ចង់យំក៏យំមិនចេញ ព្រោះគ្មានកម្លាំងកំហែងនឹងស្រែកយំ

(ភ្នំពេញ)៖ ផេង អេងហោ មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបច្ចុប្បន្នផ្លាស់មករស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ អេងហោ ជាជនពិការដែលរងគ្រោះដោយគ្រាប់កាំភ្លើងតាំងពីរបប លន់ នល់។ សព្វថ្ងៃនេះ អេងហោ មានជំងឺប្រចាំកាយរួមមានជំងឺលើសឈាម, ជំងឺក្រពះពោះវៀន និងអាលែកហ្ស៊ីស្បែក។ សម្រាប់ការព្យាបាលគាត់ធ្លាប់ទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះខាងក្រុងតាខ្មៅ ដោយត្រូវបើកថ្នាំចំនួនប្រាំថ្ងៃម្តង ។
នៅក្នុងរបប លន់ នល់ រាប់ចាប់ពីឆ្នាំ១៩៧៣មក ប្រទេសជាតិទាំងមូលមានភាពចលាចលយ៉ាងខ្លាំង ហើយតំបន់កោះក្របីដែល អេងហោ រស់នៅគឺរងគ្រោះច្រើនជាងតំបន់ផ្សេងៗ។ អេងហោ ត្រូវគ្រាប់កាំភ្លើងរបស់ទាហានបាញ់ចំជើង ខណៈពេលកំពុងឈរលើទូកចាំយកត្រីនៅច្រាំងជិតវត្តកោះក្របី ដែលបណ្តាលឱ្យធ្លាក់ខ្លួនពិការរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងស្ថានការណ៍នោះ អេងហោ ត្រូវរត់ផងលូនផង ចេញពីស្រុកមួយទៅស្រុកមួយរហូតដល់ហើមជើង ទាំងក្តីភិតភ័យដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារពីទាហាន។ ការចងចាំចុងក្រោយមុនពេលរបប ប៉ុល ពត ចូលមកដល់ គឺការស្រែកអបអរសាទរថា “ជយោសម្តេចឪៗ” ដោយគិតថាប្រទេសជាតិនឹងបានសុខសាន្ត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អេងហោ មានអាយុប្រហែល២១ឆ្នាំ ហើយត្រូវបានខ្មែរក្រហមជម្លៀសទៅស្រុកកោះធំ ខេត្តកណ្តាល រយៈពេលកន្លះឆ្នាំ។ នៅទីនោះ ខ្មែរក្រហមចាត់តាំងឱ្យធ្វើលបដាក់ត្រី។ របបអាហារនៅទីនោះគាត់ហូបតែបាយលាយជាមួយពោតក្រហមប៉ុណ្ណោះ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនបន្តទៅខេត្តពោធិ៍សាត់ និងស្នាក់នៅបានត្រឹមតែកន្លះខែប៉ុណ្ណោះ ត្រូវបញ្ជូនបន្តតាមរថភ្លើងទៅកាន់ស្រុកតាអំ ខេត្តបាត់ដំបង។ នៅកន្លែងថ្មី អង្គការចាត់តាំង អេងហោ កាប់អុសក្នុងរោងបាយ ។ ក្រោយធ្វើការរួច គឺត្រូវទៅហូបបាយរួមជាមួយអ្នកដទៃ ដោយរបបអាហារទទួលបានមួយវែកគឺដឹងតែមួយវែក មិនអាចទៅតវ៉ាថែមអាហារបានឡើយ។ ការស្វែងរកអាហារក្រៅគឺជារឿងហាមឃាត់ សូម្បីតែការជីកដំឡូងនៅក្រោយផ្ទះ ព្រោះបើអង្គការដឹងនឹងត្រូវចោទប្រកាន់ទាក់ទងនឹងកម្មសិទ្ធិសួនតួ ហើយអាចនឹងត្រូវយកទៅកសាង ឬវាយសម្លាប់ចោលភ្លាមៗ។
នៅអំឡុងពេលបំពេញការងារ អេងហោ ធ្លាប់ចូលសម្រាកពេទ្យរបស់អង្គការចំនួនពីរដង ប៉ុន្តែការព្យាបាលគឺមានតែថ្នាំអាចម៍ទន្សាយមួយមុខគត់ ដោយមិនដឹងពីប្រសិទ្ធភាពព្យាបាលឡើយ ។ ចំពោះគ្រួសាររបស់គាត់វិញ គឺត្រូវរស់នៅបែកគ្នាទាំងអស់ ដោយពួកខ្មែរក្រហមមិនអនុញ្ញាតឱ្យរស់នៅជួបជុំគ្នាឡើយ។
នៅក្នុងជំនាន់នោះ អេងហោ បានបាត់បង់សមាជិកគ្រួសារចំនួនបីនាក់។ សមាជិកគ្រួសាររបស់គាត់ បានស្លាប់ដោយសារការអត់អាហារ ព្រោះគ្មានអាហារហូបចុកត្រឹមត្រូវ បណ្តាលឱ្យធ្លាក់ខ្លួនឈឺ និងដេកចាំតែថ្ងៃស្លាប់។ ពេលស្លាប់ គឺគ្មានអ្នកណារៀបចំធ្វើបុណ្យត្រឹមត្រូវទេ សូម្បីតែ អេងហោ ដែលជាសមាជិកគ្រួសារ ចង់យំក៏យំមិនចេញព្រោះគ្មានកម្លាំងកំហែងនឹងស្រែកយំ។ ភាគច្រើននៃប្រជាជនដែលស្លាប់នៅក្នុងរបបនោះ គឺបណ្តាលមកពីការអត់អាហារ និងមានពេលសម្រាកតិច។ ចាប់តាំងពីពេលនោះមក អេងហោ លែងមានសមាជិកគ្រួសារទៀតហើយ ដោយក្លាយជាយុវជនកំព្រាដែលត្រូវដេកនៅរោងបាយដាច់ដោយឡែកតែម្នាក់ឯង។
អេងហោ មិនត្រូវបានអង្គការបង្ខំឱ្យរៀបការនៅក្នុងរបបនោះទេ ប៉ុន្តែតាមការដឹងរបស់គាត់ វ័យដែលអង្គការចាប់រៀបការគឺស្ថិតនៅចន្លោះវ័យ២០ឆ្នាំជាង។ ពេលរៀបការហើយ ខ្មែរក្រហមឱ្យគូស្វាមី-ភរិយាស្នាក់នៅជាមួយគ្នារយៈពេលមួយយប់ រួចត្រូវបំបែកឱ្យទៅធ្វើការងាររៀងៗខ្លួន។
អេងហោ ធ្លាប់ឃើញឈ្លបចាប់មនុស្សដែលធ្វើខុសមកដាក់ឃុំនៅកន្លែងរោងបាយដែលខ្លួនធ្វើការ ប៉ុន្តែមិនដែលសម្លាប់ចោលនៅកន្លែងនោះទេ គឺតែងតែយកទៅកន្លែងឆ្ងាយដើម្បីសម្លាប់។ អេងហោ ផ្ទាល់ធ្លាប់ប្រឈមនឹងសេចក្តីស្លាប់ជាច្រើនលើក។ មានពេលមួយ ខណៈពេលកំពុងសម្រាកនៅលើរទេះគោម្នាក់ឯងនៅកណ្តាលយប់ ស្រាប់តែមានឈ្លបមកឈរជំនុំគ្នានៅចុងជើង បម្រុងនឹងយកគាត់ទៅវាយចោល។ ក្រោយមកទៀត ឈ្លបបានចោទប្រកាន់ថា អេងហោ កាប់អុសដែលមិនស្ងួតយកទៅដាក់កន្លែងដាំបាយ រួចបានចាប់យកទៅកសាង ទើបដោះលែងមកវិញ។ លើកទីបី ប្រធានអង្គភាពបានបញ្ជាឱ្យទៅរកវល្លិ៍ ពេលដើរតាមផ្លូវប្រទះឃើញដំឡូង អេងហោ ដើរទៅជិតតែមិនទាន់បានគាស់ ឬប៉ះពាល់ផង ឈ្លបបានមកចាប់ក្រៀកទាំងឈើច្រត់ រួមជាមួយមិត្តភក្តិម្នាក់ទៀតយកទៅឃុំឃាំង។ ឈ្លបបានយកអ្នកទាំងពីរទៅឃុំនៅរោងបាយ រួចយកបបរមួយឆ្នាំងមកបង្ខំឱ្យហូបដោយប្រើសម្តីគំរាមថា ធ្វើយ៉ាងណាត្រូវហូបឱ្យអស់ក្នុងរយៈពេលមួយយប់ តែព្រឹកឡើងមិនអស់នឹងយកទៅសម្លាប់ចោល។ ជាសំណាងល្អ មេអង្គភាពបានមកទាន់ រួចប្រាប់ឱ្យឈ្លបដោះលែង អេងហោ និងមិត្តភក្តិវិញ ដោយសារគាត់អាណិតស្រឡាញ់ចំពោះការខិតខំធ្វើការងារបានល្អរបស់អ្នកទាំងពីរ។ តាំងពីពេលនោះមក អេងហោ បន្តធ្វើការងារធម្មតារហូតដល់ពេលរបបខ្មែរក្រហមដួលរលំ៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

