អ៊ុយ ហឿន៖ ខិតខំធ្វើការងារ និងមិនហ៊ានតវ៉ាជាមួយអង្គការ

អ៊ុយ ហឿន អាយុ៨០ រស់នៅភូមិចាន់ទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ហឿន មានកូន២នាក់។ កូនរបស់ ហឿន មិនបានស្នាក់នៅជាមួយគាត់នោះទេ ព្រោះអង្គការចាត់តាំងឲ្យហឿនចូលទៅធ្វើការងារនៅក្នុងកងមេម៉ាយកម្លាំងទី១ ហើយកូនស្រីច្បងត្រូវទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារលើកទំនប់, ធ្វើជី និងរៀនតាមផ្ទះ ប៉ុន្តែក្រោយមកគាត់បាត់បង់ជីវិតក្នុងសម័យនោះ។ ចំពោះកូនពៅរបស់ហឿន ដែលមានអាយុនៅតិចមិនអាចធ្វើការងារបាន អង្គការរៀបចំឲ្យរស់នៅជាមួយម្ដាយរបស់ហឿន នៅក្នុងសហករណ៍។

នៅក្នុងកងមេម៉ាយ ការងារមុនដំបូងរបស់ ហឿន គឺលើកទំនប់ និងជីកប្រឡាយនៅក្នុង ឃុំសំរោង រួចបន្តទៅឃុំត្រពាំងធំ។ ក្រៅពីនេះ ហឿន បានចេញទៅធ្វើស្រែ ធាក់រហាត់ទឹក នៅកំពង់យោល និងស្ទូងស្រូវនៅកន្លែងផ្សេងៗទៀតតាមការចាត់តាំងរបស់អង្គការ។ នៅការដ្ឋានការងារ ហឿន ខិតខំធ្វើការងារខ្លាំងណាស់ និងមិនហ៊ានតវ៉ាជាមួយអង្គការនោះទេ។ ជាក់ស្ដែង នៅរដូវស្ទូងស្រូវ អង្គការបានធ្វើការទិតៀន ហឿន ជាញឹកញាប់ ព្រោះគាត់ស្ទូងស្រូវយឺតជាងអ្នកដទៃទៀត។

នៅកន្លែងធ្វើការងារ ប្រសិនបើមានអ្នកឈឺ អង្គការអនុញ្ញាឲ្យឈប់សម្រាក និងមានពេទ្យទៅជាមួយ ដើម្បីផ្ដល់ថ្នាំឲ្យលេប។ ចំពោះការហូបអាហារ ជាញឹកញាប់អង្គការរៀបចំដាំបបរចែកឲ្យប្រជាជនទាំងអស់ស្មើៗគ្នា មិនថាប្រជាជន ១៧មេសា ឬប្រជាជនចាស់។ មួយវិញទៀត ហឿន មិនបានដឹងថាមានការសម្លាប់មនុស្សនោះទេ ព្រោះគាត់ចេញទៅធ្វើការនៅក្រៅសហករណ៍រហូត។ ហឿន បានដឹងពីការសម្លាប់មនុស្សនៅមន្ទីរសន្តិសុខក្រាំងតាចាន់ និងកន្លែងផ្សេងៗទៀត បន្ទាប់ពីខ្មែរក្រហមដួលរលំ។ ហឿន បន្តថា ក្រៅពីបាត់បង់កូនស្រីម្នាក់ គាត់បាត់បង់បងប្អូនជីដូនមួយដែលធ្វើការងារជាកម្មាភិបាលខ្មែរក្រហមនៅក្នុងឃុំត្រពាំងធំ។

នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ហឿន បានឲ្យដឹងថា គាត់ធ្លាប់ទទួលបានការព្យាបាលដោយវះកាត់ចំនួន៣ដងគឺ វះកាត់ធ្មេញ, វះកាត់ភ្នែក និងវះកាត់ស្បូន។ បន្ទាប់ពីការវះកាត់ ជំងឺរបស់គាត់គឺបានជាសះស្បើយទាំងស្រុង ប៉ុន្តែអំឡុងពេលផ្ដល់បទសម្ភាសគាត់មានអាការៈ ស្រវាំងភ្នែក, ហឹងត្រចៀក និងចុះជើងខ្លាំងជាពិសេសនៅពេលដែលមេខចុះត្រជាក់។ ជំងឺដែល ហឿន កំពុងកើតមានមកពីអាយុរបស់គាត់កាន់តែច្រើន។ នៅពេលដែល ហឿន ឈឺគាត់ទៅទិញថ្នាំពេទ្យ ឬដាក់សេរ៉ូបនៅពេទ្យឯកជនយូរៗម្ដង។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី១១ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin