ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក

(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។
នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិមានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះ, ខាំភៀង បានជួបប្រទះទុកលំបាកជាច្រើន រួមមានការស្នាក់នៅ, ការធ្វើការងារ និងការហូបចុក។ ខ្មែរក្រហម បានចាត់តាំង ខាំភៀង ឱ្យនៅកងចល័តនារី ដើម្បីធ្វើការងារដូចជា ធ្វើស្រែចម្ការ និងធ្វើចម្រូងឫស្សី។ ខាំភៀង ត្រូវផ្លាស់ប្ដូរកន្លែងការងារជាញឹកញាប់ ពីមួយកន្លែងទៅកន្លែងមួយទៀត និងគ្មានពេលសម្រាកគ្រប់គ្រាន់។ អាហារដែលគាត់ទទួលបាននៅពេលនោះ គឺបបរ ឬបាយចំនួនមួយចាន ហើយក្នុងមួយថ្ងៃទទួលបានចំនួនពីរពេល។ ចំពោះការស្នាក់នៅរបស់គាត់នៅពេលនោះ គឺត្រូវរស់នៅក្នុងសហករណ៍ រួមជាមួយប្រជាជននៅក្នុងភូមិ និងប្រជាជនដែលខ្មែរក្រហមជម្លៀសមកពីតំបន់ផ្សេង។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ, គាត់បានបន្ថែមថា ខ្មែរក្រហម បានបញ្ជាឱ្យប្រជាជនទាំងអស់យកសម្លៀកបំពាក់ដែលមានពណ៌ចម្រុះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ ព្រោះប្រទេសកំពុងស្ថិតនៅក្នុងសង្រ្គាម។ នៅពេលនោះប្រសិនជា នរណាម្នាក់ស្លៀកខោអាវក្រៅពីពណ៌ខ្មៅនឹងត្រូវខ្មែរក្រហមចោទថាជាអ្នកសង្គមនិយមមូលធន។
ខាំភៀង បានលើកឡើងថា អ្នកដែលមានចំណេះដឹងច្រើនតែធ្វើជាមនុស្សល្ងង់ខ្លៅ។ នៅពេលនោះសិស្ស-និស្សិតដែលអាចនិយាយភាសាបរទេសបាន ត្រូវរស់នៅដោយលាក់ប្រវត្តិរូប ដើម្បីគេចពីការសម្លាប់របស់ខ្មែរក្រហម។
ក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវរស់នៅដោយស្មើភាពគ្នា ទាំងអាហារ, ការធ្វើការងារ និងការស្នាក់នៅ។ ទ្រព្យសម្បត្តិដែលប្រជាជនធ្លាប់មានទាំងប៉ុន្មានត្រូវប្រមូលដាក់ក្នុងសមូហភាព, គ្មានកម្មសិទ្ធិឯកជន។ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរក្រហម បានហាមប្រាមមិនឱ្យប្រជាជនគោរពប្រណិប័តន៍សាសនា ថែមទាំងផ្សឹកព្រះសង្ឃ និងបំផ្លាញ់រូបបដិមា ហើយបានយកទីធ្លារបស់វត្តអារាមធ្វើជាកន្លែងដាក់ទិន្នផលស្រូវ និងឃ្លាំងផ្ទុកសម្ភារផ្សេងៗ។
ខាំភៀង បាននិយាយថា ការរស់នៅក្នុងរបប លន់ នល់ និងរបបខ្មែរក្រហម គឺមិនងាយស្រួលដូចជាពេលបច្ចុប្បន្ននេះទេ។ នៅពេលនោះ គាត់ត្រូវរស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ គ្មានសិទ្ធិសេរីភាព និងមិនបានរស់នៅជុំជាមួយគ្រួសារ។ គាត់បានបន្តទៀតថា ក្មេងៗជំនាន់ក្រោយគ្រប់រូប គួរតែខិតខំសិក្សាស្វែងយល់នូវចំណេះដឹងឱ្យបានជ្រៅជ្រះ និងទូលំទូលាយ ព្រមទាំងទប់ស្កាត់កុំឱ្យកើតមានរឿងរ៉ាវដូចនៅក្នុងរបបខ្មែរក្រហមកើតឡើងមកម្ដងទៀត៕
សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

