គ្មានស្បែកជើងពាក់

(ក្រចេះ)៖ ជី បានចែករំលែកអំពីបទពិសោធន៍រស់នៅឆ្លងកាត់របបខ្មែរក្រហម ប្រកបដោយទុក្ខលំបាកជាច្រើន ដែលក្មេងជំនាន់ក្រោយមិនធ្លាប់បានឆ្លងកាត់។ នៅអំឡុងរបបខ្មែរក្រហម ជី គ្មានសូម្បីតែស្បែកជើងសម្រាប់ពាក់ ហើយគាត់ត្រូវដើរដោយជើងទទេជារៀងរាល់ថ្ងៃ, គ្មានសាប៊ូកក់សក់, សាប៊ូបោកខោអាវ និងថ្នាំដុសធ្មេញសម្រាប់ប្រើប្រាស់ឡើយ។ ជី ត្រូវការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ ហើយការងារដែលអង្គការចាត់តាំងឱ្យគាត់ធ្វើ គឺតាមរដូវកាល ដោយខែប្រាំងគាត់ត្រូវរែកដីនៅទំនប់,និង ជីកប្រឡាយ ចំណែកនៅរដូវវស្សា គាត់ត្រូវស្ទូងស្រូវ និងគាស់គល់ឫស្សី។

វរ៍ ជី អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ដៃ-ជើង, ងងឹតភ្នែក និងជំងឺអាលែកហ្ស៉ីច្រមុះ។

នៅឆ្នាំ១៩៧០ មេភូមិបានបញ្ជូន ជី ទៅហ្វឹកហ្វឺនជាយោធា និងចាត់តាំងឱ្យគាត់ដើរអប់រំប្រជាជនតាមមូលដ្ឋានអំពីបដិវត្តន៍។ នៅឆ្នាំ១៩៧២ គាត់បានផ្លាស់ប្ដូរមកធ្វើការជាអ្នកចាំយកប្រាក់នៅខេត្តក្រចេះ។ ឈានចូលដល់ឆ្នាំ១៩៧៤ ជី បានប្ដូរទៅធ្វើការងារនៅក្នុងកងនេសាទ ទទួលបន្ទុកខាងប្រឡាក់ត្រី និងធ្វើផ្អកដើម្បីបញ្ជូនឱ្យកងទ័ព។ ចេញពីកងនេសាទ​ គាត់ត្រូវបានចាត់តាំងឱ្យទៅលក់សាច់ជ្រូកនៅផ្សារក្នុងខេត្តក្រចេះ។

នៅឆ្នាំ១៩៧៥ ជី បានរៀបការជាមួយនឹងប្ដីរបស់គាត់ តាមការរៀបចំរបស់ខ្មែរក្រហម។ នៅពេលនោះ កម្មពិធីរៀបការរបស់គាត់ ធ្វើឡើងតែសម្រាប់ប្តីប្រពន្ធគាត់មួយគូប៉ុណ្ណោះ។ ជី បានបញ្ជាក់ថា ពេលដែលគាត់រៀបការ ខ្មែរក្រហមមិនទាន់រឹតបន្តឹងខ្លាំងនោះទេ។ នៅអំឡុងឆ្នាំ១៩៧៦ ទើបមានការបង្ខិតបង្ខំខ្លាំង ហើយការរៀបការធ្វើឡើងសម្រាប់គូស្រករច្រើនៗគូ។

ជី បាននិយាយថា នៅក្នុងរបបខ្មែរក្រហម បងប្អូនជីដូនមួយរបស់គាត់ដែលរស់នៅស្រុកកោះសូទិន ចំនួន២០នាក់ បានបាត់បង់ជីវិតដោយសារឈ្លបចាប់យកទៅសម្លាប់។ នៅពេលនោះដែរ មានប្រជាជនជាច្រើនទៀតបានស្លាប់ដោយសារតែជំងឺ, ធ្វើការងារគ្មានពេលសម្រាកគ្រប់គ្រាន់, ការរស់នៅគ្មានអនាម័យ ព្រមទាំងការធ្វើទារុណកម្ម។ ជី បានបន្ថែមថា ការរស់នៅរបស់គាត់នៅក្នុងរបបខ្មែរក្រហម គឺគ្មានសិទ្ធិសេរីភាពឡើយ សូម្បីតែការនិយាយស្ដី។ ខ្មែរក្រហម តែងតែចាត់តាំងឱ្យឈ្លបទៅលបចាំស្ដាប់ការពិភាក្សារបស់ប្រជាជនតាមផ្ទះនីមួយៗ ព្រោះខ្លាចប្រជាជនបះបោរប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។

នៅឆ្នាំ១៩៧៨ ប្ដីរបស់ជី ដែលមានតួនាទីជាគ្រូពេទ្យ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ព្រោះគិតថាគាត់ជាគិញសម្ងាត់របស់បរទេស។ នៅអំឡុងពេលនោះ កងទ័ពរបស់វៀតណាមបានវាយចូលទឹកដីកម្ពុជា ហើយប្រជាជនត្រូវបានជម្លៀសចេញពីសហករណ៍ទៅនៅក្នុងព្រៃ ឬតំបន់ផ្សេង។ ចំណែក ជី ត្រូវអង្គការចាត់បញ្ជូនទៅសហករណ៍អូរសំពោច។ បន្ទាប់ពី ជី ទៅរស់នៅអូរសំពោចបានរយៈពេល៧ខែ របបខ្មែរក្រហមបានដួលរលំ។ ជីជាមួយនឹងកូនៗវិលត្រឡប់ទៅរស់នៅភូមិបន្ទាយវិញ៕

សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin