យី សុខុម៖ កន្ទក់មានរសជាតិផ្អែម

យី សុខុម[1] អាយុ៦៩ឆ្នាំ ជាកសិករនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុខុម រៀបការជាមួយពេទ្យយោធាម្នាក់ នៅក្នុងភូមិប្រសៀត។ មុនពេល សុខុម រៀបការ ៦ថ្ងៃ មានអ្នកមកចាប់ឪពុករបស់សុខុម ហើយបាត់ដំណឹងចាប់ពីពេលនោះមក។ បន្ទាប់ពីរៀបការរួច សុខុម ត្រូវភៀសខ្លួនទៅតាមប្ដី ហើយម្ដាយរបស់គាត់ត្រូវទៅតាមរកឪពុករបស់សុខុម តាមដំណឹងដែលអ្នកស្រុកប្រាប់។ ក្រោយមក នៅពេលដែលម្ដាយសុខុម រកប្ដីមិនឃើញ គាត់បាននាំកូនទាំងអស់ទៅរស់នៅ ស្វាយព្រៃ រួចបន្តទៅនៅទីរួមខេត្តតាកែវ រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះ។
នៅព្រឹកថ្ងៃទទួលបានជ័យជម្នះ មានទាហានវៀតកុង មកហៅប្ដីរបស់សុខុម ឲ្យយកសោរទៅបើកឃ្លាំងថ្នាំ។ បន្តិចក្រោយមក អង្គការបានបញ្ជាឲ្យប្ដីសុខុម យកប្រពន្ធកូនទៅជាមួយ។ គ្រួសាររបស់សុខុម បានធ្វើដំណើរទៅដល់វត្តបឹង ទើបបែកផ្លូវគ្នាជាមួយម្ដាយ។ ដោយសារតែចង់ឲ្យម្ដាយទៅតាមខ្លួន សុខុម បានសម្រេចចិត្តយកប្អូនពៅដែលនៅបៅទឹកដោះទៅជាមួយ ដើម្បីឲ្យម្ដាយគាត់ទៅតាម។ សុខុម បានបីប្អូន ធ្វើដំណើរតាមប្ដីរហូតដល់ សេជ្រុម ទើបត្រូវបានអង្គការបញ្ជាឲ្យចងស្លាបសេកប្ដីរបស់គាត់។ សុខុម បានរើសខ្សែមួយនៅក្បែរនោះ ហើយចងដៃប្ដីធូរៗ ហើយនៅពេលដែលអង្គការសួរមូលហេតុថាម៉េចចងបែបនេះ គាត់ថាចងធូរៗដើម្បីឲ្យប្ដីជួយពរកូន ដោយមិនបានប្រាប់ថានោះជាប្អូនរបស់ខ្លួនទេ។
បន្ទាប់មកអង្គការបណ្ដើរគ្រួសាររបស់ សុខុម ទៅមុខបន្តទៀតរហូតទៅដល់អង្គតាសោម។ នៅអង្គតាសោម អង្គការបានបញ្ជូនប្ដីរបស់សុខុម ចូលទៅក្នុងកន្លែងមួយបាត់ ដោយសុខុម ត្រូវចាំនៅក្រៅ។ នៅខាងក្រៅ សុខុម ត្រូវដើរចុះឡើង និងគិតក្នុងចិត្តថាត្រូវចាំម្ដាយឬក៏បន្តដើរទៅមុខទៀត។ បន្ទាប់មកគាត់បានឆ្លងថ្នល់ចូលទៅព្រៃខាងកើតដើម្បីបត់ជើងតូច ប៉ុន្តែគាត់បានឃើញកម្មាភិបាលខ្មែរក្រហមចាប់ចងស្លាបសេកស្ដ្រីសក់វែងម្នាក់ រួចវះពោះ ហើយមានកូនតូចមួយនៅយំជិតនោះ។ ពេលឃើញដូច្នេះ សុខុម បានស្រែកខ្លាំងៗ រួចរត់ទៅមុខបន្តទៀតដោយមិនបានចាំប្ដីរបស់គាត់។
ម្ដាយរបស់សុខុម មានបំណងធ្វើដំណើរមកភូមិប្រសៀតវិញ ប៉ុន្តែនៅតាមផ្លូវ មានអ្នកចិត្តល្អម្នាក់ប្រាប់ម្ដាយគាត់ថាកុំឲ្យទៅភូមិប្រសៀត ព្រោះឈ្មោះ ជួន ចាំមើលផ្លូវគាត់។ ប្រសិនបើឃើញគាត់ចូលទៅ ជួន នឹងយកគាត់ទៅសម្លាប់ចោល។ មូលហេតុដែលឈ្មោះ ជួន ចង់សម្លាប់ម្ដាយរបស់សុខុម ដោយសារតែនៅពេលម្ដាយសុខុមនាំកូនចេញពីភូមិរួច មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ ហើយគ្រាប់នោះហោះចំ យាយសួន ដែលត្រូវជាប្រពន្ធជួន។ ជួន គិតថាម្ដាយរបស់សុខុមជាអ្នកទៅប្ដឹងទាហាន ទើបមានគ្រាប់បែកផ្លោងចូលក្នុងភូមិ ទាំងដែលគាត់មិនបានដឹងរឿង។ ពេលឮដូច្នេះ ម្ដាយសុខុម បានប្ដូរទៅរស់នៅ ភូមិមហារាជ ដែលមានបងប្អូនរបស់គាត់ជាអ្នកមូលដ្ឋាន។ ពេលដឹងដំណឹងថាម្ដាយនៅភូមិមហារាជ សុខុម បានធ្វើដំណើរទៅទីនោះដែរ។
នៅភូមិមហារាជ ប្រធានសហករណ៍បានរឹបអូសយក ចាន, ឆ្នាំង និងសម្លៀកបំពាក់ប្ដីរបស់សុខុមដែលល្អ ព្រមទាំងសម្ភារផ្សេងៗទៀតអស់ រួចបញ្ជូនគាត់ឲ្យទៅរស់នៅភូមិខ្នាច រការកូនសត្វ ខាងលិចភូមិមហារាជ។ នៅរការកូនសត្វ សុខុម ទទួលបានរបបស្រូវពីអង្គការ យកមកធ្វើអាហារនៅផ្ទះ។ ស្រូវដែលទទួលបាន សុខុម យកទៅបុក និងហូបទាំងកន្ទក់ និងអង្កាម ប៉ុន្តែនៅតែមិនគ្រប់គ្រាន់។ ហេតុនេះ គាត់ត្រូវទៅផ្ទះមីងនៅភូមិមហារាជដើម្បីសុំអង្ករ និងអាហារផ្សេងៗ។ ក្រោយមកទៀត អង្គការបានរៀបចំឲ្យមានការហូបបាយរួមនៅក្នុងសហករណ៍ ប៉ុន្តែរបបអាហារដែល សុខុម ទទួលបាន នៅតែមិនគ្រប់គ្រាន់ដដែល។ គាត់បានសម្រេចចិត្តលួចលាក់ស្រូវទុកលីងហូបបន្ថែមទៀត។
ចំណែកប្ដីរបស់ សុខុម ត្រូវបានអង្គការសួរប្រវត្តិរូប និងស៊ើបសួររកព័ត៌មានទាក់ទងនឹងទាហានសក្តិ៣, សក្តិ៥, អ្នកកាន់កាំភ្លើងធំ, កាំភ្លើងតូច និងអ្នកបើកយន្តហោះអីរួចរាល់ រួចបញ្ជូនទៅខាងសុខុម ឆ្ងាយពីអង្គតាសោម ព្រោះដឹងថាគាត់ជាពេទ្យអង្គការ។ ក្រោយមកទៀត អង្គការបានបញ្ជូនប្ដីរបស់សុខុមឲ្យទៅរស់នៅភូមិប្រសៀតវិញ។ ពេលមកដល់ភូមិប្រសៀត ប្ដីរបស់សុខុម បានសរសេរសំបុត្រឲ្យប្រពន្ធ និងគ្រួសារ ហៅឲ្យត្រលប់មកវិញ។ សុខុម បានត្រលប់មកជួបប្ដីវិញម្នាក់ឯង ហើយចាប់ពីពេលនោះមកគាត់លែងបានឃើញម្ដាយនិងប្អូនរបស់គាត់ទៀតហើយ។
នៅក្នុងភូមិប្រសៀត សុខុម ទទួលបានទឹកបបររាវ៣វែកក្នុងមួយពេល ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ ដើម្បីចម្អែតក្រពះ សុខុម បានលួចយកកន្ទក់ហូបបន្ថែមទៀត បន្ទាប់ពីគាត់ធ្វើការងារបុកស្រូវ យកអង្ករដាក់ក្នុងសហករណ៍រួច។ សុខុម និយាយថា កន្ទក់ដែលគាត់ហូបក្នុងពេលនោះមានរសជាតិផ្អែមឆ្ងាញ់។ ក្រោយមកទៀត នៅពេលដែល សុខុម មានផ្ទៃពោះ និងសម្រាលកូនរួច អង្គការបានប្ដូរតួនាទីគាត់មកជាអ្នកធ្វើជីនៅក្នុងសហករណ៍ និងស្ទូងដកនៅស្រែ។ ការងារធ្វើជីមាន រែកលាមក, កាប់ដីដំបូក, កាប់ស្លឹកឈើ, លាយជី និងហាលជី។ នៅពេលប្ដូរការងារ សុខុម មិនអាចលួចយកកន្ទក់មកហូបបន្ថែមបានទេ ហេតុនេះហើយគាត់ប្ដូរទៅជាលួចចាប់កូនក្ដាម ខ្យង និងបេះស្លឹកដំឡូងជ្វា យកទៅដាក់លាយជាមួយបបរដែលគាត់ទទួលបានវិញ។ មូលហេតុដែល សុខុម អាចលួចរករបស់បន្ថែមបាន ដោយសារតែគាត់ប្រាប់អង្គការថា គាត់កម្ដៅបបរឲ្យគោកបន្តិច ដើម្បីងាយស្រួលបញ្ចុកកូនរបស់គាត់។ សុខុម បានឲ្យដឹងថា ប្រសិនបើគាត់មិនលួចអាហារហូបបន្ថែមទេ គាត់ប្រហែលជាត្រូវស្លាប់ ព្រោះគាត់ត្រូវធ្វើការងារធ្ងន់, សម្រាកមិនគ្រប់គ្រាន់, ហូបមិនគ្រប់គ្រាន់ និងត្រូវបំបៅកូនបន្ថែមទៀត។ នៅពេលខ្មែរក្រហមដួលរលំ សុខុម បានយកស្រូវដែលទើបច្រូតបានទៅលីង និងបុកយកកន្ទក់ហូបដូចសម័យខ្មែរក្រហម ប៉ុន្តែរសជាតិមិនផ្អែមឆ្ងាញ់ដូចពីមុន។
នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សុខុម មានជំងឺលើសសម្ពាធឈាម, ទឹកនោមផ្អែម, ជំងឺបេះដូង និងក្រពះពោះវៀន។ ជំងឺរបស់ សុខុម បណ្ដាលមកពីការធ្វើការងារធ្ងន់ៗ ហូបមិនគ្រប់គ្រាន់ និងភាពភ័យខ្លាចនៅពេលដែលគាត់នឹកឃើញពីរបបខ្មែរក្រហម។ សុខុម បន្តថា ភាពភ័យខ្លាចរបស់គាត់ បានកាត់បន្ថយម្ដងបន្តិចៗទៅតាមពេលវេលា ហើយការយល់សុបិន្តអាក្រក់ក៏មិនសូវកើតមានជាញឹកញាប់ដូចពេលដែលរបបខ្មែរក្រហមទើបដួលរលំភ្លាមៗដែរ។
អត្ថបទដោយ ភា រស្មី
[1] យី សុខុម ភេទស្រី អាយុ៦៩ឆ្នាំ, សម្ភាសដោយ ខុំ ស្រីនោរ, នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១, ក្នុងគម្រោង ការលើកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាព សុខភាព អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។