ស៊ឹម ធឿង៖ កូនធំស៊ឹងអី ខំយកអី ម៉ែស្គមអ៊ីចឹង ក្រវាត់ចោលទៅរួចហើយ

ស៊ឹម ធឿង អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅពេលធ្វើដំណើរក្នុងព្រៃ មានប្រជាជនជាច្រើននាក់ប្រាប់ទៅ ធឿង ឲ្យបោះបង់កូនរបស់គាត់ចោល។ បើទោះបីជាមានការគំរាមយ៉ាងណា ធឿង មិនបោះកូនចោលនោះទេ ប៉ុន្តែជាអកុសលកូនរបស់គាត់ម្នាក់បានស្លាប់ដោយសារកង្វះអាហារហូបចុក ហើយកូនពីរនាក់ក្រោយទៀត គាត់អាចរក្សាបាន។ ការលំបាកខាងលើនេះគឺជាចំណែកមួយ ក្នុងចំណោមការលំបាកជាច្រើនទៀត បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។ ក្រៅពីនេះ នៅក្នុងសម័យខ្មែរក្រហម ធឿង ធ្វើការងារចំតែកន្លែងលំបាក និងស្ទើរតែគ្មានអាហារហូប ដែលជាហេតុធ្វើឲ្យគាត់ទ្រាំមិនបាន ទើបហ៊ានប្រថុយជីវិតលួចរត់ពីការដ្ឋានការងារ ទៅសហករណ៍វិញ។ ខាងក្រោមនេះ គឺជាការលំបាករបស់ ធឿង នៅក្នុងសម័យខ្មែរក្រហម និងទុក្ខវេទនានៅក្នុងព្រៃតាមព្រំដែនខ្មែរ-ថៃ៖

ស៊ឹម ធឿង[1] អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ធឿង បានចាកចេញពីគ្រួសារទៅរស់នៅក្នុងវត្តព្រៃព្រំ ជាមួយក្រុមកងចល័តនារី និងធ្វើការងារនៅក្បែរៗនោះ។ នៅក្នុងកងចល័ត ធឿង បានហូបបបរជាមួយសម្លបន្លែល្ពៅទុំ, ព្រលឹត ឬត្រកួន និងបន្លែផ្សេងៗទៀតដែលអង្គការបានរៀបចំ។ នៅក្នុងវត្តព្រៃព្រំ សម្លដែលអង្គការស្លឲ្យកងចល័តហូបគឺខ្វះអនាម័យខ្លាំងណាស់ ហើយពេលខ្លះមានសត្វតុកកែងាប់នៅក្នុងសម្លក៏មាន។​

នៅឆ្នាំ១៩៧៦ ប្រធានកងរបស់ធឿង បានបញ្ជូនគាត់ទៅធ្វើការងារក្នុងកងយុវជនពិសេស នៅស្រុកអង្គរបុរី។ នៅក្នុងកងពិសេស ធឿង ត្រូវដើរទៅធ្វើការពីរដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលថ្ងៃត្រង់បន្ទាប់ពីហូបអាហាររួច ដែលដើរម្ដងក្នុងចម្ងាយពីរគីឡូម៉ែត្រ។ ពេលចេញទៅធ្វើការ ធឿង ត្រូវកាន់ប៉ែលបំពុងមួយ ដើម្បីជីកដីធ្វើប្រឡាយ ឬយកទៅស្ដារប្រឡាយចាស់។ អំឡុងពេលធ្វើការងារ កងយុវជន និងកងនារី ត្រូវធ្វើការប្រកួតប្រណាំងគ្នា ហើយធឿង តែងតែបានទទួលបានជ័យជម្នះ ប៉ុន្តែមិនទទួលបានរង្វាន់អ្វីទេ។ នៅពេលធ្វើដំណើរត្រលប់មកវិញ ធឿង និងនារីដទៃទៀត ឆ្លៀតពេលលួចរើសខ្យង និងក្ដាមតាមផ្លូវយកមកអាំងហូប ដើម្បីកាត់បន្ថយការឃ្លាន។ ការលួចអាហារនេះគឺដាច់ខាតមិនឲ្យប្រធានកងដឹង បើមិនដូច្នេះទេគឺត្រូវបង្ខំចិត្តញាត់ ក្ដាម ឬខ្យង ចូលក្នុងមាត់ទាំងឆៅ។ ជាក់ស្ដែង ធឿង បានឃើញអង្គការចាប់យកអាហារឆៅញាត់ចូលមាត់នារីម្នាក់ នៅពេលដែលនាងរៀបនឹងអាំងហូប។

បន្ទាប់មក អង្គការបានបញ្ជូន ធឿង ទៅក្នុងកងយាយស នៅកំពង់អំពិល ដើម្បីធ្វើការងារអូសចក ឬត្រកៀត ចេញពីបឹង។ ធឿង បន្តថា បឹងដែលគាត់ធ្វើការមានសត្វពស់ច្រើនណាស់ ហើយប្រសិនបើពស់នោះចឹងគឺត្រូវស្លាប់នៅពេលចូលដេក។ ដើម្បីការពារកុំឲ្យមានមនុស្សស្លាប់ យុវជននៅក្នុងក្រុម បានដាក់វេនគ្នាអូសមិត្តដែលត្រូវពស់ចឹក មួយថ្ងៃមួយយប់រហូតដល់ខួប ទើបអាចសម្រាកបាន។ ធឿង ធ្វើការនោះ បានរយៈពេល៤ថ្ងៃ មានកងស្រុកនៅខាងជើងកំពង់អំពិល មកស្នើនារីនៅក្នុងកងយាយស ឲ្យទៅជួយកាត់ត្រីពេលយប់បន្ថែមទៀត ចាប់ពីម៉ោង៧ ដល់ម៉ោង៩។ ពេលត្រលប់មកពីកាត់ត្រី ធឿង បានលួចយកក្បាលត្រីធំមួយដែលគាត់កាត់បាន យកមកស្ងោរហូបរួមគ្នាជាមួយនារីពីរនាក់ទៀតដែលធ្វើការងារយាមជាមួយគ្នា។

អំឡុងពេលស្ងោរត្រី ធឿង និងមិត្ត បានអង្គុយជុំវិញឆ្នាំង ហើយប្រសិនបើអង្គការដើរមកជិតគឺគាត់ទាញយកឆ្នាំង និងដុំថ្មទៅលាក់ភ្លាមៗ ហើយអង្គុយធ្វើដូចជាអាំងភ្លើងធម្មតា។ នៅពេលដែលម្មាភិបាលខ្មែរក្រហមទៅបាត់ ធឿង យកក្បាលត្រីមកចម្អិនបន្តរហូតដល់ឆ្អិន និងចែកគ្នាហូបភ្លាមៗ។ ធឿង ធ្វើបែបនេះជាប្រចាំ ទើបអាចកាត់បន្ថយសេចក្ដីស្រេកឃ្លានគាត់បាន ព្រោះអង្គការផ្ដល់តែបបររាវ ហូបជាមួយសម្លបន្តិចបន្តួច។ ចំពោះអ្នកដែលជិតស្និតជាមួយមេកង គឺអាចរកពងពស់ ឬអ្វីផ្សេងទៀតយកមកដាក់ស្ងោរក្នុងខ្ទះសម្លហូបបានបន្ថែម និងអាចលួចលាក់អាហារហូបបាន ប៉ុន្តែបើប្រធានកងមិនពេញចិត្តអ្នកណាម្នាក់ ឬធ្វើការងារមិនគ្រប់ចំនួន គឺត្រូវតាមដានខ្លាំង និងដាក់ពិន័យធ្ងន់ៗ។

ធឿង ធ្វើការងារនៅក្នុងកងយាយស បានរយៈពេលកន្លះខែ គាត់បានបបួលមិត្តនៅក្នុងកងចំនួនជាង១០នាក់ រត់ត្រឡប់មកសហករណ៍វិញ។ មូលហេតុដែល ធឿង ហ៊ានរត់ដូច្នេះព្រោះគាត់មិនចង់ស្លាប់ដោយសារអត់អាហារនៅទីនោះ។ មួយវិញទៀត ធឿង មិនអាចទ្រាំជាមួយការសម្រាកក្នុងរោងហាលខ្យល់ត្រជាក់ខែកត្កិកបាន ដោយគ្មានភួយដណ្ដប់ ឬសម្លៀកបំពាក់គ្រប់គ្រាន់នោះទេ។ ធឿង បានចាកចេញពីកងចល័តនៅម៉ោង១២អធ្រាត្រ ព្រមទាំងលាដើមត្នោតមួយដើមថា៖​ “ដើមត្នោតអើយអញត្រលប់ទៅវិញហើយ”។

នៅតាមផ្លូវធ្វើដំណើរ ក្រុមរបស់ធឿង បានជួបជាមួយកងឈ្លបមួយក្រុម ដែលកំពុងយាមនៅព្រៃសណ្ដែក និងបានសួរនាំពីការដំណើររបស់គាត់។ ពេលឮសំណួររបស់កងឈ្លប ធឿង បានឆ្លើយភ្លាមៗថា ក្រុមយុវជននៅកំពង់អំពិល អស់អង្ករហូប ហេតុនេះហើយបានជាឲ្យក្រុមរបស់គាត់ធ្វើដំណើរទៅសហករណ៍ទាំងយប់ ដើម្បីធ្វើការងារបុកស្រូវ រួចយកអង្ករទៅការដ្ឋានការងារវិញ។  កងឈ្លបបានសួរដេញដោលរកលិខិតធ្វើដំណើរ ប៉ុន្តែក្រុមរបស់ធឿងមិនមាន ទើបសុំអង្វរកងឈ្លប រហូតទទួលបានការដោះលែង។ ក្រុមរបស់ធឿង បានធ្វើដំណើរបន្តទៀត រហូតទៅដល់សហករណ៍ពេលព្រឹក ប៉ុន្តែគាត់មិនហ៊ានចូលភូមិភ្លាម​ៗនោះទេ គឺបានត្រឹមសំងំលាក់ខ្លួនក្នុងព្រៃសិន ព្រោះខ្លាចអង្គការចាប់។ រហូតដល់ម៉ោង៦យប់ ក្រុមនារីទាំងអស់បានចូលទៅផ្ទះរៀងៗខ្លួន ហើយធឿង បានទទួលអាហារបន្តិចបន្តួច ពីបងប្អូនរបស់គាត់។ ធឿង ស្នាក់នៅក្នុងផ្ទះរយៈ៣ថ្ងៃ ទើបគាត់រត់ទៅចូលក្នុងកងដើមវិញ និងបានធ្វើការងារបន្តទៀត។

ធឿង ធ្វើការងារនៅអង្គភាពដើមបានមួយរយៈ អង្គការបានជម្លៀសគាត់ទៅធ្វើការងារនៅព្រៃសណ្ដែកបន្តទៀត។ នៅព្រៃសណ្ដែក ធឿង បាបបបួលនារីម្នាក់ លួចត្រលប់មកសហករណ៍ទាំងកណ្ដាលយប់ម្ដងទៀត ព្រោះទ្រាំរែកដីធ្ងន់ៗមិនបាន។ ពេលធ្វើដំណើរក្នុងព្រៃ ធឿង បានជួបជាមួយចោរព្រៃលីកាំបិតវែងមួយដើរចុះឡើង ហើយគាត់និងមិត្តភក្ដិនាំគ្នារត់ពួន និងដើរតាមផ្លូវវាងផ្សេងទៀត រហូតដល់បានជួបកម្មាភិបាលខ្មែរក្រហម។ ធឿង បានកុហកអង្គការថាម្ដាយរបស់គាត់ឈឺខ្លាំងណាស់ និងសុំអង្វរកងឈ្លបជាច្រើនដង រហូតដល់បានសម្រេច។ បន្ទាប់មក នៅពេលដែល ធឿង ធ្វើដំណើរមកដល់ ស្រែរនោង មេឃចាប់ផ្ដើមភ្លឺ ហើយក្នុងចិត្តរបស់គាត់លែងសូវខ្លាចដូចក្នុងព្រៃទៀត។ ធឿង ធ្វើដំណើរបន្តទៀតរហូតដល់ផ្ទះបង ប៊ិន នៅត្រពាំងជង្រុក និងបានលាក់ខ្លួននៅទីនោះរយៈពេលកន្លះខែ។ នៅត្រពាំងជង្រុក ប៊ិន បានយកបាយពីសហករណ៍ឲ្យគាត់ហូបនៅពេលយប់រាល់ថ្ងៃ និងបានបញ្ចុះបញ្ចូលឲ្យ ធឿង ទៅជួយធ្វើការងារក្នុងរោងបាយ។

ធឿង ដាំបាយក្នុងសហករណ៍បានរយៈពេល៤ថ្ងៃ ឈ្មោះ មើក ជាប្រធានសហករណ៍ បានបញ្ជូនគាត់ទៅកងបន្តទៀត ដើម្បីធ្វើការងារនៅក្នុងទៅតំបន់១០៦។ នៅក្នុងតំបន់១០៦ ការងាររបស់ ធឿង គឺធ្វើរងដំឡូងមី និងជើងដំឡូងមី។ នៅខែតុលា ឆ្នាំ១៩៧៧ ឈ្មោះ អេម បានឲ្យនីរសារគាត់មកហៅ ធឿង ទៅរៀបការនៅក្នុងរោងចក្រអាឈើបុតាផង់។ ក្នុងពេល ធឿង ប្ដេជ្ញា អង្គការបានរៀបចំយុវជនចំនួន៧០គូ ឲ្យរៀបការជាមួយគ្នា។ បន្ទាប់ពីរៀបការរួច អង្គការបានរៀបចំខសាច់ជ្រូកជាច្រើនខ្ទះសម្រាប់យុវជនរៀបការ និងមនុស្សនៅក្នុងរោងអាឈើទាំងអស់ ដែលមានចំនួនសរុប៧០០នាក់។ បន្ទាប់ពីរៀបការរួច អង្គការឲ្យ ធឿង ធ្វើការងារលាងចានឲ្យកម្មកររោងចក្រអាឈើទាំងអស់ ហើយការហូបអាហាររបស់គាត់បានល្អប្រសើរជាងមុន ព្រោះបាយមួយកាធុន និងសម្លមួយឆ្នាំង រៀបចំសម្រាប់មនុស្សមួយក្រុម ១២នាក់ហូប។

នៅខែតុលា ឆ្នាំ១៩៧៨ ធឿង សម្រាលបានកូនម្នាក់នៅពេទ្យ ក្នុងសាលាដើមចំបក់ អង្គតាសោម។ នៅពេលដែល ធឿង ជិតសម្រាលកូន គាត់បានយកមាន់ដែលគាត់ចិញ្ចឹមនៅផ្ទះ អំឡុងពេលមានផ្ទៃពោះផ្ញើទៅឲ្យប្ដីរបស់គាត់ដែលកំពុងធ្វើការងារស្ទូងស្រូវនៅស្រែគង ក្បែរឡធ្យូង និងផ្ដាំទៅអ្នកស្គាល់គ្នាឲ្យប្រាប់ប្ដីពីទីកន្លែងដែលគាត់ត្រូវសម្រាលកូន។ ធឿង សម្រាលកូនបានរយៈពេល៧ថ្ងៃ មិនឃើញប្ដីមកមើលខ្លួន ទើបសុំឡានដឹកឈើពីព្រំតាផង់ ត្រលប់មកសហករណ៍វិញ។ បន្ទាប់មក នៅពេលដែល ធឿង សម្រាលកូនបានប្រមាណ២៨ថ្ងៃ ឈ្មោះ ផុន បញ្ជូនគាត់ទៅរស់នៅ ខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ការងាររបស់ធឿង គឺធូរស្រាល ហើយមានការហូបចុកគ្រប់គ្រាន់។ ប៉ុន្តែការរស់នៅសុខសប្បាយរបស់ ធឿង មានត្រឹមតែពេល៣ខែប៉ុណ្ណោះ ព្រោះមានកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក និងនាំគ្នារត់ចេញពីរោងចក្រ។

នៅខែមករា ឆ្នាំ១៩៧៩ មុនពេលកងទ័ពស្ម័គ្រចិត្ត ធ្វើដំណើរទៅដល់រោងចក្រ  ខេត្តបាត់ដំបង ធឿង និងកម្មាភិបាលខ្មែរក្រហមផ្សេងទៀត បានរៀបចំ ក្រណាត់, សណ្ដែក, ស្ករស, អង្ករដំណើប ឬអង្ករខ្សាយ និងសម្ភារជាច្រើនទៀត ដាក់លើឡានចំនួន៧គ្រឿង រួចនាំគ្នាបើកចេញទៅ។ នៅពេលដែលអស់ផ្លូវ ធឿង និងមិត្តនៅក្នុងក្រុមនាំគ្នាបោះបង់ឡានទាំងអស់នោះ និងនាំយកតែខោអាវ, សម្ភារបន្តិចបន្តួច រួមជាមួយអង្ករម្នាក់មួយទៃ រួចធ្វើដំណើរចូលព្រៃ។ ពេលធ្វើដំណើរ ធឿង ជួបប្រទះនូវការលំបាកខ្លាំង ព្រោះគាត់ត្រូវបីកូនតូច និងត្រូវលីអង្ករបន្ថែមទៀត ហើយប្ដីរបស់គាត់កាន់បង្វិចខោអាវមួយ ព្រោះពេលនោះគាត់មានជំងឺ។ នៅក្នុងព្រៃ ធឿង និងមិត្តប្រមាណ៧០នាក់ បានធ្វើដំណើរទៅដល់ទឹកដីប្រទេសថៃ តាមច្រកប៉ៃលិន ហើយត្រូវបានទាហានថៃ យកកាំភ្លើងមកភ្ជង់ពីក្រោយ រួចសម្លុតយកទ្រព្យសម្បត្តិប្រជាជន ហើយធឿង អស់មាស់៤ជី។ ក្រុមរបស់ធឿង ចូលក្នុងទឹកដីថៃបានរយៈពេល៤យប់ តាម៉ុក ទៅទទួលយកមករស់នៅក្នុងព្រៃស្រុកខ្មែរវិញ ហើយក្រោយមកចូលក្នុងជំរំ។

អំឡុងពេល ធឿង ធ្វើដំណើរក្នុងព្រៃ កូនរបស់គាត់ ដែលមានអាយុប្រមាណមួយឆ្នាំ បានយំ និងធ្វើឲ្យនារីនៅក្នុងកងទាំងអស់មិនពេញចិត្ត។ នារីនៅក្នុងកងទាំងអស់បានប្រាប់ទៅ ធឿង ឲ្យធ្វើការបោះបង់កូននោះចោលក្នុងព្រៃទៅ បើមិនធ្វើតាមទេគឺមិនឲ្យធ្វើដំណើរជាមួយទេ ព្រោះខ្លាចបែកការនៅពេលដែលឮសំឡេងកូនក្មេង។។ ពេលឮដូច្នេះ ធឿង បានខឹងសម្បាយ៉ាងខ្លាំង ហើយបានបដិសេធភ្លាមៗ ព្រមទាំងយកក្រមាទៅញាត់មាត់កូនរបស់គាត់។ ធឿង ធ្វើដំណើរក្នុងព្រៃមួយរយៈ មានក្មេងប្រុសម្នាក់ដើរតាម និងជួយកាន់សម្ភារគាត់ រហូតដល់ចម្ការដើមជ្រៃ។

នៅចម្ការដើមជ្រៃ ធឿង បានធ្លាក់ខ្លួនកើតជំងឺគ្រុនចាញ់ សម្រាកលើដើមអង្កាញ់។ នៅពេលដែល ធឿង ឈឺ បានក្មេងប្រុសម្នាក់ដែលដើរតាមគាត់នោះជួយរកបាយឲ្យគាត់ហូប។ ​ក្មេងប្រុសម្នាក់នោះតែងតែទៅចូលទៅក្នុងវត្តថៃ ដើម្បីបម្រើព្រះសង្ឃ ហើយនៅពេលត្រលប់មកវិញ គាត់បានយកបាយមួយកញ្ចប់ឲ្យធឿង។ នៅថ្ងៃមួយ នៅពេលដែល ធឿង និងប្ដី ដេកឈឺខ្លាំងងើបមិនរួចគាត់បានផ្ដាំផ្ញើក្មេងប្រុសម្នាក់ទាំងទឹកភ្នែកថា ឲ្យជួយមើលកូនរបស់គាត់ផង និងឃាត់ក្មេងនោះកុំឲ្យទៅវត្តអី ព្រោះពេលនោះគាត់គ្មានកម្លាំងទាល់តែសោះ។ ក្មេងប្រុសនោះបានបដិសេធ ព្រោះប្រសិនបើគាត់មិនទៅទេនោះធឿង មិនមានបាយហូបដែរ។ ក្មេងប្រុសនោះចាកចេញផុតបន្តិចស្រាប់តែមានសំឡេងគ្រាប់កាំភ្លើងផ្ទុះឡើង ហើយធឿង ខំក្រោកឡើងស្រវាសម្ភារ និងស្បៀងបន្តិចបន្តួចដែលមាន រួចវាឆ្លងអូរទៅក្នុងទឹកដីថៃ។ ចំណែកប្ដីរបស់ធឿង បានកាន់កូនតូចឆ្លងអូរទៅជាមួយគ្នា ប៉ុន្តែដោយសារគាត់មិនមានកម្លាំងទើបធ្វើឲ្យកូនធ្លាក់ចូលក្នុងអូរ ចេញឈាមច្រាល។ ប្ដីរបស់ធឿង បានចុះទៅរើសកូនរបស់គាត់ រួចបន្តដំណើរទៅមុខទៀតជាមួយប្រជាជន។ ចំណែក ធឿង ដោយសារតែអស់កម្លាំងខ្លាំងពេក គាត់បានវាទៅសម្រាកនៅក្រោមទន្ទ្រានខែត្រជាមួយអ៊ី(មីង)ម្នាក់ដែលឈឺដូចគ្នា។ នៅក្រោមដើមឈើ ធឿង ចាប់ផ្ដើមឃ្លានបាយ និងធូរស្រាលពីជំងឺ ព្រោះគាត់បានបែកញើសនៅពេលខំប្រឹងវា។ បន្ទាប់មក ធឿង បានយកអង្ករបន្តិចបន្តួចដែលគាត់មាន យកទៅដាំបាយមួយកំប៉ុងហូបពីរនាក់អ៊ីម្នាក់នោះ និងចាប់ផ្ដើមមានកម្លាំងឡើងវិញ។ នៅថ្ងៃបន្ទាប់ មិត្តនារីដែលធ្វើដំណើរជាមួយគាត់ពេលមុន បានត្រលប់មកសែង ធឿង យកទៅដាក់ក្នុងជំរំ។

នៅក្នុងជំរំ ប្ដីប្រពន្ធរបស់ធឿង នៅតែបន្តដេកឈឺស្ដូកស្ដឹង និងមិនអាចក្រោកទៅយកជំនួយ ដែលអង្គការដឹកយកមកចែកទាំងឡានៗបានឲ្យនោះទេ។ ប៉ុន្តែកូនរបស់ ធឿង ដែលមានអាយុជាងមួយឆ្នាំ ត្រូវបាននារីក្រមុំៗដែលធ្លាប់ស្អប់កូនរបស់គាត់ពេលធ្វើដំណើរ មកខ្ចីយកទៅបើស្បៀង និងសម្ភារប្រើប្រាស់បានពេញៗកេស រហូតដល់ពេលយប់។ នៅពេលយប់ឡើង ប្ដីប្រពន្ធធឿង បានលួចបីកូនចេញពីជំរំ ព្រោះគាត់ទទួលដំណឹងថា មានអ្នកមកយកប្រជាជនក្នុងជំរំនោះទៅស្រុកអាមេរិកទាំងអស់ ហើយប្ដីរបស់គាត់មិនចង់ចេញពីស្រុកខ្មែរ។ នៅពេលដែលចេញពីជំរំបានមួយយប់ កូនស្រីរបស់ធឿង បានឈឺស្លាប់ដោយសារតែបាក់កម្លាំង នៅបឹងត្រកួន។ ធឿង មានការសោកស្ដាយយ៉ាងខ្លាំង បើកុំតែគាត់ឈឺងើបមិនរួច នោះខ្លួនអាចឃាត់កងនារី មិនឲ្យខ្ចីកូនយកទៅបើកស្បៀង រហូតដល់ដាច់អាហារ ហើយកូនគាត់ក៏មិនស្លាប់​។ បន្ទាប់ពីកូនស្លាប់​ធឿង និងប្ដីនាំគ្នាជីកដីកប់កូន រួចធ្វើដំណើរបន្តទៀតទៅខេត្តឧត្តរមានជ័យ ព្រោះឮថាទីនោះសម្បូរអាហារហូប។

នៅតាមផ្លូវធ្វើដំណើរ ដោយសារតែ ធឿង ឈឺស្គមដើរមិនរួច ទើបប្រជាជននាំគ្នាសែងគាត់ដាក់ឡានយកទៅរស់នៅ ភូមិចងក។ នៅភូមិចងក បន្ទាប់ពីជំងឺរបស់ ធឿង បានធូរស្រាលគាត់សម្រាលបានកូនម្នាក់ឈ្មោះ អ៊ូក។ ក្រោយមក ធឿង បានជម្លៀសទៅរស់នៅស្ទឹងចាន់ និងកើតបានកូនថ្លោសធំម្នាក់ទៀតឈ្មោះជីន។ ធឿង ​សម្រាលកូនបានមួយរយៈ គាត់ត្រូវជម្លៀសឡើងភ្នំបន្តទៀត។ នៅពេលចេញដំណើរ ធឿង បានឲ្យកូនឈ្មោះ អ៊ូក ជិះពីលើក, កូនឈ្មោះជីន ដាក់ក្នុងថ្នក់ ហើយស្ពាយវ៉ាឡូមួយក្រោយខ្នង និងយកទ្រុងសត្វមាន់ ឬទា ដាក់ពីមុខមួយទៀត។ ចំណែកប្ដីរបស់ធឿង បានជួយកាន់វ៉ាឡូមួយប៉ុណ្ណោះព្រោះគាត់មានជំងឺ។ ពេលធ្វើដំណើរតាមផ្លូវ អ្នកធ្វើដំណើរជាមួយគ្នាបានប្រាប់ឲ្យ ធឿង បោះបង់កូនចោលក្នុងព្រៃម្ដងទៀត ដោយបាននិយាយថា “អ៊ីឯងយកធ្វើអីកូនធំ ក្រវាត់ចោលទៅ ប្រយ័ត្នឡើងភ្នំមិនរួច។ កូនធំស៊ឹងអី ខំយកអី ម៉ែស្គមអ៊ីចឹង ក្រវាត់ចោលទៅហើយបាត់ហើយ។” ពេលឮដូច្នេះ ធឿង បានខឹងនិងបន្តបោះសម្ដីថា “កូនង៉ែងៗបោះចោលទៅ កូនខ្ញុំអត់បោះចោលទេ”។ ធឿង បានជម្នះស្ពាយកូន និងសម្ភារធ្វើដំណើររហូតដល់ជំរំអូរត្រាវ និងរស់នៅទីនោះ។ នៅឆ្នាំ១៩៩១ ធឿង បាននាំគ្រួសារត្រលប់មករស់នៅខេត្តតាកែវវិញ។

ការរស់នៅរបស់ ធឿង នៅខេត្តតាកែវ មិនបានធូរស្រាលប៉ុន្មានទេ ព្រោះគាត់ត្រូវខិតខំរកស៊ីដើម្បីចិញ្ចឹមកូនៗ រហូតដល់មានហូបចុកគ្រប់គ្រាន់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ធឿង បានឲ្យដឹងថា ខ្លួនបានយកការលំបាកនៅក្នុងសម័យខ្មែរក្រហម និងពេលជម្លៀសក្នុងព្រៃ ប្រាប់ទៅកូនចៅរបស់គាត់ជំនាន់ក្រោយទាំងទឹកភ្នែក ហើយកូនរបស់គាត់បានឆ្លើយតបទៅម្ដាយវិញថា “នឹងហើយសាច់ម៉ែឯងកម្ម”។ ធឿង យល់ថាជីវិតរបស់គាត់ពិតជាកម្មមែន ដូចកូនរបស់គាត់និយាយ។

[1] កិច្ចសម្ភាសជាមួយឈ្មោះ ស៊ឹម ធឿង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយ កាន់ សុខភាព ក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។


អត្ថបទដោយ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin