ជា សៀប៖ មិនចងចាំនូវអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម

(តាកែវ)៖ ជា សៀប កើតក្នុងឆ្នាំ១៩៣៣ (ឆ្នាំរកា) ភេទស្រី មានអាយុ ៨៩ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សៀប ប្រកបរបរជាកសិករ និងមានទីកន្លែងកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សៀប មានឪពុកឈ្មោះ ជា, ម្តាយឈ្មោះ យ៉ែម, និងមានបងប្អូនចំនួនបួននាក់ ក្នុងនោះស្រីបីនាក់។ សៀប មានប្តីឈ្មោះ គយ និងមានកូនចំនួនបីនាក់ ក្នុងនោះស្រីពីរនាក់។
នៅវ័យកុមារភាព សៀប មិនបានសិក្សារៀនសូត្រនោះទេ និងប្រកបរបរលក់ដំឡូង និងបន្លែបង្ការ។ នៅរបបខ្មែរក្រហម សៀប និយាយថា គាត់ជាប្រជាជនមូលដ្ឋានធ្វើស្រែចម្ការ និងមានរបបបាយសម្រាប់ហូប និងនៅភូមិដែលគាត់រស់នៅ គឺមានសភាពការណ៍ធម្មតា។ ក្រោយមក នៅពេលកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា សៀប ត្រូវរបួសគ្រាប់កាំភ្លើងចំស្មាខាងស្តាំ នៅពេលរត់ចូលលេណដ្ឋាន។ សៀប ថាកងទ័ពវៀតណាមជាអ្នកបាញ់។ នៅពេលរបបខ្មែរក្រហមដួលរលំ សៀប បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។
នៅពេលអ្នកស្ម័គ្រចិត្តកម្ពុជាចុះសួរសុខទុក្ខទាក់ទងនឹងរឿងរ៉ាវដែលកើតមានឡើងក្នុងរបបខ្មែរក្រហម សៀប មិនចងចាំអ្វីច្រើននោះទេ និងមានការភ័យខ្លាចនៅពេលជួបសម្ភាស ដោយសារគាត់មានវ័យចាស់ជរា៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

