ធ្លាក់ខ្លួនពិការដោយសារតែសង្រ្គាម
សុក វី[1](ឈ្មោះបដិវត្តន៍៖ ណាង) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ វី មានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ វី គឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ វី រៀនបានថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលមានរដ្ឋប្រហារកើតឡើង វី ឈប់រៀន និងត្រលប់មកជួយការងារស្រែចម្ការឪពុកម្ដាយ។
បន្ទាប់មកប្រទេសជាតិបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ នៅពេលនោះកងទ័ពខ្មែរក្រហមបានចូលមកដល់ភូមិរួចទៅហើយ។ នៅឆ្នាំ១៩៧១ វី សម្រេចចិត្តចូលបម្រើបដិវត្តន៍ ដោយបានរត់ចូលព្រៃម៉ាគី។ វី ត្រូវបានចាត់តាំងឲ្យធ្វើការនៅកងសិល្បៈតំបន់៤១ ដែលមានប្រធានឈ្មោះ ណាំ សារឿន។ ប្រធានកងសិល្បៈតំបន់៤១នេះ គឺជាឪពុកមារបស់គាត់។ នៅកងសិល្បៈតំបន់៤១ វី ស្គាល់ឈ្មោះមិត្តហ៊ាន និងមិត្តវុធ ដែលបានស្លាប់នៅពេលក្រោយមកទៀត។ វី គឺជាអ្នកទាញវាំងននសម្រាប់ការសម្ដែងរឿង ដូចជា បាតុកម្ម១១មីនា, និង ឃន ផាន។ កងសិល្បៈមានអ្នកសម្ដែងប្រហែល២០នាក់ និងស្ថិតនៅមន្ទីរស្រុកកងមាស។ វី ធ្វើការងារនៅកងសិល្បៈតំបន់ មិនបានយូរប៉ុន្មាននោះឡើយ ពីព្រោះគាត់បានវិលត្រឡប់មករស់នៅជួបជុំគ្រួសារនៅភូមិវិញ។
នៅឆ្នាំ១៩៧២ វី ត្រូវបានកេណ្ឌឲ្យធ្វើជាកងទ័ពខ្មែរក្រហម។ នៅពេលនោះ តា អ៊ុល គឺជាអ្នកជ្រើសរើសឲ្យចូលធ្វើជាកងទ័ព ដោយបានប្រាប់ថា «ទៅជួយការងារប្រទេសជាតិ បើយើងមិនជួយប្រទេសជាតិទេ វាលិចលង់ហើយ! ចប់ហើយ!» គាត់ក៏ស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីបម្រើជាតិ។ នៅឆ្នាំ១៩៧៣ វី និងចូលទៅក្នុងព្រៃនៅភូមិតាយឹង ស្រុកព្រៃឈរ ហើយ កម្មាភិបាល និងកងទ័ពនៅក្នុងព្រៃ មិនទុកចិត្តលើយើងមិត្តសុខឃី និងត្រូវបានផ្លាស់ចេញពីឃុំអង្គរបានទៅស្រុកព្រៃឈរវិញម្ដង។ តា អ៊ុល បានប្រាប់គាត់ និងមិត្តសុខឃី ឲ្យខិតខំកសាងខ្លួនដើម្បីឡើងធ្វើជាកម្មាភិបាលនឹងគេ។
បន្ទាប់មកទៀត វី ត្រូវបានអង្គភាពរៀបចំរៀបការជាមួយមិត្តនារីពិការម្នាក់។ វី ត្រូវបានបញ្ជូនទៅរៀនវគ្គក្បួនសឹកសង្គ្រាមនៅភូមិត្រពាំងក្រោល ដែលរៀនអំពីការលូនក្រាប, ការបោកគ្រាប់បែក, ការបាញ់កំាភ្លើង និងយុទ្ធសាស្រ្តសម្រាប់វាយប្រយុទ្ធនៅសមរភូមិផ្សេងៗទៀត។ កងទ័ពដែលបានចូលរៀនវគ្គក្បួនសឹកនេះ មានចំនួនប្រហែល២០០នាក់។ បន្ទាប់ពីបញ្ចប់វគ្គ វី ត្រូវបានបំពាក់កាំភ្លើងអាការ៉ូប៊ីន និងបញ្ជូនទៅឈរជើងត្រៀមប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិ។ មានរឿងរ៉ាវមួយដែលកងទ័ពខ្មែរក្រហមនឹកស្មានមិនដល់ និងមិនបានត្រៀមទុកនោះគឺ មិត្ត ដែន ក្បត់បដិវត្តន៍ដោយបានរត់ចុះចូលជាមួយទាហាន លន់ នល់។ មិត្ត ដែន ត្រូវបានចោទថាជាកិច្ចសម្ងាត់ សេ-អ៊ី-អា។ បន្ទាប់មក មិត្ត ហាន ត្រូវបានតែងតាំងជាប្រធានវរជំនួសវិញម្ដង។ វី ត្រូវបានបញ្ជូនទៅវាយប្រយុទ្ធជាមួយទាហាន លន់ នល់ នៅសមរភូមិបុសខ្នុរ ស្រុកចំការលើ ហើយបន្តវាយកាន់កាប់ទីតាំងបន្តបន្ទាប់រហូតដល់តំបន់ភ្នំស្រី ភ្នំប្រុស។
នៅឆ្នាំ១៩៧៤ វី ត្រូវបានផ្លាស់ទៅកងពលធំ៣១០ ដើម្បីត្រៀមវាយនៅសមរភូមិត្រពាំងព្រាយ ព្រែកព្នៅ, ទីតាំងផ្ទះ១០០ខ្នង, និងទួលគោក។ វី វាយប្រយុទ្ធជាមួយទាហាន លន់ នល់ រហូតដល់គ្រប់គ្រងបានទីក្រុងភ្នំពេញ។ វី នៅចងចាំបានថា នៅសមរភូមិព្រែកព្នៅ គឺជាសមរភូមិក្ដៅប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ទាហាន លន់ នល់ បើកការវាយប្រហារយ៉ាងខ្លាំង និងបានប្រើប្រាស់រថក្រោះព្រមទាំងបាញ់ផ្លោងគ្រាប់ និងបើករថក្រោះកិនសម្លាប់មនុស្សទៀតផង។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានរងរបួស និងស្លាប់ច្រើន។ វី ត្រូវរងរបួសចំភ្លៅ និងត្រូវបានបញ្ជូនទៅព្យាបាលរយៈពេល៣ខែ ទើបអាចរួចផុតពីការស្លាប់ ប៉ុន្តែគាត់ ធ្លាក់ខ្លួនពិការនៅពេលនោះដែរ។ គ្រូពេទ្យដែលបានព្យាបាលរបួសឲ្យ វី គឺជាពេទ្យកងពលដែលមានប្រធានឈ្មោះ ជួន ជឿន។ វី មិនសូវចាំអំពីការព្យាបាលនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលគាត់ គឺល្អៗណាស់ ដែលទិញពីខាងរបប លន់ នល់។
បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វី ត្រូវបានផ្លាស់ទៅមន្ទីរជនពិការ (វរក៤ ចំណុះកងពល៣១០) ដែលមានយុទ្ធមិត្តពិការប្រហែល៣០០នាក់ ដែលមានទីតាំងស្ថិតនៅម្ដុំទួលគោក និងទទួលខុសត្រូវទៅលើការងារនៅចំការដូង។ វី ធ្លាប់ឃើញ ខៀវ សំផន និង អៀង សារី ដែលបានមកសួរសុខទុក្ខយុទ្ធជនពិការ និងបានយកដូងទៅវិញ។ បើទោះបីជាមិនអាចធ្វើការងារអ្វីផ្សេង ក្រៅតែពីការងារនៅចំការដូង, វី និងមិត្តផ្សេងទៀត ត្រូវបានបញ្ជូនមកធ្វើស្រែនៅម្ដុំត្រឡោកបែក។ មិត្ត សាមី គឺជាប្រធានវរកបានដឹកនាំយុទ្ធមិត្តពិការទៅស្ទូងស្រូវនៅទីនោះ។ ក្រោយមកទៀត មិត្ត សាមី ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយ សេ-អ៊ី-អា។ មិត្តសាមី ត្រូវបានសម្លាប់។ បន្ទាប់មក មិត្តគីម ត្រូវបានផ្លាស់មកធ្វើជាប្រធានកងវរនេះ។ រយៈពេល៣ខែ ក្រោយមកទៀត វី ត្រូវបានផ្លាស់មកអង្គភាពនៅម្ដុំត្រឡោកបែក ដែលមានប្រធានឈ្មោះ មិត្តគីន។ បើទោះបីជាពិការជើង វី ត្រូវបានដាក់ឲ្យធ្វើស្រែពីមួយទីកន្លែង ទៅមួយកន្លែងរហូតដល់ម្ដុំកប់ស្រូវ។ វី បន្តធ្វើស្រែរហូតដល់ឆ្នាំ១៩៧៨ ទើបគាត់ និងយុទ្ធមិត្តពិការផ្សេងទៀត ត្រូវបានបំពាក់អាវុធត្រៀមឡើងទៅវាយប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពវៀតណាម។
នៅដើមឆ្នាំ១៩៧៦ វី ត្រូវបានបំពាក់អាវុធ និងបញ្ជូនទៅសមរភូមិវិញ។ នៅពេលនោះ កងទ័ពមកពីភូមិភាគនិរតី គឺជាអ្នកគ្រប់គ្រងកងទ័ពនៅសមរភូមិតាមព្រំដែន។ វី នៅចងចាំថា នៅពេលនោះ កងពល៣១០ ត្រូវបានប្រែឈ្មោះទៅជា កងពល២០៧ វិញ។ បន្ទាប់ពីឈរជើងត្រៀមប្រយុទ្ធអស់រយៈពេល១ខែ, គាត់ និងយុទ្ធមិត្តជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្រៃស និងត្រូវបានចោទប្រកាន់ថា ជាប់ប្រវត្តិសេ-អ៊ី-អា និងកា-ហ្សេ-បេ។ នៅព្រៃស វី ត្រូវអង្គការឲ្យ ស្ទូងស្រូវ និងកាប់គាស់គល់ឈើ។ បន្ទាប់មក វី ត្រូវបានសួរចម្លើយជារៀងរាល់ថ្ងៃ។ មិត្ត អ៊ី គឺជាអ្នកវាយសួរចម្លើយនៅព្រៃស។ វី ជាប់នៅព្រៃសរហូតដល់ចុងឆ្នាំ១៩៧៦ ទើប វី និងយុទ្ធមិត្ត២នាក់ផ្សេងទៀត (មិត្ត រ៉ា និងមិត្ត ហាន) ត្រូវបានបញ្ជូនទៅសមរភូមិនៅព្រំដែនខ្មែរ-វៀតណាមវិញ។ វី បន្តឈរជើង និងវាយប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពវៀតណាម រហូតដល់ឆ្នាំ១៩៧៨។
បន្ទាប់ពីកងទ័ពខ្មែរក្រហម ទទួលរងបរាជ័យ នៅចុងឆ្នាំ១៩៧៨ វី បានរត់ភៀសខ្លួនជាមួយកងទ័ពខ្មែរក្រហមផ្សេងទៀតទៅព្រំដែនខ្មែរ-ឡាវ និងបន្តដំណើររហូតដល់ព្រំដែនខ្មែរ-ថៃ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៩ ទើប វី សម្រេចចិត្តវិលត្រឡប់មកកាន់ភូមិកំណើតវិញ និងចាប់ផ្ដើមប្រកបរបរជាកសិករ៕
[1] ឯកសារលេខបទសម្ភាសន៍ជាមួយ សន សុកវី នៅស្រុកកងមាស ខេត្តកំពង់ចាម នៅឆ្នាំ២០០៣; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទដោយ សាំង ចាន់ធូ