កងកុមារខ្មែរក្រហម

(ខេត្តស្វាយរៀង) ព្រំ អ៊ាន មានអាយុ ៦១ ឆ្នាំ រស់នៅក្នុងភូមិត្រោកតូច ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ាន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៧ នាក់ (ស្រី ៣ នាក់) មានឪពុកឈ្មោះ ព្រំ វ៉ា និងម្តាយឈ្មោះ សំ ណន។ ក្នុងសម័យសង្គមរាស្ត្រនិយម អ៊ាន បានរៀនសូត្រត្រឹមថ្នាក់ទី៦។
ក្នុងរបបខ្មែរក្រហម អ៊ាន ស្ថិតក្នុងវ័យកុមារ និងត្រូវបានអង្គការចាត់តាំងឱ្យចូលក្នុងកងកុមារ។ ការងាររបស់អ៊ាន ក្នុងកងចល័តដែលមានសមាជិក ៥ នាក់ (ក្មេង ៣ នាក់ និងមនុស្សចាស់ ២ នាក់) គឺត្រូវទៅឃ្វាលគោក្របីរាប់រយក្បាលនៅវាលស្រែ។ ក្រៅពីនេះ អ៊ាន ត្រូវកើបលាមកមនុស្ស និងសត្វ ដើម្បីឱ្យចាស់ៗយកទៅធ្វើជាជីធម្មជាតិដាក់ស្រែ។ អ៊ាន បានដឹងថា ខ្មែរក្រហមបានលុបបំបាត់កម្មសិទ្ធិឯកជនទាំងស្រុង ដោយទ្រព្យសម្បត្តិទាំងអស់ត្រូវប្រមូលទុកជាសមូហភាព ហើយប្រជាជនត្រូវហូបអាហាររួមគ្នានៅតាមផ្ទះបាយសហករណ៍។
អ៊ាន បានឃើញផ្ទាល់ភ្នែកនូវការធ្វើទារុណកម្ម និងការកសាងលើប្រជាជនដែលលួចអាហាររបស់អង្គការហូប។ ចំពោះការសម្លាប់រង្គាលវិញ អ៊ាន បានឃើញការចាប់ចងមនុស្សជាខ្សែៗយកទៅសម្លាប់ចោលយ៉ាងសាហាវឃោរឃៅ មិនថាចាស់ឬក្មេង។ ជនរងគ្រោះភាគច្រើនជាប្រជាជនថ្មី ដែលជម្លៀសមកពីទីក្រុងភ្នំពេញ ក្រោមការចោទប្រកាន់ថា មិនគោរពតាមគោលការណ៍អង្គការ ខ្ជិលច្រអូស ឬលួចអាហារហូបជាដើម។ អ៊ាន បានរៀបរាប់ថា នៅតំបន់ពោធិ៍ចាម មានឆ្អឹងលលាដ៍ក្បាល និងគ្រោងឆ្អឹងសាកសពគរលើគ្នាដូចភ្នំ ដែលជាស្លាកស្នាមបន្សល់ទុកពីរបបខ្មែរក្រហម។
អ៊ាន ធ្លាប់ត្រូវបានជម្លៀសពីភូមិត្រោកតូច ទៅកាន់តំបន់ព្រៃតានន់, ភូមិស្វាយចេក និងភូមិទួលទ្រា រយៈពេលជិត ១ ឆ្នាំ ទើបអង្គការអនុញ្ញាតឱ្យត្រឡប់មកភូមិវិញ។ នៅកន្លែងថ្មី អ៊ាន ត្រូវដាក់ឱ្យចូលក្នុងកងចល័តដើម្បីភ្ជួរស្រែ និងច្រូតស្រូវ ប៉ុន្តែដោយសារគាត់ធ្វើការងារធ្ងន់ទាំងនេះមិនកើត ឈ្លបក៏ផ្លាស់ប្តូរឱ្យទៅបោកស្រូវវិញ ដោយកំណត់ក្នុងមួយថ្ងៃត្រូវបោកឱ្យបាន ៦ រទេះគោ។ ចំពោះរបបហូបចុក អ៊ាន ទទួលបានបាយហូបតែនៅរដូវប្រមូលផលប៉ុណ្ណោះ ចំណែកឯនៅរដូវប្រាំងត្រូវហូបបបររាវ ដោយសាររបបអង្ករត្រូវបានកាត់បន្ថយ។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ ឈ្លបបានប្រើល្បិចឃោសនាបំភ័យថា កងទ័ពវៀតណាមនឹងចូលមកវះពោះប្រជាជនកម្ពុជា ដើម្បីបង្ខំឱ្យប្រជាជនរត់ភៀសខ្លួនទៅជាមួយកម្មាភិបាលខ្មែរក្រហម។ ប៉ុន្តែដោយសារមានការឈឺចាប់ខ្លាំងនឹងការធ្វើបាបរបស់ឈ្លប ប្រជាជនសុខចិត្តរស់នៅក្នុងភូមិបន្តទៀត។ ក្រោយរបបខ្មែរក្រហមដួលរលំ អ៊ាន បានត្រឡប់មកស្រុកកំណើតវិញ និងប្រកបរបរជាកសិករ។ ក្រោយមក គាត់ត្រូវបានអ្នកភូមិជ្រើសតាំងជាមេភូមិត្រោកតូច ដើម្បីបម្រើប្រជាជន។ បច្ចុប្បន្ន អ៊ាន កំពុងមានបញ្ហាសុខភាព ទាក់ទងនឹងជំងឺក្រពះ និងជំងឺពោះវៀន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

