យ៉ាង បុត្រ៖ លើកទំនប់នៅទន្លេបាទី

យ៉ាង បុត្រ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ យ៉ាង បុត្រ ភេទស្រី កើតក្នុងឆ្នាំថោះ មានអាយុ ៧១ឆ្នាំ។ បុត្រ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ បុត្រ មានម្ដាយឈ្មោះ ម៉ុច ប៊ុន, ឪពុកឈ្មោះ យិន ប៊ុត និងមានបងប្អូនចំនួនប្រាំពីរនាក់។

នៅរបបសង្គមរាស្ត្រនិយម បុត្រ មិនបានរៀនសូត្រនោះទេ និងប្រកបរបរលក់ដំឡូង។ បុត្រ ចងចាំថា នៅរបប លន់ នល់ គឺមានការទម្លាក់គ្រាប់បែកនៅភូមិអង្គ និងមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហមជាមួយទាហាន លន់ នល់ (កងទ័ពស្រោចស្រង់ជាតិ)។

នៅឆ្នាំ១៩៧៥ បុត្រ ត្រូវបានខ្មែរក្រហមបានចាត់ទុកជាប្រជាជនមូលដ្ឋាន និងត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្ដាយ។ បុត្រ ត្រូវទៅធ្វើការក្នុងកងចល័ត ដោយត្រូវធ្វើស្រែ, រែកដី, ជីកប្រឡាយ និងលើកទំនប់នៅទន្លេបាទី និងភូមិស្វាយខម។ បុត្រ ត្រូវធ្វើពលកម្មពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង៦យប់ និងជួនកាលដល់ម៉ោង៩យប់ ទើបគាត់បានសម្រាក។ រៀងរាល់បីថ្ងៃម្តង គឺមានការប្រជុំក្នុងជួរកងចល័ត។ ចំណែករបបអាហារ គឺមានតែបបរលាយជាមួយពោត ឬដំឡូងប៉ុណ្ណោះ។

បុត្រ និយាយថា នៅរបបខ្មែរក្រហម ប្រជាជនថ្មីនិង អតីតគ្រូបង្រៀន ដែលខ្មែរក្រហមជម្លៀសចេញមកពីទីក្រុង ត្រូវបានឃុំឃាំង និងសម្លាប់នៅវត្តកកោះ និងនៅភូមិត្រពាំងព្រះ។ ចំណែកប្រជាជនក្នុងភូមិមួយចំនួន ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅខេត្តបាត់ដំបង។ ក្រៅពីនេះ នៅសហករណ៍ គណៈឃុំបានចាប់បង្ខំប្រជាជនឲ្យរៀបការ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បុត្រ និងបងប្អូនទាំងអស់ដែលរស់រានមានជីវិត បានត្រលប់មករស់នៅភូមិកំណើតវិញ។ បច្ចុប្បន្ន បុត្រ មានជំងឺសន្លាក់ដៃជើង និងរស់នៅជាមួយកូន៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin