ជីវិតនៅក្នុងរបបខ្មែរក្រហមពោរពេញដោយការលំបាក និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង

(ខេត្តស្វាយរៀង) សុខ សារុន អាយុ ៦១ ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិច្រកម្រាក់ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារុន មានឪពុកឈ្មោះ សុខ ស៊ីម និងម្តាយឈ្មោះ ហ៊ីង ពុំ ហើយជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់។ កាលពីកុមារភាព គាត់បានរៀនអក្ខរកម្មតែបន្តិចបន្តួចប៉ុណ្ណោះ ហើយបច្ចុប្បន្នប្រកបរបរកសិកម្ម។

សារុន បានរៀបរាប់ថា ជីវិតនៅក្នុងរបបខ្មែរក្រហមពោរពេញដោយការលំបាក និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ សមាជិកគ្រួសារត្រូវបានបំបែកឱ្យរស់នៅ និងធ្វើការតាមក្រុមផ្សេងៗពីគ្នា ខណៈអាហារហូបចុកមានការខ្វះខាត ហើយអ្នកជំងឺក៏ពុំទទួលបានការព្យាបាលត្រឹមត្រូវ។ ប្រជាជនរស់នៅក្រោមសម្ពាធ និងមិនហ៊ានប្រឆាំង ឬតវ៉ាចំពោះអង្គការឡើយ។ សារុន បានឃើញដោយផ្ទាល់នូវការចាប់ខ្លួន និងបញ្ជូនមនុស្សចេញពីសហករណ៍។ នៅក្នុងខេត្តស្វាយរៀង ជនរងគ្រោះត្រូវបានចាប់ខ្លួនទាំងក្រុមគ្រួ​សារ រួមមានឪពុកម្តាយ កូន និងចៅ។ មុនពេលត្រូវបាននាំខ្លួនជនរងគ្រោះទាំងនោះពុំទទួលបានការជំនុំជម្រះ ឬការបកស្រាយពីមូលហេតុណាមួយឡើយ​ ហើយមូលហេតុនៃការចាប់ខ្លួនដោយសារការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយជនជាតិវៀតណាម។ អ្នកដែលមកចាប់ខ្លួនភាគច្រើនជាកម្មាភិបាលខ្មែរក្រហម ដែលអាចសម្គាល់បានតាមរយៈឯកសណ្ឋាន និងសម្លៀកបំពាក់ពណ៌ខ្មៅ។ សារុន ក៏ធ្លាប់ឃើញការធ្វើទារុណកម្មលើជនរងគ្រោះដោយវាយដំ និងច្រំធាក់ និងវាយដោយដំបង ឬស្វ័យកាំភ្លើង។ ក្រៅពីការចាប់ខ្លួន និងធ្វើទារុណកម្ម សារុន បានរំឭកថា វត្តអារាម ព្រះវិហារ និងពុទ្ធប្បដិមាត្រូវបានបំផ្លាញ។ សម្បត្តិវប្បធម៌ អក្សរសាស្ត្រ សាសនា និងសិល្បៈត្រូវបានហាមឃាត់ ឬលុបបំបាត់។ ការរៀនអក្សរ និងការគោរពបូជាសាសនាក៏ត្រូវបានហាមឃាត់ ឬរឹតបន្តឹងយ៉ាងខ្លាំងផងដែរ។

ចំពោះកុមារត្រូវបានបំបែកចេញពីឪពុកម្តាយ និងរៀបចំឱ្យរស់នៅក្នុងកងកុមារ។ កុមារខ្លះត្រូវបានចាត់តាំងឱ្យទៅឃ្វាលគោក្របី រើសអាចម៍គោជាដើម ចំណែកឪពុកម្តាយត្រូវទៅធ្វើការនៅកន្លែងផ្សេង។ សារុន ផ្ទាល់ក៏ធ្លាប់ត្រូវបានជម្លៀសពីកន្លែងមួយទៅកន្លែងមួយជាច្រើនដង រហូតទៅដល់ស្រុក​កៀនស្វាយ។

នៅពេលប្រទេសជាតិត្រូវបានរំដោះ សារុន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយគឺ ជំងឺលើសសម្ពាធឈាម និងជំងឺសន្លាក់៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin