ណៃ បានឲ្យដឹងថា ថ្នាំដែលគាត់យកទៅចាក់ឲ្យអ្នករបួសមានបិទអក្សរចិននៅលើដប។ ប្រសិនបើយោធាមានរបួសស្រាល ណៃ ត្រូវចំណាយពេលចាក់ថ្នាំប្រមាណ១០ថ្ងៃ ទើបរបួសជា ប៉ុន្តេបើត្រូវរបួសខ្លាំងរហូតដល់វះកាត់ គាត់ត្រូវចំណាយពេលយូរជាងនេះ ប៉ុន្តែមិនឃើញមានមនុស្សស្លាប់ទេ។ ណៃ បានបន្តថា យោធាដែលជាសះស្បើយរបួស អង្គការបានដឹកចេញក្នុងមួយសប្ដាហ៍២ឡាន ហើយយោធាដែលរបួសត្រូវដឹកចូលជាបន្តបន្ទាប់ដូចគ្នា។ ណៃ បានស្ដាប់ឮ ពឿន ប្រធានពេទ្យនិយាយថា អ្នករបួសដែលមកព្យាបាលនៅ២ផ្ទះថ្ម មានចំនួន៨០០នាក់។ ចំពោះ គ្រូពេទ្យព្យាបាលអ្នករបួសទាំងអស់ មានបុរស និងស្ត្រី ប្រមាណ ៨០០នាក់ដូចគ្នា ហើយសុទ្ធតែជាអ្នកនៅលីវ លើកលែងតែ ពឿន ហើយប្រពន្ធឈ្មោះ មិញ។
នៅក្នុងមន្ទីរពេទ្យ ណៃ ទទួលបានរបបអាហារគ្រប់គ្រាន់ដូចនៅស្រែអំបិល ប៉ុន្តែការងារគឺខុសគ្នា។ នៅស្រែអំបិល ណៃ ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែមានពេលឈប់សម្រាក បើនៅមន្ទីរពេទ្យ ត្រូវព្យាបាលអ្នករបួសរាល់ថ្ងៃ ប៉ុន្តែការងារស្រាល។ លើសពីនេះទៅទៀត នៅក្នុងមន្ទីរពេទ្យ ណៃ អាចទៅមើលកុន១ខែម្ដង នៅរមណីយដ្ឋានសិល្បៈចិន នៅម្តុំផ្សារដើមគរ ដែលជាកន្លែងមហោស្រពនាពេលបច្ចុប្បន្ន។ នៅកន្លែងសិល្បៈ ណៃ បានទស្សនារឿងវាយគ្នា ដែលនិយាយជាភាសាចិន ហើយគាត់មិនដែលបានទស្សនារឿងដែលនិយាយខ្មែរនោះទេ។
ក្រោយមក ណៃ បានសុំប្រធានពេទ្យ មកលេងផ្ទះ ព្រោះតាំងពីចូលក្នុងកងចល័តមកគាត់មិនធ្លាប់ទៅលេងផ្ទះសូម្បីម្ដង។ បន្ទាប់ពីសុំរួច ណៃ ត្រូវរងចាំផ្លាសវេនជាមួយពេទ្យផ្សេងទៀតមកលេងផ្ទះ ប៉ុន្តែមិនទាន់ដល់ថ្ងៃរបស់គាត់ផង ស្រាប់តែមានហេតុការរត់ភៀសខ្លួនចេញពីទីក្រុងភ្នំពេញនៅដើមឆ្នាំ១៩៧៩។ ពេលចេញពីទីក្រុងភ្នំពេញ ណៃ មិនទាន់ទៅផ្ទះនោះទេ គឺគាត់បានទៅរស់នៅក្នុងជំរំក្បែរព្រំប្រទល់ថៃ។ នៅឆ្នាំ១៩៨០ ណៃ បានរៀបការជាមួយឈ្មោះ យ៉ង់ ទូច មានស្រុកកំណើតនៅឃុំល្បើក ស្រុកកោះស្លា ខេត្តកំពត។ បន្ទាប់ពីរៀបការរួច ណៃ និងទូច មានកូន៤នាក់។ នៅឆ្នាំ១៩៩៣ ណៃ បាននាំគ្រួសាររបស់គាត់ត្រលប់មកជួបជុំឪពុកម្ដាយវិញ និងបន្តរស់នៅខេត្តតាកែវ។ ណៃ រស់នៅខេត្តតាកែវបានមួយរយៈ ទើបគាត់ដឹងថាមានការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម។ ការជឿជាក់ថាមានការសម្លាប់មនុស្សនេះ ដោយសារតែ ណៃ បានឃើញក្បាលខ្មោច នៅមន្ទីរក្រាំងតាចាន់ ជិតកន្លែងគាត់រស់នៅ និងនៅកន្លែងផ្សេងៗទៀត៕
អត្ថបទដោយ ភា រស្មី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ TKI0045 សម្ភាសជាមួយឈ្មោះ អ៊ួក ណៃ ហៅណាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ដោយអ៊ីសា ឧស្មាន។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ I01303, ពិនិត្យប្រវត្តិរូបបដិវត្តរបស់ស.មមិត្តអួក ណាយ ភេទស្រី អាយុ២១ឆ្នាំ។