អ្វីទៅជាសារសំខាន់នៃឯកសាររូបថត?
អ្វីទៅជាសារសំខាន់នៃឯកសាររូបថត?
បណ្តុំរូបថតឡេះកូសេម ក្នុងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត គឺជាប្រភេទឯកសាររូបភាពដែលបានបង្កប់នូវ រូបារម្មណ៍, អត្ថរូប, និង អត្ថន័យដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអាចត្រូវបានធ្វើការពិពណ៌នា ដោយផ្អែកលើតថភាពភាពជាក់ស្តែងនៃរូបភាពទាំងអស់នោះ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍, ពេលវេលា, កាលប្បវត្តិ, មនុស្ស, សត្វ, និង វត្ថុ-រុក្ខជាតិ ជាដើម។ ជាក់ស្តែង រូបថតចំនួនបីសន្លឹកដែលបានលើកយកមកពិពណ៌នាខាងក្រោមនេះ គឺគ្រាន់តែលើកយកមកពិពណ៌ជាឧទាហរណ៍បឋម ក្នុងចំណោមរូបថតផ្សេងៗទៀតដែលត្រូវបានអភិរក្សទុកក្នុងបណ្តុំរូបថតដើមរបស់ឡេះកូសេម (Les Kosem Photos Collection)[1] មានចំនួនរាប់សិបពាន់សន្លឹក ក្នុងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ យើងអាចដឹងបានថា៖ តាមយថភាពនៃរូបថតទាំងបីសន្លឹកនេះ គឺស្ថិតត្រង់ចំនុចទីតាំងមួយនៅប៉ោយប៉ែត តាមបណ្តោយនៃព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលប្រហែលជា៩ខែ បន្ទាប់ពីយោធាខ្មែរក្រហមវាយដណើ្តមកាន់កាប់ទីក្រុងភ្នំពេញបានដោយជោគជ័យទាំងស្រុង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកឡេះកូសេម (Les Kosem)[2] មានដើមកំណើតជនជាតិខ្មែរ-អ៊ីស្លាម ហើយជាអតីតមេបញ្ជាការនៃកងទ័ពអាកាស(កងទ័ពឆ័ត្រយោង) និងបានបំរើការងាររាជការពីររបបគឺ៖ របបសង្គមរាស្រ្តនិយម និង របបសាធារណរដ្ឋខ្មែរ។ ជាកំណត់សំគាល់ បណ្តុំរូបថតដើមរបស់ឡេះកូសេមដែលបានអភិរក្សក្នុងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាឯកសាររូបភាពមួយផ្នែកនៃប្រវត្តិសាស្រ្តកម្ពុជា និងបានបង្កប់នូវទិដ្ឋភាពនិងតថភាពភាពសង្គមដ៏កម្រ ក្នុងវិសាលភាពនៃអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, ១៩៦០, និង១៩៧០ ហើយជាពិសេសជាងនេះទៀត អ្វីដែលយើងអាចដឹងបាននោះ គឺយោងតាមរយ:កំណត់ត្រានៅត្រង់ផ្នែកខាងក្រោយនៃរូបថតទាំងអស់នោះ។ ជាការពិត នេះជាឧទាហរណ៍មួយដោយយោងលើរូបភាព និងខ្លឹមសារនៃកំណត់ត្រារូបភាពបីសន្លឹកនោះ គឺបានបញ្ជាក់ច្បាស់អំពីព្រឹត្តិការណ៍មួយ ទាក់ទិននឹងវត្តមានរបស់ក្រុមភ្នាក់ងារសេអ៊ីអា(CIA) ឫ ក្រុមភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក(Central Intelligence Agency) នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយអំឡុងពេលនោះក្រុមខ្មែរក្រហម បានដាក់កងកម្លាំងយោធារបស់ខ្លួននៅយាមការពារលើស្ពានថ្មមួយ(ស្ពានប៉ោយប៉ែត) ហើយបានរាយបន្លាលួសចុងស្ពានយ៉ាងតឹងរ៉ឹង ដើម្បីការពារការជ្រៀតចូលជាយថាហេតុ។
រូបថតទី១៖ បង្ហាញពីការថតរូបជុំគ្នារបស់ក្រុមភ្នាក់ងារសេអ៊ីអា(CIA) ក្នុងនោះមានរូបជនជាតិបរទេសចំនួន៧រូប និងទាហានខ្មែរចំនួន៤រូបផ្សេងទៀត។ តាមរយ:នៃឯកសណ្ឋានយោធាដែលបានមើលឃើញ យើងអាចជឿទុកចិត្តបានថា៖ ទាហានខ្មែរទាំងនោះ គឺជាទាហានខ្មែរ ក្នុងរបបសាធារណរដ្ឋខ្មែរ[3] (១៩៧០-១៩៧៥)។
ក្នុងចំណារផ្នែកខាងក្រោយនៃរូបថតទី១ដដែលនេះ មានខ្លឹមសារថា៖ «រូបកណ្តាលនេះ គឺ Mr. George Creamer C.I.A ទៅស៊ើបអង្កេត ពីចលនាយើងជាញឹកញាប់ តែមិនដែលបានជួយអ្វីឡើយ»[4]។
រូបថតទី១ ពីឆ្វេងទៅស្តាំ៖ បុរសម្នាក់(រូបទី៥) ឈរជួរមុខគឺ លោក ជ័ចក្រេមម័រ និងក្រុមភ្នាក់ងារសេអ៊ីអា១០រូបទៀត។
ខ្លឹមសារដើមក្នុងចំណារផ្នែកខាងក្រោយ នៃរូបថតទី១
រូបថតទី២៖ បង្ហាញពីការចាប់ដៃស្វាគមន៍គ្នារវាងជនបរទេសម្នាក់ឈ្មោះ George ជាមួយនិងទាហានខ្មែរក្រហមម្នាក់(មិនស្គាល់ឈ្មោះ) ដែលប្រដាប់ដោយអាវុធមួយដើមនិងទូសស៊ាបង់គ្រាប់កាំភ្លើងមួយនៅដើមទ្រូង នៅលើចំណុចមួយចុងស្ពានដែកបោយប៉ែត។ បុរសម្នាក់ដែលឈរក្រោយខ្នងជនបរទេសឈ្មោះ George គឺមានឈ្មោះថា៖ លោកសំបូ ហើយយើងក៏អាចដឹងបានទៀតថា រូមថតនេះត្រូវបានថត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៥។[5]
ក្នុងចំណារផ្នែកខាងក្រោយ(សរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស)នៃរូបថតទី២ ដដែលនេះ មានខ្លឹមសារថា៖
« Mr. George កំពុងចាប់ដៃជាមួយខ្មែរក្រហម យាមនៅចុងស្ពាន ប៉យប៉ែត – និងលោកសំបូ ឈរពីក្រោយ – 17 Dec 75 Aranyaprathet, To: SAN Sambo, 5 Dec 75 when we met with the Khmer Rouge on the Bridge – Good luck. George Creamer»។[6]
រូបថតទី២ ពីឆ្វេងទៅស្តាំ៖ បុរសទី១ឈ្មោះ សំបូ បុរសទី២ឈ្មោះ ជ័ច ក្រេមម័រ(George Creamer) និងបុរសទី៣ទាហានខ្មែរក្រហមដែលមិនស្គាល់ឈ្មោះ។ ក្នុងនេះដែរមានភ្ជាប់ចំណារផ្នែកខាងក្រោយរូបថត ដែលសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស។
រូបថតទី៣៖ បង្ហាញអំពីជនជាតិបរទេសម្នាក់ដែលពាក់អាវពណ៌ស បានហុចកញ្ចប់តូចមួយ[7] ឲ្យទៅទាហានខ្មែរក្រហមម្នាក់ដែលប្រដាប់ដោយអាវុធមួយដើម និងទូសស៊ាបង់គ្រាប់កាំភ្លើងមួយនៅដើមទ្រូង ព្រមទាំងមានទាហានខ្មែរក្រហមម្នាក់ទៀតបានឈរក្បែរផ្នែកខាងស្តាំនៅលើចុងស្ពានដែកមួយ ក្នុងនោះមានរាយបន្លាលួសឃាំងពីមុខយ៉ាងតឹងរ៉ឹង ដើម្បីការពារការជ្រៀតចូលឆ្លងកាត់ស្ពានជាយថាហេតុ។
រូបថតទី៣ ពីឆ្វេងទៅស្តាំ៖ បុរសទី១ទាហានខ្មែរក្រហមមិនស្គាល់ឈ្មោះ បុរសទី២ ទាហានខ្មែរក្រហមមិនស្គាល់ឈ្មោះ និង បុរសទី៣ មិនស្គាល់ឈ្មោះ។
បណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាទីតាំងផ្ទុកនូវបណ្តុំឯកសារចម្រុះ[8]ដ៏សន្ធឹកសន្ធាប់ ដែលទាក់ទិននឹងព្រឹត្តិ្កការណ៍ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះក្នុងឆ្នាំ១៩៧៥-១៩៧៩ និងព្រះរាជសកម្មភាព ព្រះរាជកិច្ច និងព្រះរាជប្រវត្តិរាជវង្សានុវង្សនៃព្រះបរមរតនកោដិ ក្នុងចន្លោះឆ្នាំ១៩៥០-១៩៧៥។ ចាប់តាំងពីឆ្នាំ១៩៩៥ មកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានខិតខំប្រឹងប្រែងពុះពាររាល់គ្រប់ការលំបាកដោយលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងថវិការមួយចំនួនធំ ដែលទទួលបានមកពីម្ចាស់ផ្តល់ជំនួយរបរទេសនានា ពិសេសជំនួយថវិការដ៏ធំជាងគេពីរដ្ឋាភិបាលសហរដ្ឋអាមេរិច(USAID)សម្រាប់គាំទ្រដំណើរការរៀបចំប្រមែប្រមូល ចងក្រងឯកសារ ការអភិរក្សឯកសារ និងផ្សព្វផ្សាយព័ត៌មាននៃឯកសារ ប្រកបដោយប្រសិទ្ធិភាព ឯករាជ្យភាព និងក្រមសីលធម៌វិជ្ជាជីវ: ដែលក្នុងនោះគឺបានផ្អែកលើគោលការណ៏សំខាន់ៗពីរគឺ៖ ការរៀបចំចងក្រងឯកសារ អភិរក្សឯកសារ និងអប់រំផ្សព្វផ្សាយស្តីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការប្រមូលផ្តុំឯកសារប្រវត្តិសាស្ត្រ និងសម្ភារៈពាក់ព័ន្ធនានាដែលជាប្រភពព័ត៌មានភស្តុតាងដ៏មានសក្តានុពល សម្រាប់ការគាំទ្រដំណើរការស្វែងរកជនទទួលខុសត្រូវចំពោះបទឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះដែលបានស្លាប់និងអ្នកនៅរស់រានមានជីវិត។
លើសពីនេះទៀត គឺបានផ្តោតលើការសិក្សាស្រាវជ្រាវ និងការអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្ម ក្នុងសហគមន៍ស្ទើរទូទាំងប្រទេស ក្នុងនោះក៏បានលើកកំពស់នៃការយល់ដឹងសម្រាប់ការអប់រំក្រៅប្រព័ន្ធ ស្តីពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម ហើយព្រមទាំងបានផ្សព្វផ្សាយព័ត៌មានជាសាធារណស្តីពីដំណើរការវិវឌ្ឍន៍នៃអង្គហេតុ និងអង្គច្បាប់ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ជូនដល់អ្នករស់រានមានជីវិតតាមសហគមន៍នានា។ ពិសេសជាងនេះទៀត បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា បាននឹងកំពុងបន្តការងារជួយជំរុញ អប់រំផ្សព្វផ្សាយ និងលើកម្ពស់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងការស្វែងរកព័ត៌មាននៃមនុស្សជាទីស្រលាញ់ដែលបានបាត់ខ្លួន និងបានស្លាប់ក្នុងរបបខ្មែរក្រហម។
អត្ថបទដោយ៖ រស់ សំពៅ
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
៚៚៚៚៚៚
[1] យោងតាមបញ្ជីបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា៖ បណ្តុំឯកសារឡេះកូសេមមានពីរប្រភេទគឺ ឯកសារក្រដាស់ដើមចំនួន២,២២៥ឯកសារ និងឯកសាររូបថតដើមចំនួន៣,៦៧៦សន្លឹក ស្ថិតក្នុងចន្លោះឆ្នាំ១៩៥០-១៩៧០ និងត្រូវបានផ្តល់ដោយភរិយា(ណាតៃយ៉ា) របស់លោកឡេះកូសេម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
[2] យោងតាមបញ្ជីបណ្ណសារឡេះកូសេមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ឯសារក្រដាស់ដើមចំនួន២,២២៥ឯកសារ និង ឯកសាររូបថតដើមចំនួន៣,៦៧៦សន្លឹក
[3] មើលរូបភាពទី១ ដែលបានភ្ជាប់ក្នុងអត្តបទនេះ។
[4] មើលរូបភាពទី២ ដែលបានភ្ជាប់ក្នុងអត្តបទនេះ។
[5] មើលរូបភាពទី៣ ដែលបានភ្ជាប់ក្នុងអត្តបទនេះ។
[6] មើលរូបភាពទី៣ ដែលបានភ្ជាប់ក្នុងអត្តបទនេះ។
[7] មើលតាមរយ:រូបថតទី៣ ទំនងជាកញ្ចប់បារី។
[8] ឯកសារប្រវត្តិសាស្រ្តខ្មែរក្រហម(១៩៧៥-១៩៧៩)និង ឯកសារសិទ្ធិមនុស្ស(មុន១៩៧៥ និង ក្រោយ១៩៧៩)៖ ឯកសារក្រដាស់, ឯកសារភស្តុតាង, ឯកសារសំឡេង, ឯកសាររូបថត, និង ភាពយន្តឯកសារ។