ណុប គុជ៖ ធ្វើការក្នុងភូមិ ប៉ុន្តែមិនអាចទៅសម្រាកនៅផ្ទះ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានចូលទៅក្នុងកងកុមារភូមិ និងបានធ្វើការងារ រែកអាចម៍គោ រែកដីបូក រែកង្កាម រែកផេះ និងកាប់ដើមទន្ទ្រានខែត្រ។ ការងាររបស់ខ្ញុំគឺស្ថិតនៅក្បែរ និងក្នុងសហករណ៍ ប៉ុន្តែអង្គការមិនបានអនុញ្ញាតឲ្យខ្ញុំទៅសម្រាកនៅផ្ទះនោះទេ។

ណុប គុជ អាយុ៥៦ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គុជ បានប្ដូរទៅរស់នៅក្នុងកងកុមារភូមិ ដើម្បីធ្វើការងារ រែកអាចម៍គោ, រែកដីដំបូក, រែកអង្កាម, ផេស និងកាប់ដើមទន្ទ្រានខែត្រ តាមការចាត់តាំងរបស់អង្គការ។ នៅពេលថ្ងៃត្រង់ម៉ោងប្រមាណ១១ គុជ និងកុមារទាំងអស់បានសម្រាកហូបបាយរួមក្នុងសហករណ៍ រួចចូលរៀនរយៈពេលមួយម៉ោង ទើបបានសម្រាក់រហូតដល់ម៉ោងប្រមាណ១សៀល និងចូលធ្វើការងារវិញរហូតដល់ល្ងាច។

គុជ ធ្វើការងារក្នុងភូមិ ប៉ុន្តែគាត់មិនបានត្រលប់ទៅសម្រាកនៅផ្ទះជាមួយឪពុកម្ដាយនោះទេ គឺគាត់ត្រូវសម្រាកនៅផ្ទះតាជុំដែលជាកន្លែងកុមារស្នាក់នៅ។ ចំពោះម្ដាយរបស់គុជ និងបងស្រី ត្រូវបានអង្គការបញ្ជូនចូលទៅក្នុងកងចល័ត ដើម្បីធ្វើការងារស្ទូង និងដក ហើយឪពុករបស់គាត់គឺជាអ្នកធ្វើកញ្ជើ, ល្អី និងបង្គីសម្រាប់ប្រើប្រាស់រួម។ ទោះបីជាយ៉ាងណា គុជ បានជួបមុខម្ដាយ ឬគ្រួសារនៅពេលយូរៗម្ដង។

ចំពោះរបបអាហារ នៅខែប្រមូលផលស្រូវ អង្គការបានដាំបបរគោកចែកឲ្យប្រជាជនហូបជាមួយសម្លព្រលឹត ឬត្រកួន ប៉ុន្តែនៅពេលខ្វះស្បៀងគឺត្រូវហូបបបររាវៗមិនគ្រប់គ្រាន់នោះទេ។ ចំពោះ គុជ បានជួបប្រទះនូវការអត់ឃ្លានខ្លាំង ប៉ុន្តែនៅពេលដែលគាត់ទៅធ្វើការងារក្បែរកន្លែងគាស់ដំឡូង ឬបេះពោត គឺ គុជ អាចសុំអង្គការដុតហូបនៅក្នុងចម្ការបាន។ នៅចុងឆ្នាំ១៩៧៨ ស្ថានភាពនៅក្នុងភូមិចាប់ផ្ដើមធូរស្បើយជាងមុន គុជ និងប្រជាជននៅក្នុងសហករណ៍បានហូបបាយស្រួយមួយរយៈ ទើបរបបខ្មែរក្រហមដួរលំ។

បើគិតត្រឹមខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គុជ បាត់បង់ប្អូន២នាក់ ដោយប្អូនប្រុសស្លាប់ក្នុងសម័យ លន់ នល់ ហើយប្អូនស្រីស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្អូនស្រីរបស់គុជ ស្លាប់ដោយសារការហូបអាហារពុលជាច្រើនដែលម្ដាយរកមកឲ្យ។ មិនយូរប៉ុន្មាន ប្អូនប្រុសរបស់គុជ ម្នាក់ទៀតបានបាត់បង់ជីវិតបន្តទៀត។

នៅពេលផ្ដល់បទសម្ភាសន៍ គុជ មានជំងឺក្អក, ឈឺក្បាល, ឈឺខ្លួន, ខ្វះជាតិស្ករ, លើសឈាម, ឈឺសន្លាក់កន្លែងស្មា និងឈឺទ្រូង។ គុជ គិតថាការឈឺសន្លាក់នេះគឺបណ្ដាលមកពីការធ្វើការងារចាប់តាំងពីក្មេងរហូតដល់ចាស់។ នៅពេលឈឺ គុជ បានទិញថ្នាំពីគ្រូពេទ្យឯកជនក្នុងភូមិលេប ដើម្បីកាត់បន្ថយការឈឺចាប់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin