អង្គការបានសម្លាប់ប្ដីរបស់ខ្ញុំ

(តាកែវ) ៖ វ៉ែន ហុន ភេទស្រី មានអាយុ៨៩ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅស្ថិតនៅភូមិ-ឃុំដដែល។

ហុន បាននិយាយថា គាត់មិនសូវជានៅចងចាំបានច្រើននោះទេ ព្រោះគាត់មានអាយុច្រើនមានការភ្លេចភ្លាំងខ្លះៗ តែអ្វីដែលគាត់នៅតែចងចាំមិនអាចបំភ្លេចបាននោះគឺ រឿងដែលអង្គការបានចាប់ប្ដីរបស់គាត់យកទៅសម្លាប់ចោល និងកូនរបស់គាត់ពីរនាក់បានស្លាប់បាត់បង់ជីវិត។ ហុន មិនបានចាំច្បាស់នោះទេថាកូនរបស់គាត់ទាំងពីរស្លាប់ដោយសារអ្វី។

នៅពេលដែលកងឈ្លបចាប់ខ្លួនប្ដីរបស់គាត់ទៅនោះ គឺគាត់មិនបានដឹងថាប្ដីរបស់គាត់មានកំហុសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះអង្គការបានរូសរើផ្ទះរបស់គាត់ចោលទៀតផង។ អង្គការបានប្រាប់គាត់ថា មូលហេតុដែលអង្គការរូសរើផ្ទះនោះ គឺដើម្បីយកកន្លែងទុកដាក់ទិន្នផលស្រូវ។ ដោយមានការញុះញង់ពីសំណាក់ប្រជាជន ដែលរស់នៅភូមិជាមួយគាត់ដែរ ទើបខ្មែរក្រហមរូសរើបំផ្លាញផ្ទះរបស់គាត់បែបនេះ។

បន្ទាប់ពីអង្គការបានបំផ្លាញផ្ទះអស់ហើយ ជីវិតរបស់គាត់នៅពេលនោះគឺកំសត់ណាស់ ប្ដីស្លាប់ហើយ កូនក៏ស្លាប់ទៀត។ ហុន បានរៀបរាប់អំពីការដែលអង្គការបានវាយសម្លាប់ប្ដីរបស់គាត់ថា៖

«មុនដំបូងវ៉ៃល្មម! វ៉ៃល្មម គាត់ថាវ៉ៃស្អីអញឈឺអីឈឺ។ អត់ដឹងគេវ៉ៃឲ្យងាប់នោះ។ ពេលហើយគេថាប៉ុណ្ណឹងឈឺ តែម្ដងទៀតងាប់ហើយ»

នៅពេលដែលប្ដីរបស់គាត់ស្លាប់បាត់បង់ជីវិតទៅ ហុន ពិតជាជួបការលំបាកជាខ្លាំង ព្រោះគាត់មានកូនដល់ទៅប្រាំបីនាក់ នៅក្នុងបន្ទុក ហើយគាត់ត្រូវមើលថែកូនតែម្នាក់ឯង។ កូនៗរបស់គាត់ពិតជាមានភាពភ័យខ្លាចដក់ជាប់នៅក្នុងចិត្តឲ្យតែលឺពាក្យថាអង្គការ ព្រោះខ្លាចអង្គការយកទៅសម្លាប់។

ប្រជាជននៅពេលនោះ មិនសូវជាទទួលទានអាហារបានគ្រប់គ្រាន់នោះទេ មានការខ្វះខាតជាច្រើន។ គាត់បាននិយាយថា ទិន្នផលស្រូវដែលប្រជាជនប្រមូលផលគឺទទួលបានច្រើនគួរសម ប៉ុន្តែរបបអាហារបែរជាខ្វះខាតទៅវិញ។ គាត់ក៏បានបន្ថែមថា មានប្រជាជនមួយចំនួនត្រូវបាត់បង់ជីវិត ដោយសារតែមិនមានអាហារបរិភោគមិនគ្រប់គ្រាន់។

ទោះបីជារបបខ្មែរក្រហមត្រូវបានបញ្ចប់ហើយក្ដី ហុន នៅតែមានអារម្មណ៍ភ័យខ្លាច ព្រោះគាត់គិតថាអាចនឹងមានអ្នក ដែលមកចាប់គាត់យកទៅសម្លាប់ដូចជាប្ដីរបស់គាត់ដែរ។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ គាត់បានស្វែងរកទីកន្លែងដែលបញ្ចុះសាកសពប្ដីរបស់គាត់ ហើយបានប្រមូលយកឆ្អឹង និងសម្លៀកបំពាក់ ដើម្បីយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនប្ដីរបស់គាត់៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin