ខ្មែរក្រហមបន្សល់ការឈឺចាប់មកដល់សព្វថ្ងៃ

(ខេត្តស្វាយរៀង) ម៉ី ដាំ អាយុ ៧៥ ឆ្នាំ មានស្រុកកំណើតនៅឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។ ដាំ មានឪពុកឈ្មោះ ម៉ី ពិន និងម្តាយឈ្មោះ ម៉ម យ៉េន ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់។ កាលពីកុមារភាព ដាំ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម ហើយបច្ចុប្បន្នប្រកបរបរកសិកម្ម រស់នៅភូមិច្រកម្រាក់ ឃុំអង្គប្រស្រែ។
ដាំ បានរៀបរាប់ថា រឿងរ៉ាវដែលមិនអាចបំភ្លេចបាន និងនៅតែបន្សល់នូវការឈឺចាប់រហូតមកដល់សព្វថ្ងៃគឺការបាត់បង់សមាជិកគ្រួសារក្នុងរបបខ្មែរក្រហម។ នៅពេលនោះ បងប្អូន និងឪពុកម្តាយរបស់ដាំ ត្រូវបាននាំចេញទៅ ហើយសមាជិកគ្រួសារមួយចំនួនមិនបានវិលត្រឡប់មកវិញ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ដាំ និងបងប្អូនៗដែលនៅរស់បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែដីធ្លីរបស់គ្រួសារត្រូវបានអ្នកដទៃកាន់កាប់។ គាត់បានរៀបរាប់ថា ជីវិតនៅពេលនោះមានការលំបាកដែលហួសពីការរៀបរាប់អស់។ ដាំ តម្រូវឱ្យធ្វើការតាំងពីព្រលឹម រហូតដល់ព្រលប់ ស្ទើរគ្មានពេលសម្រាក ប៉ុន្តែរបបអាហារដែលទទួលបានមានបបរចំនួន ២កូនចាន ប៉ុណ្ណោះសម្រាប់រយៈពេល ១ថ្ងៃ។
ក្នុងរបបខ្មែរក្រហម ដាំ និងគ្រួសារត្រូវបានជម្លៀសពីខេត្តស្វាយរៀង ឱ្យទៅរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះគាត់ធ្លាប់ឃើញជនរងគ្រោះត្រូវបានចងជាប់គ្នាជាខ្សែ និងបណ្តើរយកទៅបាត់។ អ្នកដែលត្រូវបានឈ្លបចងនាំយកទៅភាគច្រើនជាប្រជាជនជម្លៀសពីភូមិភាគបូព៌ា។ នៅបាកាន ដាំ ក៏ធ្លាប់ឃើញសាកសពជនរងគ្រោះច្រើនៗនៅក្នុងអន្លង់ផងដែរ។ ដាំ និងឪពុកម្តាយ បងប្អូនអង្គការបានបំបែកចេញពីគ្នា និងចាត់តាំងឱ្យទៅធ្វើការងារផ្សេងៗ ដូចជាប្អូន និងបងរបស់គាត់ត្រូវទៅរើសអាចម៍គោ ធ្វើស្រែ និងជីកទំនប់ប្រឡាយ ជាដើម។ ចំណែកឪពុកម្តាយត្រូវបានបញ្ជូនឱ្យទៅធ្វើការងារនៅតាមការដ្ឋានផ្សេងៗ។ ការបំបែកសមាជិកគ្រួសារនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កុមារ និងសមាជិកគ្រួសារ។ សមាជិកមិនបានដឹងពីសុខទុក្ខគ្នាទៅវិញទៅមក រហូតដល់របបខ្មែរក្រហមត្រូវបានដួលរលំ ហើយអ្នកដែលនៅមានរស់អាចវិលត្រឡប់មកជួបជុំឪពុកម្តាយ និងសាច់ញាតិវិញ ចំណែកអ្នកដែលបាត់ខ្លួននៅតែបាត់ដំណឹងរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ដាំ រស់នៅស្រុកកំណើត និងមានជំងឺប្រចាំកាយគឺជំងឺក្រពះពោះវៀន និងជំងឺលើសសម្ពាធឈាម៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







