ឪពុកដែលជាទាហានត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៦៨ យ៉ាន់ សុខេន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ សុខេន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុខេន មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
នៅទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសារសុខេន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិអូររុន ក្រោមគោលនយោបាយការពារព្រំដែនរបស់សម្តេចព្រះ នរោត្តម សីហនុ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ ធ្វើឲ្យការរស់នៅរបស់ប្រជាជនមានការលំបាក។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកកាន់កាប់ភូមិអូររុន និងសម្លាប់ឪពុកសុខេន ដែលជាអតីតទាហានសក្ដិប្រាំក្នុងរបបសង្គមរាស្ត្រនិយម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅតាមសហករណ៍។ នៅឆ្នាំ១៩៧៨ សុខេន ដែលមានអាយុ ៨ឆ្នាំ ត្រូវខ្មែរក្រហមជម្លៀសទៅធ្វើការក្នុងកងចល័ត នៅសហករណ៍ញើន។ សុខេន ត្រូវបែកបាក់ពីម្ដាយ និងបងប្អូន និងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដូចជាបាចជី, រែកដី, លើកទំនប់ និងធ្វើស្រែ។ សុខេន និយាយថា គាត់ពិតជានឹកម្ដាយខ្លាំង និងឈឺចាប់នៅពេលខ្មែរក្រហមបំបែកបំបាក់គ្រួសារគាត់។ សុខេន បន្តថាគាត់ឃើញប្រជាជន១៧មេសាជាច្រើននាក់ ដែលខ្មែរក្រហមជម្លៀសមក ត្រូវបានស្លាប់ដោយសារអត់ឃ្លាន និងធ្វើការហួសកម្លាំង នៅសហករណ៍ញើន។
នៅឆ្នាំ១៩៧៩ ក្រោយពីរបបខ្មែរក្រហមដួលរលំ សុខេន បានត្រលប់មកស្រុកកំណើតនិងជួបជុំម្ដាយនិងបងប្អូនស្រីដែលនៅរស់រានមានជីវិត ចំណែកបងប្អូនប្រុសបីនាក់ទៀតរបស់គាត់ បានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៩៤ សុខេន បានរៀបការ និងមានកូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។ សព្វថ្ងៃ សុខេន ប្រកបរបរធ្វើស្រែចម្ការ និងនេសាទ៕
សម្ភាសដោយ ហ៊ លីអឺរ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥