ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំតាមរថភ្លើង

វ៉ា ចៀន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ វ៉ា ចៀន ភេទប្រុស មានអាយុ ៦៧ឆ្នាំ ជាកសិករ។ ចៀន រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចៀន មានស្រុកកំណើតនៅខេត្តតាកែវ។ ចៀន មានឪពុកឈ្មោះ វ៉ា ជាអតីតទាហានរបបសង្គមរាស្ត្រនិយម និងម្ដាយឈ្មោះ ញ៉។ ចៀន ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។

នៅទសវត្សរ៍ឆ្នាំ១៩៧០ ចៀន ឈប់សិក្សាត្រឹមថ្នាក់ទី៥ (សង្គមចាស់)។ ដោយសារឪពុកជាទាហាន គ្រួសារចៀនក៏ទៅរស់នៅទីក្រុងភ្នំពេញមួយរយៈ។ នៅឆ្នាំ១៩៧៤ គ្រួសារចៀនក៏ត្រលប់ទៅរស់នៅខេត្តតាកែវវិញ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចបានជម្លៀសគ្រួសារចៀន និងប្រជាជនក្នុងភូមិទាំងអស់តាមរថភ្លើងពីខេត្តតាកែវទៅខេត្តបាត់ដំបង។  នៅខេត្តបាត់ដំបង ខ្មែរក្រហមបានបញ្ជាឲ្យ ចៀន រែកជីលាមកគោ ធ្វើស្រែចម្ការ ជីកប្រឡាយ និងលើកទំនប់។ ចៀន ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់នៅរបបខ្មែរក្រហម។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចៀន បានត្រលប់មកស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ដោយធ្វើជាកម្មកររោងចក្រភួយ។ ក្រោយមក ចៀន ចូលធ្វើជាទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជា។

នៅឆ្នាំ២០០០ ចៀន ត្រូវបានបញ្ជូនមកប្រចាំការនៅខេត្តស្ទឹងត្រែង។ ក្រោយមក ចៀន បានរៀបការជាមួយប្រពន្ធឈ្មោះ ហម ម៉ៅ និងមានកូនបួននាក់ ក្នុងនោះស្រីម្នាក់។ ចាប់តាំងពីពេលនោះ ចៀន បានប្រកបរបរធ្វើស្រែចម្ការនៅកោះព្នៅ និងនេសាទត្រីតាមដងទន្លេមេគង្គ៕

សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin