អ្នកជីកព្រែកសាត្រាវសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ជួង អៃ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អៃ មានបងប្អូនបួននាក់ និងមានកូនពីរនាក់។
កាលពីកុមារភាព អៃ រៀនសូត្របានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាវត្តព្រៃវល្លិ៍។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ ឆ្នាំ១៩៧៥ អៃ រស់នៅស្រុកកំណើតជាមួយឪពុកម្តាយមានជីវភាពមធ្យម។ នៅពេលនោះគាត់បានឃើញមានសង្គ្រាមរវាងទាហាន លន់ នល់ ជាមួយ និងចលនាតស៊ូខ្មែរក្រហម។ ឪពុកម្តាយបាននាំ អៃ ទៅពួនក្នុងរណ្តៅត្រង់សេពេលដែលមានយន្តហោះមកទម្លាក់គ្រាប់បែកក្នុងភូមិម្តងៗ។ អៃ បាននិយាយថា «ខ្ញុំមានការភ័យខ្លាចខ្លាំង ខ្ញុំ និងបងប្អូនបានរត់ចូលរណ្តៅត្រង់សេ ដើម្បីគេចខ្លួន»។ «នៅពេលយប់ខ្ញុំឃើញមានភ្លើងចេញពីយន្តហោះ ហើយយន្តហោះ បានហោះមកទម្លាក់គ្រាប់នៅក្នុងភូមិប៉ុន្តែមិនត្រូវប្រជាជនទេ គ្រាន់តែបានបំផ្លាញទ្រព្យសម្បត្តិខ្លះៗ តែប៉ុណ្ណោះ»។
នៅអំឡុងរបបខ្មែរក្រហមឆ្នាំ ១៩៧៥ អៃ មានអាយុប្រមាណ២០ឆ្នាំ។ គាត់ត្រូវបានកងឈ្លបខ្មែរក្រហមតម្រូវឲ្យជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែជាមួយក្រុមយុវនារីក្នុងកងចល័តនារី។ អៃ ធ្លាប់ចល័តទៅជីកដីរហូតដល់តំបន់ព្រែកសាត្រាវ នៅខេត្តស្វាយរៀង។ នៅព្រែកសាត្រាវ អៃ ធ្លាប់ឃើញអ្នកធ្វើការជាមួយបានស្លាប់ដោយសារមិនអាចទ្រាំនឹងការងារធ្ងន់ និងហូបអាហារមិនគ្រប់គ្រាន់។ អៃ ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន-យុវនារី ម្តងៗប្រមាណ១០ ទៅ៥០គូ។ បន្ទាប់ពីរៀបការរួចរយៈពេល១០ថ្ងៃ ប្តី-ប្រពន្ធ ត្រូវបំបែកទៅធ្វើការងាតាមកន្លែងរៀងៗខ្លួន។ ក្នុងរបបខ្មែរក្រហម អៃ មិនបានឃើញសកម្មភាពសម្លាប់មនុស្សផ្ទាល់ភ្នែកទេ ប៉ុន្តែគាត់បានឃើញកងឈ្លបបណ្តើរមនុស្សយកទៅរៀនសូត្រ និងបានបាត់ដំណឹងមិនឃើញត្រលប់មកសហករណ៍វិញ។ ក្រោយរបបខ្មែរក្រហម នៅទួលក្រាំងគរ ក្នុងវត្តថ្មីគាត់ឃើញមានបន្សល់ទុកនូវឆ្អឹង និងលលាដ៍សាកសពយ៉ាងច្រើន។ អៃ ក៏បានឃើញខ្មែរក្រហមបំផ្លាញវត្តអារាម, ពុទ្ធបដិមា, ផ្សឹកព្រះសង្ឃ និងបានបង្ខំព្រះសង្ឃឲ្យទៅធ្វើការងារស្រែចម្ការ និងជីកប្រឡាយ លើកទំនប់ ដូចប្រជាជនដែរ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ អៃ បានត្រលប់មករស់នៅស្រុកកំណើត និងប្រកបរបរធ្វើស្រែរហូតដល់បច្ចុប្បន្ន៕
សម្ភាសន៍ដោយ វៃ សូរិយ៉ា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

