យោធាកងពល៣១០
កូវ ផល្លា ភេទប្រុស អាយុ២០ឆ្នាំ (បាត់ខ្លួន)[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជាបានជួបសម្ភាសជាមួយឈ្មោះ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក[2]។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ផល្លា តាមការរៀបរាប់របស់ឪពុក៖
ផល្លា គឺជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៩នាក់ ក្នុងនោះស្រី២នាក់, ទី១-ឈ្មោះកូវ ផល្លា, ទី២-ឈ្មោះ កូវ ផល្លាភ, ទី៣-ឈ្មោះ កូវ ផាន, ទី៤-ឈ្មោះ កូវ ផេន, ទី៥-ឈ្មោះ កូវ ភាព, ទី៦-ឈ្មោះ កូវ ស្រេន, ទី៧-ឈ្មោះ កូវ ស្រន, ទី៨-ឈ្មោះ កូវ សោ ភា, និងទី៩-ឈ្មោះ កូវ សោភ័ណ។ ផល្លា មានស្រុកកំណើតនៅភូមិកំពង់គរ ឃុំតាម៉ៅ (បច្ចុប្បន្នឃុំកំពង់គរ) ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ កាលពីវ័យកុមារភាព ផល្លា រៀននៅសាលាបឋមសិក្សាកំពង់គរ រហូតដល់ថ្នាក់ទី៦ (សង្គមចាស់) ហើយពេលឆ្លងភូមិសិក្សាចូលដល់ថ្នាក់អនុវិទ្យាល័យ ឪពុក-ម្តាយរបស់ផល្លា បានបញ្ជូនគាត់ឲ្យមករៀននៅភ្នំពេញ ដោយរស់នៅជាមួយម្ដាយមីង ដែលជាសាស្រ្តាចារ្យ[3]។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សមេ្ដចព្រះនរោត្តមសីហនុ នាំឲ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម និងបាតុកម្មស្ទើរពេញផ្ទៃប្រទេស។ នៅពេលនោះ ផល្លា បានត្រលប់ពីភ្នំពេញមករស់នៅស្រុកកំណើតឯខេត្តក្រចេះវិញ។
នៅឆ្នាំ១៩៧២ ផល្លា បានបួសជាព្រះសង្ឃដោយគង់នៅវត្តស្ថិតក្នុងឃុំតាម៉ៅ។ បន្ទាប់ពីបួសបានបីវស្សា ពោលគឺនៅឆ្នាំ១៩៧៤ ផល្លា ត្រូវបានខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ។ ឪពុករបស់ផល្លា បានរៀបរាប់បន្តថាចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ នៅស្រុកព្រែកប្រសប់តែងមានយន្តហោះទម្លាក់គ្រាប់បែកបេ-៥២ របស់សហរដ្ឋអាមេរិកមកទម្លាក់គ្រាប់នៅក្នុងភូមិ-ឃុំ ស្ទើររាល់ថ្ងៃ ហើយតែងតែមានការប្រយុទ្ធរវាងទាហាន លន់ នល់ ជាមួយនឹងកងទ័ពបដិវត្តន៍ខ្មែរក្រហមព្រោះតំបន់នោះបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមតាំងពីឆ្នាំ១៩៧០។ នៅពេលមានការទម្លាក់គ្រាប់បែកគ្រួសាររបស់ផល្លា បានគេចខ្លួនដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពនៅរណ្តៅត្រង់សេ (លេណដ្ឋាន) ហើយផ្ទះរបស់ប្រជាជនទាំងអស់ក្នុងភូមិតែងមានជីកលេណដ្ឋាន។
នៅភូមិកំពង់គរបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមតាំងពីឆ្នាំ១៩៧០ ប៉ុន្តែអង្គការមិនទាន់ឲ្យប្រជាជនធ្វើការរួម, ហូបរួម, ស្នាក់នៅរួម និងផ្សឹកព្រះសង្ឃនៅឡើងទេ។ រហូតដល់ចុងឆ្នាំ១៩៧៤ ទើបខ្មែរក្រហមបានចាប់ផ្តើមបង្ខំប្រជាជនឲ្យហូបរួម, រស់នៅរួម និងធ្វើការរួមគ្នា នៅការដ្ឋានសហករណ៍ដើម្បីអនុវត្តតាមផែនការអង្គការ។
នៅឆ្នាំ១៩៧៤ អង្គការបានឃោសនាអូសទាញយុវជន-យុវនារី ឲ្យចូលរួមជាមួយកម្លាំងតស៊ូខ្មែរក្រហម។ ពេលនោះ ផល្លា និងយុវជនយុវនារីក្នុងឃុំ ត្រូវបានគណៈឃុំឈ្មោះ ងួន បង្ខំឲ្យចូលជាមួយកម្លាំងបដិវត្តន៍ខ្មែរក្រហម។ ឪពុកនិយាយថា «កូនខ្ញុំផល្លាមិនចង់ចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមទេ ព្រោះត្រូវទៅរស់នៅឆ្ងាយពីគ្រួសារ ប៉ុន្តែគ្មានជម្រើសអ្វីក្រៅពីធ្វើតាមអង្គការ ប្រសិនបើបដិសេធមិនចូលរួមនោះខ្មែរក្រហមនឹងចោទប្រកាន់ថាជាខ្មាំង»។
ក្រោយចូលបដិវត្តន៍ ផល្លា ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើស្រែនៅការដ្ឋានឆ្ងាយពីផ្ទះ។ ផល្លា ធ្វើស្រែបានប្រហែលជាកន្លះខែ អង្គការបានបញ្ជូនឲ្យទៅហ្វឹកហាត់ទ័ពនៅតំបន់ស្ទឹងទ្រ និងជ្រៃដំរី ស្ថិតក្នុងស្រុកព្រែកប្រសប់ ហើយក៏បញ្ជូនចូលប្រយុទ្ធក្នុងសមរភូមិ។ ឪពុកបានត្រឹមទទួលដំណឹងថាកូនបានទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅទីរួមខេត្តក្រចេះ និងនៅខេត្តកំពង់ចាម ហើយផល្លា មិនដែលបានមកលេងឪពុកម្តាយបងប្អូននោះទេ។
នៅឆ្នាំ១៩៧៥ ពេលដែលរបបខែ្មរក្រហមឡើងកាន់អំណាចទាំងស្រុងនៅទូទាំងប្រទេស ឪពុកបានបាត់ដំណឹងកូនសូន្យឈឹង ហើយនៅពេលរបបខែ្មរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ក៏មិនឃើញកូនត្រលប់មកផ្ទះវិញដែរ។ ឪពុក និងគ្រួសារបានស៊ើបសួរស្វែងរកដំណឹងកូនតាមរយៈយុវជនយុវនារី ដែលបានចូលរួមធ្វើបដិវត្តន៍ជាមួយគ្នា ប៉ុន្តែគ្មាននរណាដឹងពីដំណឹងកូនឡើយ។ ឪពុកផល្លាបាននិយាយថា យុវជន-យុវនារី ដែលទៅចូលរួមបដិវត្តន៍ភាគច្រើនបាត់ដំណឹង មានតិចតួចណាស់បានត្រលប់មកជួបជុំសាច់ញាតិគ្រួសារវិញក្រោយរបបខ្មែរក្រហម។
យោងតាមប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ កូវ ផល្លា ជាយោធាក្នុងកងពល៣១០ ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧៦ នៅភូមិក្ដុលដងទង់ ជាយក្រុងភ្នំពេញ និងឃុំខ្លួននៅផ្ទះឆ, បន្ទប់ធំ៣, បន្ទប់តូច១៣៕
[1] ឯកសារជីវប្រវត្តិអ្នកទោសជាប់ឃុំឃាំង I09370 ឈ្មោះ កូវ ផល្លា ភេទប្រុសអាយុ២០ឆ្នាំ (១៩៧៦) «កើតឆ្នាំកុរ» ។ ផល្លា មានម្តាយឈ្មោះ ឈឹម ភុំ និងឪពុកឈ្មោះ កូវ ស្រ៊ុន អ្នកទាំងពីរជាកសិករ រស់នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ, ឯកសារមានចំនួន១ទំព័រ។
[2] ឯកសារKRI0019, សម្ភាសន៍ដោយ សុខ វណ្ណៈ ជាមួយឈ្មោះ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវ ជាឪពុក រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ, ឯកសារមានចំនួន២៩ទំព័រ។
[3] សមាជិកគ្រួសារម្តាយមីងរបស់ផល្លាទាំងអស់ចំនួន១២នាក់ ត្រូវបានរបបខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថាជាសមាជិករដ្ឋាការក្នុងរបប លន់ នល់ ព្រោះតែម្តាយមីងរបស់ផល្លា ជាសាស្រ្តាចារ្យ។
អត្ថបទដោយ អេង សុខម៉េង