មិនបានរៀនតាំងពីសម័យទម្លាក់គ្រាប់

(ក្រចេះ)៖ អ៊ន មុំ អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ននេះ មុំ មានជំងឺដូចជា ឈឺសន្លាក់ដៃ-ជើង, ងងឹតភ្នែក និងឧស្សាហ៍ឈឺក្បាលវិលមុខ។
នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់, នៅពេលនោះមានការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់មុំ បាននាំគ្នារត់ពួននៅក្នុងលេណដ្ឋាន ដើម្បីគេចពីយន្តហោះទម្លាក់គ្រាប់បែក។ នៅពេលខ្លះប្រជាជននៅក្នុងភូមិត្រូវរត់ចេញពីភូមិទៅរស់នៅតាមព្រៃ, អូរ ឬប្រឡាយទឹក ដោយសារមានការទម្លាក់គ្រាប់បែកនៅក្នុងភូមិខ្លាំងក្លា។
នៅអំឡុងពេលទម្លាក់គ្រាប់បែក កុមារនៅក្នុងភូមិ រួមទាំងមុំ ត្រូវឈប់រៀន ព្រោះសាលាត្រូវបិទទ្វារ និងមិនមានគ្រូបង្រៀន។ មុំ បាននិយាយថា នៅពេលនោះប្រជាជនត្រូវរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះយន្តហោះតែងតែហោះក្រឡឹងជុំវិញភូមិ ឬប្រឡាយទឹក និងអូរ ដើម្បីស្វែងរកទាហានវៀតណាម។ ប្រជាជនដែលមានផ្ទះនៅជិតព្រៃ និងអូរ គឺមានផលប៉ះពាល់ខ្លាំងដោយសារគ្រាប់បែក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានចូលកាន់កាប់នៅក្នុងភូមិដែល មុំ រស់នៅ។ នៅពេលនោះ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើការនៅក្នុងកងចល័ត ដូចជាធ្វើស្រែ, ជីកស្រះ, ជីកប្រឡាយ, លើកទំនប់ និងរែកដី។ មុំ បានលើកឡើងថា នៅអំឡុងដើមឆ្នាំ១៩៧៥ ស្ថានភាពនៅក្នុងភូមិមិនទាន់មានភាពតឹងរឹងនោះទេ ប្រជាជនអាចបរិភោគអាហារនៅតាមផ្ទះរៀងៗខ្លួន។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហម ចាប់ផ្ដើមរឹតបន្តឹង និងចាត់តាំងឱ្យប្រជាជនរស់នៅជាសហករណ៍។ មុំ បានបន្ថែមថា នៅក្នុងរបបខ្មែរក្រហមមិនមានថ្នាក់រៀនអក្សរសម្រាប់កុមារនោះទេ, គាត់មិនបានរៀនអក្សរចាប់តាំងពីអំឡុងពេលដែលភូមិរបស់គាត់មានការទម្លាក់គ្រាប់បែកនៅក្នុងរបប លន់ នល់ រហូតដល់របបខ្មែរក្រហមក៏នៅតែមិនបានរៀនអក្សរ។
ចំពោះរបបអាហារនៅក្នុងរបបខ្មែរក្រហម គឺមានការខ្វះខាតច្រើន ប្រជាជនហូបតែបបរ ដែលលាយជាមួយពោត និងសម្លម្ជូរត្រកួន ឬព្រលឹត។ ប្រជាជនហូបអាហារមិនគ្រប់គ្រាន់, អាហារគ្មានវីតាមីន, គ្មានជីវជាតិសម្រាប់ផ្គត់ផ្គង់សារពាង្គកាយ បណ្ដាលឱ្យខ្សោយកម្លាំង និងធ្លាក់ខ្លួនឈឺ។ នៅពេលនោះ ប្អូនជីដូនមួយរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងរបបនោះ ដោយសារជំងឺ និងគ្មានថ្នាំព្យាបាល។
នៅឆ្នាំ១៩៧៩ មានការឃោសនាពីសំណាក់ខ្មែរក្រហម ឱ្យប្រជាជនរត់ចូលទៅក្នុងព្រៃ ដើម្បីគេចពីការសម្លាប់របស់កងទ័ពវៀតណាម។ នៅពេលនោះ ខ្មែរក្រហម បានកុហកប្រជាជនថា កងទ័ពវៀតណាមចូលមកនឹងចាប់ប្រជាជនអារក និងវះពោះសម្លាប់, មានប្រជាជនមួយចំនួនបន្តរស់នៅក្នុងភូមិ ហើយប្រជាជនមួយចំនួនបានភៀសខ្លួនទៅតាមខ្មែរក្រហម ក្នុងនោះក៏មានគ្រួសាររបស់មុំ ដែរ។ គ្រួសាររបស់មុំ និងប្រជាជនដែលរត់ចេញពីភូមិ ទៅដល់អូរមួយ បានជួបជាមួយនឹងកងទ័ពវៀតណាម, នៅពេលជួបភ្លាមៗប្រជាជនទាំងអស់ភ័យខ្លាច ព្រោះនឹកដល់ការឃោសនារបស់ខ្មែរក្រហម ប៉ុន្តែក្រោយបន្តិចកងទ័ពវៀតណាមទាំងអស់នោះ បានប្រាប់ឱ្យត្រឡប់ទៅផ្ទះសំបែងវិញ៕
សម្ភាសន៍ដោយ៖ អេង សុខជា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

