យ៉ន សុផល៖ កងកុមារស្រួច

យ៉ន សុផល រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ យ៉ន សុផល ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុផល ប្រកបរបរជាជាងសំណង់។ សុផល រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុផល មានបងប្អូនប្រុស២នាក់។ សុផល និយាយថា នៅរបបខ្មែរក្រហម គាត់វេទនា ហើយកំសត់ណាស់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សុផលចេញពីទីក្រុងភ្នំពេញទៅរស់នៅខេត្តបាត់ដំបង។ នៅតាមផ្លូវ សុផល បានឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន និងការកាប់សម្លាប់ដោយកងទ័ពខ្មែរក្រហម។ អស់រយៈពេលប្រាំថ្ងៃក្រោយមក គ្រួសាររបស់សុផលបានធ្វើដំណើរទៅដល់ខេត្តបាត់ដំបង។ សុផល ចងចំាថា នៅពេលនោះ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។

នៅសហករណ៍ក្នុងខេត្តបាត់ដំបង ខ្មែរក្រហមចាត់ទុកគ្រួសាររបស់សុផល ជាប្រជាជន១៧មេសា ឬប្រជាជនថ្មី។ សុផល ត្រូវធ្វើការក្នុងកងកុមារស្រួច នៅតំបន់កន្ទួត និងតំបន់១៥៤។ ចំណែកប្អូនប្រុសរបស់សុផល ធ្វើការក្នុងកងកុមារ។ សុផល ត្រូវសែងជី, លើកភ្លឺស្រែ, ជញ្ជូនសំណាប និងកណ្ដាប់ស្រូវចាប់តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៥ល្ងាច។​ នៅពេលថ្ងៃត្រង់ សុផល ត្រូវរៀនមួយម៉ោងអំពីអង្គការខ្មែរក្រហម។

ជារៀងរាល់ថ្ងៃ សុផល ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយគាត់ទទួលបានតែបបរលាយជាមួយសម្លព្រលិត។ សុផល និយាយថា បបរមួយខ្ទះត្នោត ខ្មែរក្រហមដាក់អង្ករតែពីរកំប៉ុង។ នៅពេលមានជំងឺ គាត់ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

ក្រោយមក ឪពុករបស់សុផល ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ចំណែកម្តាយរបស់សុផល ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងក្រុមស្រ្តីមេម៉ាយ។ អស់រយៈពេលប្រាំមួយខែម្តង ទើបសុផលបានជួបជុំម្ដាយរបស់គាត់។ ម្ដាយរបស់សុផល បានប្រាប់គាត់ថា នៅពេលយប់ មានឈ្លបតាមដានប្រជាជន និងចាប់ខ្លួននរណាដែលលួចហូប។ ឈ្លបទាំងនោះ បានចោទនរណាដែលលួចហូបថាជាខ្មាំង ហើយត្រូវយកទៅកសាង។ សុផល និយាយថា នរណាដែលខ្មែរក្រហមយកទៅកសាង ​នោះនឹងត្រូវបាត់ខ្លួន។ ក្រោយមក ទើបសុផលដឹងថា អ្នកទាំងនោះត្រូវបានខ្មែរក្រហមបណ្ដើរយកទៅវាយសម្លាប់ដោយគល់ឫស្សី ឬត្បូងចប។

ជីដូនជីតា និងប្អូនប្រុសរបស់សុផល បាត់បង់ជីវិតដោយសារអត់ឃ្លាននៅរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុផល, ម្ដាយនិងម្ដាយមីងរបស់គាត់ ដែលរស់រានមានជីវិតពីរបបនោះ បានវិលត្រលប់មករស់នៅ និងធ្វើស្រែចម្ការនៅភូមិកំណើតវិញ៕

សម្ភាសន៍ដោយ​ ស៊ុង ស្រីហួន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin