នីរសារគុកក្រាំងតាចាន់

មន្ទីរសន្តិសុខក្រាំងតាចាន់ ស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមប្រព័ន្ធកំណត់ទីតាំងភូមិសាស្រ្ដរដ្ឋបាលរបស់កម្ពុជាប្រជាធិបតេយ្យ មន្ទីរសន្តិសុខនេះ ស្ថិតនៅក្នុងស្រុក១០៥ តំបន់១៣ ភូមិភាគនិរតី។ អតីតប្រធានឃុំគុស ស្រុកត្រាំកក់ និងជាអតីតប្រធានមន្ទីរសន្តិសុខក្រាំងតាចាន់ឈ្មោះ ផាន់ ឆេន បាននិយាយថា “ពីមុនមក ក្រាំងតាចាន់ ជាកន្លែងប្រជុំរបស់បក្សកុម្មុយនីស្ដកម្ពុជា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ គណៈកម្មាធិការតំបន់ បានប្ដូរក្រាំងតាចាន់ ទៅជាកន្លែងឃុំឃាំងក្រោមការគ្រប់គ្រងរបស់គណៈស្រុក១០៥។”[1] ខាងក្រោមនេះគឺជាអត្ថបទសង្ខេបរបស់ឈ្មោះ វ៉ាន់ សឿន ហៅ ស៊ាន់ អតីតជាឆ្មាំគុក និងនីរសារម្នាក់ របស់មន្ទីរសន្តិសុខក្រាំងតាចាន់៖
វ៉ាន់ សឿន ភេទប្រុស អាយុ៤៨ឆ្នាំ(២០០៥) រស់នៅភូមិជ្រែ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សឿន បានផ្ដល់បទសម្ភាសន៍ ដល់ ជួង សុភារិទ្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៥។ ឪពុករបស់ សឿន ឈ្មោះ ម៉ៅ សែន ហើយម្ដាយឈ្មោះ ណាំ ផាន់។ សឿន មានបងប្អូន ៤នាក់ (ស្រី១នាក់)។ នៅអាយុ២២ឆ្នាំ សឿន បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ម យី និងមានកូនចំនួន៨នាក់ ស្រី៣នាក់។
កាលពីក្មេង សឿន បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី៩ នៅសាលារៀនសូរ (នៅក្នុងវត្តឧត្តមសូរិយា)។ សឿន ឈប់រៀនដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ចាប់តាំងពីឆ្នាំ១៩៧០មក នៅក្នុងភូមិជ្រែ ចាប់ផ្ដើមមានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ។ នៅឆ្នាំ១៩៧២ គ្រួសាររបស់ សឿន បានសម្រេចចិត្តភៀសខ្លួនទៅរស់នៅផ្ទះបងប្អូន ដើម្បីគេចពីកន្លែងសមរភូមិ។ សឿន ស៊ីឈ្នួលមើលទាឲ្យអ្នកភូមិ ដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ សឿន បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំដដែល ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ សឿន ពីភូមិរមៀត ឲ្យត្រឡប់មករស់នៅភូមិជ្រែវិញ ដើម្បីធ្វើស្រែ។
នៅឆ្នាំ១៩៧៤ ប្រធានយុវជន ឃុំលាយបូរ ឈ្មោះ បូរ បានហៅ សឿន ឲ្យចូលទៅជួយជញ្ជូនជ័យភណ្ឌយកទៅដាក់នៅមន្ទីរពេទ្យ។ សឿន រស់នៅឃុំលាយបូរ បាន១ខែ ក៏ត្រូវអង្គការបញ្ជូនឲ្យទៅធ្វើជាឈ្លបឃុំ ដើម្បីចាំបាញ់ទាហាន លន់ នល់ បន្តទៀត។ បន្ទាប់មក អង្គការបានបញ្ជូន សឿន ឲ្យទៅធ្វើជាឈ្លបស្រុក ហើយស្រុកបញ្ជូនគាត់បន្តទៀត ដើម្បីត្រៀមចូលសមរភូមិវាយចូលទីក្រុងភ្នំពេញ។ ក្នុងអំឡុងពេលត្រៀម សឿន បានឃើញយុវជនដែលចូលបដិវត្តន៍ស្លាប់ជាច្រើននាក់។ នៅពេលឃើញយុវជនស្លាប់ច្រើន សឿន បានសម្រេចិត្តរត់ចេញទៅរស់នៅក្នុងព្រៃស្ទឹងណោះ។ នៅក្នុងព្រៃ ឪពុករបស់ សឿន បានយកអាហារឲ្យគាត់ហូបជាប្រចាំ។
ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ខណៈពេលដែលចំនួនអ្នកស្ម័គ្រចិត្តចូលបដិវត្តន៍ថយចុះ ប្រធានភូមិ និងគណៈឃុំរបស់ខ្មែរក្រហមបានចាប់ផ្ដើមបង្ខំយុវជនវ័យក្មេងជាច្រើននាក់ ឲ្យចូលបម្រើក្នុងជួរកងទ័ព។ យុទ្ធជនភាគច្រើនបានឆ្លងកាត់សាលាបច្ចេកទេសយោធាតែមួយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលបញ្ជូនទៅកាន់សមរភូមិ។ ដូច្នេះហើយសមរភូមិប្រយុទ្ធត្រូវបានចាត់ទុកជាសាលាទ្រឹស្ដី និងសាលាអនុវត្តន៍ដ៏មានប្រសិទ្ធភាព។[2]
នៅដើមឆ្នាំ១៩៧៥ សឿន បានត្រឡប់មកផ្ទះវិញ ដើម្បីកាត់បន្ថយការលំបាករបស់ឪពុកម្ដាយគាត់។ ពេលមកដល់ផ្ទះ អង្គការបានយកភ្លើងបារីមកអុជត្រចៀករបស់ សឿន និងបញ្ជូនគាត់ឲ្យទៅធ្វើជានីរសាររបស់ពេទ្យអង្គតាសោមវិញ។ មន្ទីរពេទ្យអង្គតាសោម ស្ថិតនៅក្នុងភូមិរបស់ ថេង ក្បែរដើមឈើទាលធំមួយ ជាប់ពន្ធដារ។ នៅក្នុងមន្ទីរពេទ្យ មានសមាជិក១២នាក់។ ចំពោះរបបអាហារ អង្គការបានផ្ដល់ឲ្យ ៣កំប៉ុង ក្នុងមួយពេល សម្រាប់អ្នកធ្វើការងារនៅក្នុងមន្ទីរពេទ្យនេះ ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ សឿន រស់នៅក្នុងមន្ទីរពេទ្យមិនបានប៉ុន្មាន គាត់ក៏សុខចិត្តចូលធ្វើជាឈ្លបវិញ និងត្រៀមខ្លួនវាយចូលសមរភូមិ ខេត្តតាកែវ។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានបែងចែកយោធាឲ្យទៅធ្វើការងារផ្សេងៗគ្នា។ សឿន បានចូលធ្វើការងារក្នុងកងហា មានសមាជិកចំនួន៥០នាក់ ដើម្បីយាមប្រជាជនកុំឲ្យចូលភូមិសីម៉ា ព្រោះនៅក្នុងភូមិមានគ្រាប់មីនមិនទាន់ផ្ទុះ។ សឿន យាមនៅភូមិសីម៉ា រហូតដល់អង្គការដោះគ្រាប់មីនអស់ ទើបគាត់បន្តទៅធ្វើការងារនៅ អង្គធ្លក។ នៅអង្គធ្លក អង្គការបានឲ្យ សឿន ធ្វើការងារដាំដំឡូង និងពោត។ បើតាមសម្ដីរបស់ សឿន ការដាំដំណាំគឺមិនមាន គោ ឬក៏ក្របី សម្រាប់ប្រើប្រាស់នោះទេ។ មូលហេតុនេះហើយបានជាប្រជាជនត្រូវកាប់ដីដោយប្រើចប ហើយទឹមរទេះដោយប្រើកម្លាំងមនុស្ស ដើម្បីដឹកជីយកពីសហករណ៍។ សឿន បានឲ្យដឹងថា ក្នុងមួយរទេះគឺត្រូវប្រើកម្លាំងមនុស្ស៦នាក់។
នៅខែសីហា ឆ្នាំ១៩៧៥ ឈ្មោះភីម ដែលជាប្រធានក្រុមកងឈ្លបស្រុក បានបញ្ជូន សឿន ឌុច, ស៊ីម, សាំង, ទូច និង អ៊ួក ឲ្យមកយាម និងធ្វើស្រែនៅ មន្ទីរសន្តិសុខក្រាំងតាចាន់។ សឿន បានបន្តថា នៅគុកក្រាំងតាចាន់ មានអ្នកទោសប្រមាណ ៣០ ទៅ៤០នាក់ជាប់ឃុំឃាំងក្នុងពេលនោះ។ អ្នកទោសដែលជាប់ឃុំឃាំងនៅក្នុងគុកភាគច្រើន គឺជាប៉ូលិស ប៉េអឹម ទាហាន របស់លន់ នល់ និងមានប្រជាជនបញ្ជូនមកពីឃុំក្នុងស្រុកត្រាំកក់មួយចំនួនប៉ុណ្ណោះ។ អ្នកគ្រប់គ្រង និងមើលការខុសត្រូវក្នុងគុកក្រាំងតាចាន់ មានសមាជិក ៦នាក់ ឈ្មោះ ចេង, ឌុច, អាន់, ឈៀង, មឿន និងពេញ។ សឿន បានឲ្យដឹងទៀតថា ឈ្មោះ អាន់ ជាអ្នកសួរចម្លើយ ហើយឈ្មោះ ចេង និង ពេញ ជាអ្នកសរសេររបាយការណ៍ដោយដៃ។ ចំណែកឈ្មោះ ឌុច និងអ្នកផ្សេងទៀតគឺជាអ្នកចម្លងរបាយការណ៍ជាអង្គលីលេខ។ អ្នកទោសទាំងអស់ ដែលនាំចូលក្នុងមន្ទីរសន្តិសុខ គឺសុទ្ធតែទទួលរងនូវការវាយដំនៅពេលសួរចម្លើយម្ដងៗ។ បន្ទាប់ពីការសួរចម្លើយ ប្រធានសន្តិសុខបានធ្វើបញ្ជីឈ្មោះរួមមួយ រួចផ្ញើជូនទៅតា១៥[3](តាម៉ុក) ដើម្បីរាយការណ៍។
នៅក្នុងគុកក្រាំងតាចាន់ សឿន ធ្វើការជានីរសារ ធ្វើស្រែ និងសន្តិសុខយាមគុក។ ជាញឹកញាប់ សឿន ត្រូវនាំយកសំបុត្រ ឬបញ្ជីឈ្មោះទៅប្រគល់តាមឃុំនីមួយៗនៅក្នុងស្រុកត្រាំកក់ និងប្រគល់ទៅឲ្យ តាម៉ុក ដើម្បីត្រួតពិនិត្យ។ សឿន បានឲ្យដឹងថា ឈ្មោះដែល តាម៉ុក ឆូតពណ៌ក្រហមនៅលើបញ្ជីឈ្មោះ នឹងត្រូវយកទៅសម្លាប់នៅពេលបន្ទាប់។
សឿន បានឲ្យដឹងទៀតថា ការសម្លាប់មនុស្សគឺស្ថិតនៅជុំវិញគុក និងដឹកទៅតំបន់២០៤។ បើតាមសម្ដីរបស់ប្រជាជននៅព្រៃក្ដួច តំបន់២០៤ ស្ថិតនៅព្រៃដាច់ ខាងលិចស្រុកព្រៃក្ដួច។ ការសម្លាប់អ្នកទោសនៅក្នុងមន្ទីរសន្តិសុខ គឺធ្វើឡើងដោយប្រើ ចប ភ្លៅរទេះ និងកាំបិត។ ចំពោះការសម្លាប់មនុស្សនេះ សឿន មិនបានឃើញផ្ទាល់ភ្នែកទេ ប៉ុន្តែគាត់បានឃើញសាកសពនៅក្នុងរណ្ដៅ នៅពេលដែលប្រធានសន្តិសុខឲ្យគាត់ទៅជួយកប់សាកសព។
នៅក្នុងគុកក្រាំងតាចាន់ មាន ៣រោង គឺរោងមួយប្រក់ស្លឹកស្ថិតនៅទិសខាងលិច និង រោងពីរទៀតប្រក់ក្បឿងនៅទិសខាងកើត។ អង្គការបានឃុំឃាំងឲ្យអ្នកទោសកម្រិតធ្ងន់ ដាក់ជាជួរៗនៅក្នុងអាគារដោយជើងជាប់ខ្នោះ និងទុកចន្លោះកណ្ដាលសម្រាប់ដើរ។ នៅជុំវិញគុក អង្គការបានធ្វើជញ្ជាំងក្ដា និងរៀបបន្លាលួសពីលើដើម្បីព័ទ្ធជុំវិញ។ អ្នកជាប់ឃុំឃាំងក្នុងគុកនេះ គឺយកចេញចូលជាបន្តបន្ទាប់ ហើយអ្នកទោសកម្រិតស្រាល គឺត្រូវចេញទៅធ្វើការងារពេលថ្ងៃ និងចូលទៅសម្រាកក្នុងគុកវិញនៅពេលយប់។
នៅចុងឆ្នាំ១៩៧៨ ឈ្មោះ អាន់ បានបញ្ជូន សឿន, ស៊ីម, ទូច, ឌុច និងអ៊ួក ឲ្យទៅចូលរួមសមរភូមិប្រយុទ្ធជាមួយវៀតណាម។ សឿន និងមិត្តភក្ដិ បានចូលធ្វើជាយោធាខ្មែរក្រហម ក្នុងកងពលលេខ២១០ និងប្រយុទ្ធនៅសមរភូមិកំពង់ជ្រៃ។ នៅដើមឆ្នាំ១៩៧៩ យោធានៅក្នុងកងពលលេខ ២១០ បានបាក់ទ័ព និងនាំគ្នារត់ឡើងភ្នំ។ សឿន បានភៀសខ្លួនទៅដល់ រលាក់កងជើង ស្រុក៥១-៥២ និងដល់ស្ទឹងឃ្លាច។ ពេលទៅដល់ទីនោះ តាម៉ុក បានប្រាប់ប្រជាជនឲ្យមក ទឹកផុសវិញ ដើម្បីរៀបចំកងពល វាយបកទៅវៀតណាមវិញ។ សឿន បានត្រឡប់ចូលជាមួយ តាម៉ុក និងប្រយុទ្ធជាមួយវៀតណាមនៅក្នុងព្រៃជាបន្តបន្ទាប់។
នៅពេលប្រយុទ្ធគ្នាក្នុងព្រៃ យោធារបស់ខ្មែរក្រហមបានស្លាប់ជាច្រើននាក់ ដោយសារកខ្វះអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។ នៅពេលឃើញសភាពការណ៍បែបនេះ សឿន បានសម្រេចចិត្តចូលមកសារភាពជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅ ភូមិត្រពាំងកក់ ឃុំត្រពាំងធំខាងត្បូង។ ពេលចូលមកសារភាព សឿន និងយោធាចំនួន១២នាក់ បាននាំកាំភ្លើងអាកា បេ និងគ្រាប់បែក មកជាមួយ។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានរៀបចំសំបុត្រស្នាម និងអាហារ(បាយ និងនំបញ្ចុក) ឲ្យទៅសឿន មុនពេលត្រឡប់មកស្រុកកំណើតវិញ។ នៅពេលមកដល់ស្រុក សឿន បានជួបជុំគ្រួសារ និងប្រកបរបបធ្វើស្រែបន្តទៀត៕[4]
អត្ថបទដោយ ភា រស្មី
[1] ឯកសារ D427 (២០១០). ដីកាដំណោះស្រាយសំណុំរឿង០០២/១៩-០៩-២០០៧/អ.វ.ត.ក.–ក.ស.ច.ស របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត. ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០. អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. ទំព័រ១៦១។
[2] ហ៊ុន វណ្ណៈ, កងពលខ្មែរក្រហមលេខ៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង(ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៣) ទំព័រទី២។
[3] ឈិត ជឿន ហៅ តាម៉ុក គឺជាថ្នាក់ដឹកនាំភូមិភាគនិរតី(ភូមិភាគ៤០៥)។ ភូមិភាគនិរតី រួមមានខេត្តកំពត ខេត្តតាកែវ ទាំងមូល ស្រុក២ក្នុងខេត្តកំពង់ស្ពឺ និងស្រុក៥ក្នុងខេត្តកណ្ដាល។ ភូមិភាគនេះ បែងចែកជា៤តំបន់គឺ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។ ផេង ពង្សរ៉ាស៊ី et al, ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ៣៤។
[4] ឯកសារលេខ VOT0283(2005) កិច្ចសម្ភាសជាមួយឈ្មោះ វ៉ាន់ សឿន ហៅស៊ាន់ ដោយ ជួង សុភារិទ្ធ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០៥. មជ្ឈមណ្ឌលឯកសារកម្ពុជា ។