កងនារីចល័ត នៅក្នុងរបបខ្មែរក្រហម

(តាកែវ) ៖ វ៉ែន យ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។

អំឡុងរបបខ្មែរក្រហមបានចាប់ផ្ដើម យ៉េត មានអាយុប្រហែលជា២០ឆ្នាំ។ ពេលនោះគាត់បានចូលក្នុងកងនារីចល័ត ព្រោះជាវ័យពេញកម្លាំងសម្រាប់ធ្វើការ។ នៅក្នុងកងនារីចល័តអង្គការប្រើឲ្យធ្វើការធ្ងន់ៗ ដូចជារែកដី ជីកព្រែកនៅភូមិសមរខ្មែរ។ បន្ទាប់មកអង្គការបានបញ្ជូនកងនារីចល័តព្រមទាំង យ៉េត ឲ្យទៅរែកដីធ្វើប្រព័ន្ធភ្លឺស្រែនៅតំបន់ឆ្ងាយៗពីផ្ទះស្នាក់របស់គាត់។

ក្រុមការងារត្រូវសង់ខ្ទមនៅការដ្ឋានដើម្បីស្នាក់ ហើយនៅពេលខ្លះត្រូវសម្រាកនៅក្នុងវត្ត។ ការងារដែលធ្វើនៅក្នុងរបបនោះគឺធ្វើដោយកម្លាំងមនុស្សសុទ្ធសាធគ្មានកម្លាំងម៉ាស៊ីនជួយឡើយ។ កន្លែងដែលកងនារីចល័តធ្វើការងារនោះគឺ ភ្នំបុរី ភ្នំដា ភ្នំចក និងតំបន់០៩។

ម៉ោងធ្វើការងារគឺចាប់ពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ សម្រាកហូបបបរប្រហែលជាបានមួយម៉ោង ត្រូវចូលធ្វើការវិញពីម៉ោងមួយរសៀលរហូតដល់ម៉ោងប្រាំល្ងាចទើបបានឈប់សម្រាក។ គាត់បានបន្ថែមទៀតថានៅពេលដែលទៅធ្វើការនៅតំបន់កាត់ភ្លុក សូម្បីតែទឹកក៏មិនមានប្រើប្រាស់គ្រប់គ្រាន់ ត្រូវជីកដីដើម្បីមានទឹកសម្រាប់ដាំបាយ ពេលដែលដល់ពេលងូតទឹកត្រូវទៅងូតទឹកនៅតំបន់កាត់ភ្លុក នៅទីនោះមានទឹកជ្រោះមួយកន្លែងដែលអាចឲ្យប្រជាជនងូតបាន។

ចំពោះរបបអាហារ គាត់បានលើកឡើងថា មានត្រឹមតែបបររាវលាយជាមួយត្រកួន ព្រលិត និងពោតតែប៉ុណ្ណោះ។ ដោយសារតែរបបអាហារមិនគ្រប់គ្រាន់ យ៉េត បានលួចរើសខ្យងលាក់នៅចង្កេះខោទុកសម្រាប់ហូប តែនៅពេលដែលចប់ម៉ោងការងារអង្គការបានឲ្យប្រជាជនឈរតម្រង់ជូរគ្នាដើម្បីឆែកមើលថាមានលាក់អ្វីដែរឬទេ នៅពេលដែលគេរកឃើញគេនឹងយកចេញ។

នៅក្នុងរបបនោះសម្លៀកបំពាក់នៅក្នុងប្រជាជនម្នាក់បានតែមួយសម្រាប់ម្នាក់ប៉ុណ្ណោះ។ ករណីមានរហែកពេលងូតទឹកហើយត្រូវស្លៀកកន្សែងសិនដើម្បីយកខោអាវនោះប៉ះកន្លែងដែលមានស្នាមរហែក។ យ៉េត បានប្រាប់បន្ថែមថាមានប្រជាជនម្នាក់ដែលស្នាក់នៅជាមួយគាត់បានស្លាប់បាត់បង់ជីវិតដោយសារតែកង្វះអាហារបរិភោគ​​ព្រមទាំងមានជំងឺផងដែរ។

ចំពោះប្រជាជនដែលមានជំងឺ បើសិនជាឈឺធម្មតាស្រាលៗ អង្គការឲ្យទៅធ្វើការធម្មតា តែសម្រាប់អ្នកដែលមានជំងឺធ្ងន់អង្គការបានអនុញ្ញាតឲ្យឈប់សម្រាក។ យ៉េត បានលើកឡើងថា នៅក្នុងរបបនោះអង្គការបានចាប់គូររៀបការឲ្យនៅតំបន់០៩ ជាកន្លែងដែល យ៉េត ធ្វើការ។ ​នៅពេលដែលរបបខ្មែរក្រហមបានបញ្ចប់ទៅ យ៉េត បានត្រឡប់មករស់នៅស្រុកកំណើតជួបជុំគ្រួសារ៕

សម្ភាសន៍ដោយ ថឹក ចាន់ណា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin