ថោង គី៖ មិនហ៊ាននិយាយជាមួយឪពុកម្ដាយ នៅពេលដែលជួបចៃដន្យ

(តាកែវ) ថោង គី អាយុ៥៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ គី នៅក្មេង មិនទាន់អាចធ្វើការងារបាន ប៉ុន្តែគាត់បានចូលរៀនជាមួយគ្រូឈ្មោះ មៀង និងម៉ាត់ នៅតាមផ្ទះប្រជាជនម្ដុំផ្លូវទទឹងថ្ងៃ។ ការរស់នៅក្នុងពេលនោះ គឺប្រជាជនធ្វើស្រែរួមគ្នា ប៉ុន្តែការហូបអាហារនៅតាមផ្ទះរៀងខ្លួន។ ក្រោយមក គី បានចូលទៅរស់នៅក្នុងកងកុមារ បែកពីម្ដាយឪពុក ហើយការហូបអាហារនៅក្នុងភូមិចាប់ផ្ដើមផ្លាស់ប្ដូរទៅហូបរួមគ្នានៅក្នុងរោងបាយ។

នៅក្នុងកងកុមារ គី និងកុមារប្រមាណ៣០ ទៅ៤០នាក់ផ្សេងទៀត ត្រូវចេញទៅធ្វើការងារ កើបអាចម៍គោ, ដេញចាប, កាត់ស្មៅ និងជញ្ជូនកណ្ដាប់ស្រូវ ទៅតាមរដូវកាល។ ជារៀងរាល់ថ្ងៃ កុមារត្រូវក្រោកទៅធ្វើការងារតាំងពីម៉ោង៥ព្រឹក ហើយពេលល្ងាចត្រលប់ចូលមកសម្រាកនៅផ្ទះសង្គមនិយមវិញ។ ក្រៅពីការងារខាងលើ កុមារត្រូវដាក់វេនគ្នារែកទឹកដាក់ពាង ឬដេកយាមកុមារផ្សេងទៀតកុំឲ្យលួចរត់ត្រលប់ទៅផ្ទះជួបឪពុកម្ដាយ។ គី បានឲ្យដឹងថា អង្គការអប់រំកុមារមិនឲ្យនិយាយរកឪពុកម្ដាយ ឬបងប្អូន ប្រសិនបើដើរជួបគ្នាតាមផ្លូវ។ ជាក់ស្ដែង គី ផ្ទាល់មិនដែលហ៊ានរត់ទៅលេងផ្ទះ ឬនិយាយជាមួយឪពុកម្ដាយបងប្អូននោះទេ នៅពេលដែលធ្វើដំណើរជួបតាមផ្លូវ ព្រោះខ្លាចត្រូវពិន័យ។ ក្រៅពីនេះ ក្មេងៗទាំងអស់តម្រូវឲ្យកសាងគ្នាម្នាក់ម្ដងរៀងរាល់ពេលកន្លះខែម្ដង ដើម្បីរាយការណ៍ពីកំហុសគ្នាទៅវិញទៅមក។

ចំពោះរបបអាហារ គី ទទួលបានបបររាវៗស្ទើរតែគ្រប់ពេល និងមិនគ្រប់គ្រាន់នោះទេ។ នៅពេលដែលឃ្លានឃ្លាំង គី បានលួចរកក្ដាម ឬបន្លែផ្សេងៗទុកហូបនៅពេលដែលគាត់ចេញទៅធ្វើការងារជញ្ជូនកណ្ដាប់ស្រូវយកទៅឲ្យក្រុមតាៗបោក ឬក៏ពេលទៅច្រូតស្មៅ។ ការអត់ឃ្លាននេះ បានធ្វើឲ្យកុមារជាច្រើនចេះលួចអាហារហូប និងមិនខ្លាចការវាយធ្វើបាបរបស់អង្គការនៅពេលដែលចាប់បាន។

នៅដើមឆ្នាំ១៩៧៩ នៅពេលដែល គី កំពុងធ្វើការងារច្រូតស្រូវនៅស្រែលើ គាត់បានឮសំឡេងឡានហោះ(យន្តហោះ)។ រហូតដល់ម៉ោងប្រមាណ៥ល្ងាច គី បានឮសំឡេងគ្រាប់កាំភ្លើងបាញ់គ្នា ហើយប្រជាជននាំគ្នារត់ភៀសខ្លួន។ ពេលឃើញស្ថានភាពដូច្នេះ គី បានរត់ទៅតាមវត្តកោះ ដើម្បីស្វែងរកឪពុកម្ដាយ រួចបន្តរត់គេចពីកន្លែងផ្ទុះអាវុធ។ នៅតាមផ្លូវគ្រួសាររបស់គី បានជួបកងទ័ពស្ម័គ្រចិត្តវៀតណាមតាមផ្លូវ និងត្រលប់មកផ្ទះវិញ ប៉ុន្តែនៅពេលទាហានវៀតណាមដកទ័ពចេញអស់ កម្មាភិបាលខ្មែរក្រហមបានចូលមកម្ដងទៀត។ ក្រោយមក គី និងគ្រួសាររបស់គាត់រត់ភៀសខ្លួនចេញពីកន្លែងផ្ទុះអាវុធម្ដងទៀតរហូតដល់ភ្នំ ដំរីរមៀល ទើបជួបកងទ័ពរំដោះតាមផ្លូវ និងត្រលប់មកផ្ទះវិញ។

អត្ថបទដោយ៖ ភា រស្មី

សម្ភាសដោយ៖ ហេង លីដា ថ្ងៃទី០១ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin