គេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់

យាង ចន្ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ យាង ចន្ថា មានអាយុ ៥១ ឆ្នាំ ជាប្រជាកសិកររស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅឆ្នាំ១៩៧៦ គាត់បានចាំថា គាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យបោចស្មៅសន្ទូងនៅតាមវាលស្រែជាមួយកុមារដ៏ទៃទៀត។ កងកុមារនៃក្រុមរបស់គាត់ មានសមាជិក៧នាក់ ជារៀងរាល់ថ្ងៃ គាត់ត្រូវងើបពីព្រឹកទៅកាត់ដើមទន្ទ្រានខេត្រ សម្រាប់ធ្វើជីធម្មជាតិ។

នៅឆ្នាំ១៩៧៧ គាត់បន្តទៅធ្វើការតាមទំនប់ប្រឡាយ ដោយលីសែងបង្គីដែលធំជាងខ្លួន សម្រាប់ចាក់ដីបំពេញតាមទំនប់។ ក្រៅពីធ្វើការ ខ្មែរក្រហមចាប់ផ្តើមបង្រៀនកុមារនៅតាមការដ្ឋានសហករណ៍ ក្នុងមួយអាទិត្យ បានតែពីរថ្ងៃ ក្នុងមួយថ្ងៃមួយម៉ោង បន្ទាប់មកកុមារត្រូវបង្ខំឲ្យទៅលីសែងដីបន្តទៀតដោយគ្មានការឈប់សម្រាកនោះទេ។

ដោយឡែកការហូបចុក មានតែបបររាវ។ គ្រាន់តែលឺស្នូរជួង ចន្ថា រត់ទៅរោងបាយសហករណ៍ ទាំងប្រញាប់ប្រញាល់ ជួនកាលទៅមិនទាន់គេ គាត់យំដោយសារមិនមានអ្វីសម្រាប់ហូប។

នៅក្នុងកងកុមារនេះ មានយាយម្នាក់សម្រាប់មើលថែទាំ នៅពេលដែលឪពុកម្តាយត្រូវទៅធ្វើការតាមអង្គភាព។ គាត់មិនដែលបានឃើញមុខឪពុករបស់ខ្លួននោះទេ តែបានឃើញមុខម្តាយបានម្តងតែប៉ុណ្ណោះ។ ម្តាយរបស់គាត់ត្រូវបានគេសែងយកទៅព្យាបាលនៅពេទ្យតាមផ្ទះ ពីរថ្ងៃក្រោយមកទើបគាត់លឺថា ម្តាយរបស់គាត់បានត្រឡប់ទៅធ្វើការតាមសហករណ៍វិញ។

នៅចុងឆ្នាំ ១៩៧៨ មានដំំណឹងថាខ្មាំងយួនចូលមកដល់ ប្រធានអង្គការនៅក្នុងតំបន់បានឃោសនាថា «នារីកាត់ដោះ បុរសកាត់ដៃ កូនក្មេងវះពោះច្រកស្មៅ នាំគ្នាគេចខ្លួនប្រយ័ត្ន ប្រុងប្រៀបទាំងអស់គ្នា។» គាត់បានរត់ចូលព្រៃដើម្បីគេចខ្លួន នៅពេលមានកងទ័ពវៀតណាមមកដល់។

កងទ័ពវៀតណាមបានប្រាប់គាត់ថា «អ្នកណានៅភូមិណា ត្រឡប់ទៅភូមិកំណើតវិញដើម្បីជួបជុំបងប្អូន»។ ចន្ថា បានត្រឡប់មកភូមិក្របៅ និងរស់នៅជួបជុំគ្នាជាមួយបងប្អូនក្នុងផ្ទះតែមួយ។
នៅអំឡុងឆ្នាំ ១៩៨០ ទៅ ១៩៩០ ខ្មែរក្រហមបានវាយប្រហារតាមភូមិ ធ្វើឲ្យគាត់មិនបានបន្តការរៀនសូត្រនោះទេ បានរៀនត្រឹមតែថ្នាក់ទី៨ប៉ុណ្ណោះ។ ខ្មែរក្រហមបានបាញ់សម្លាប់ប្រជាជន អ្នកណាគេចទាន់ក៏រស់ គេចមិនទាន់ក៏ស្លាប់។

សព្វថ្ងៃគាត់នៅតែនឹកឃើញដល់ការឈឺចាប់ នឹងការបាត់បង់សិទ្ធិសេរីភាពនៅជំនាន់នោះ។ ចន្ថា យល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហមជារឿងល្អ និងមានផលប្រយោជន៍ដល់សង្គម ដូចជាការទប់ស្កាត់របបប្រល័យពូជសាសន៍ និងដឹងអំពីភាពខុសគ្នារវាងអតីតកាល និងបច្ចុប្បន្ន ដោយការបង្រៀនតាមសាលារៀនជាដើម។ នៅក្នុងពេលបច្ចុប្បន្ន គាត់មានបញ្ហាក្រពះ ពោះវៀន ដោយសារការខ្វះខាត និងការយល់ដឹងពីបញ្ហាសុខភាពនៅពេលកម្រិត ជំងឺនេះបានបន្តរហូតមកទល់បច្ចុប្បន្ន និងមិនត្រូវបានព្យាបាលជាសះស្បើយ៕

សម្ភាសន៍ដោយ សុង ថាណីត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin