ម៉ី ថន និងម៉ី មុនី៖ កម្មករអគ្គិសនីផ្សារតូច

តាមរយៈការសម្ភាសជាមួយឈ្មោះ ម៉ី រៀន មានអាយុ ៧១ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) ដែលជាបងស្រីរបស់ឈ្មោះ ម៉ី ថន កើតក្នុងឆ្នាំរកា និងឈ្មោះ ម៉ី មុនី កើតក្នុងឆ្នាំខាល បានឲ្យដឹងថា នៅមុនរបបកម្ពុជាប្រជាធិបតេយ្យ ថន និងមុនី ធ្វើការនៅអគ្គិសនីផ្សារតូច។[1] ថន និងមុនី មានឪពុកឈ្មោះ ម៉ី ថោ, ម្ដាយឈ្មោះ វិន និងមានបងប្អូនចំនួនដប់នាក់ ក្នុងនោះមានស្រីប្រាំនាក់។ ថន គឺជាកូនទី៣ និង មុនី គឺជាកូនទី១០។ ដោយសារគ្រួសារមានជីវភាពក្រីក្រ ក្នុងចំណោមបងប្អូនដប់នាក់ មានតែឈ្មោះ ថន, ធួន, និងមុនី ប៉ុណ្ណោះដែលបានសិក្សារៀនសូត្រនៅទីក្រុងភ្នំពេញ។

នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ បន្ទាប់ពី ថន បានបញ្ចប់ការសិក្សានៅសាលាមោងឫស្សី គាត់បានប្រលងជាប់ និងបន្តទៅសិក្សាផ្នែកអគ្គិសនីនៅទីក្រុងភ្នំពេញ។ អស់រយៈពេលពីរឆ្នាំក្រោយមក ប្អូនរបស់ថនម្នាក់ឈ្មោះ ធួន បានទៅរៀនជាមួយថន។ ក្រោយមកទៀត ប្អូនរបស់ថនម្នាក់ទៀតឈ្មោះ មុនី បានទៅរៀននៅទីក្រុងភ្នំពេញដែរ។

បន្ទាប់ពីសិក្សាអស់រយៈពេលប្រាំឆ្នាំ ថន ដែលមានអាយុ២០ឆ្នាំប្លាយ បានរស់នៅ និងធ្វើការនៅហ្ការាសឡានកម្ពុជា ដែលស្ថិតនៅខាងក្រោយវត្តបុទុម។ ថន ធ្វើជាគ្រូបង្រៀនអគ្គិសនី និងមានប្រាក់ខែចំនួនបួនរយរៀលក្នុងមួយខែ។ បងស្រីរបស់ថន ចងចាំថានៅឆ្នាំច (ឆ្នាំ១៩៧០) ថន បានរៀបការជាមួយប្រពន្ធឈ្មោះ នី ដែលមានឪពុកឈ្មោះ ឆាយ ជាអ្នករស់នៅទីក្រុងភ្នំពេញ។ នៅពេលនោះ បងស្រីរបស់ថន និងម្ដាយ បានធ្វើដំណើរពីស្រុកកំណើតទៅចូលរួមពិធីមង្គលការរបស់ថន អស់រយៈពេលមួយសប្តាហ៍នៅទីក្រុងភ្នំពេញ។ បងស្រីរបស់ថន និយាយថា អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ថន តែងតែមកសួរសុខទុក្ខឪពុកម្ដាយ និងបងប្អូននៅស្រុកកំណើត។ បងស្រីរបស់ថន ចងចាំថា នៅខែភទ្របទ ឆ្នាំ១៩៧៣ ថន បាននាំប្រពន្ធ, កូនប្រុស និងកូនក្នុងផ្ទៃ(ពីរខែ) ដែលមានឆ្នាំខាល មកស្រុកមោងឫស្សី និងធ្វើបុណ្យភ្ជុំបិណ្ឌនៅវត្តឫស្សី ហើយបន្តទៅសម្រាកនៅខេត្តបាត់ដំបងមួយយប់។

នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលបងស្រីថនស៊ើបសួររកដំណឹងប្អូនៗ មានគេប្រាប់គាត់ថា ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ថន រួមទាំង ធួន និងមុនី ធ្ពោះទៅទិសខាងលិច ដើម្បីធ្វើការក្នុងកងចល័ត ហើយបាត់ដំណឹងសូន្យឈឹងតាំងពីពេលនោះមក។ នៅឆ្នាំ១៩៨៨ ម្ដាយរបស់ថន ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម បានទៅហ្ការាសឡានកម្ពុជា ដើម្បីស៊ើបសួរដំណឹងពីកូនៗរបស់គាត់ដែលបានបាត់ខ្លួននៅរបបខ្មែរក្រហម។ ម្ដាយរបស់ថន បានប្រាប់បងស្រីរបស់ថនថា ថន និងប្រពន្ធកូន រួមទាំងមុនី ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែងទាំងយប់ ដោយសារខុសពាក្យសំដី។

តាមរយៈឯកសារលេខ I០៩១៣២ ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងដែលតម្តល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា ឈ្មោះ ម៉ី ថន ជនជាតិខ្មែរ ភេទប្រុស មានអាយុ ៣០ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៥) មានទីកន្លែងកំណើតនៅភូមិរលួស ឃុំគារ ស្រុកមោងឫស្សី តំបន់បាត់ដំបង។ នៅមុនឆ្នាំ១៩៧៥ ថន ប្រកបរបរជាវិស្វករអគ្គិសនីផ្សារតូច និងនៅរបបខ្មែរក្រហមជាកម្មករអគ្គិសនីផ្សារតូច។ ថន មានប្រពន្ធឈ្មោះ ស៊ិន អិននី មានទីកន្លែងកំណើតនៅវត្តកែវព្រះភ្លើង សង្កាត់លេខ៦ ក្រុងភ្នំពេញ។ ថន, ប្រពន្ធ និងកូនប្រុសពីរនាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅភូមិជ្រោយអំពិល ឃុំជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ថន មានឪពុកឈ្មោះ ម៉ី ថ្ថោ (ស្លាប់) និងម្ដាយឈ្មោះ អៀម វិន (រស់)។ ថន ត្រូវបានឃាត់ខ្លួននៅអគ្គិសនីផ្សារតូច នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងឃុំខ្លួននៅផ្ទះលេខក០១ បន្ទប់លេខ១៤។[2]

តាមរយៈឯកសារលេខK០៥១៥៣ ប្រវតិ្តរូបដែលតម្តល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា ឈ្មោះ ម៉ី មុនី មានអាយុ ២៦ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៥) ភេទប្រុស ជនជាតិខ្មែរ នៅលីវ មានស្រុកកំណើតនៅភូមិរលួស ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧៣ មុនី បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី១ និងធ្វើទាហានយាមសាលា។ នៅឆ្នាំ១៩៧៤ មុនី ជាប់សញ្ញាប័ត្រមធ្យមសិក្សាប័ត្រភាគទី២។ នៅឆ្នាំ១៩៧៥ មុនី បានរៀនមហាវិទ្យាល័យពេទ្យ និងចូលធ្វើភ្នា្កក់ងារសេអ៊ីអានៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ដោយមានអ្នកឧទ្ទេសនាម និងអ្នកទទួលស្គាល់ឈ្មោះ ស៊ិនអ៊ាន និងកៀង វ៉ាន់នី។ មុនី បានរៀនសូត្រចំនួន១៣ថ្ងៃ។ បុព្ធហេតុនៃការចូលរួមក្នុងរោងចក្រផ្សារតូច គឺដោយសារនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ មុនី ត្រូវបានខ្មែរក្រហមជម្លៀសទៅដល់ឃុំជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នៅខែកក្កដា ឆ្នាំ១៩៧៥ អង្គការបានហៅ ម៉ី ថន ដែលជាវិស្វករអគ្គិសនីផ្សារតូចមកចូលរោងចក្រវិញ ឈ្មោះ ម៉ី មុនី ដែលត្រូវជាប្អូនរបស់ ម៉ី ថន បានតាមមកជាមួយដែរ។ ប្រវត្តិសកម្មភាពសេអ៊ីអារបស់មុនី គឺធ្លាប់ស្ម័គ្រធ្វើជាទាហានយាមសាលា, ឧស្សាហ៍ធ្វើពុតជាឈឺមិនទៅធ្វើការងារពលកម្ម, ទាក់ទងខ្សែសេអ៊ីអាជាមួយស៊ិនអាន, និងបំផុសបំផុសទំនាស់ផ្សេងៗនៅក្នុងជួរកម្មករ។[3]

តាមរយៈឯកសារខាងលើបានឲ្យដឹងថា ម៉ី ថន រួមទាំងប្រពន្ធកូន និងប្អូនប្រុស ម៉ី មុនី ត្រូវបានខ្មែរក្រហមនាំខ្លួនទៅសម្លាប់នៅមន្ទីរសន្តិសុខស-២១ នៅអំឡុងឆ្នាំ១៩៧៥ ដោយចោទប្រកាន់ថាជាប់ទាក់ទងនិងភ្នាក់ងារសេអ៊ីអា៕

[1] ឯកសារលេខ BBI០០៤៣. (២០០៦). សម្ភាសជាមួយ ម៉ី រៀន ដោយ ឆាយ ណារឿន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ I០៩១៣២. (១៩៧៥). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ី ថន. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[3] ឯកសារលេខ K០៥១៥៣. (១៩៧៥). ប្រវត្តិរូប ឈ្មោះ ម៉ី មុនី. មជ្ឈមណ្ឌលឯកសារកម្ពុជា.


អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin