មៀន ផន៖ លួចហូបបាយរបស់អ្នកជំងឺ

(កំពង់ស្ពឺ)៖ មៀន ផន ភេទស្រី មានអាយុ ៥៥ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកែស្រែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ផន មានឪពុកឈ្មោះ ពែល មុត, ម្ដាយឈ្មោះ កុល នឿន និងមានបងប្អូនពីរនាក់ ក្នុងនោះបងស្រីម្នាក់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម ដោយមិនដឹងមូលហេតុ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ផន ត្រូវជម្លៀសទៅរស់នៅក្នុងភូមិ១០៨។ ក្រោយមក គ្រួសារផន ត្រូវខ្មែរក្រហមបញ្ជូនទៅតំបន់ព្រំដែនជាមួយប្រទេសវៀតណាម។ នៅទីនោះ ផន ត្រូវរែកដី, រែកទឹក, អូសត្រកៀត និងស្ទូងស្រែប្រាំង។
សមាជិកគ្រួសារផនទាំងអស់ត្រូវធ្វើការក្នុងកងផ្សេងៗ ដោយមិនធ្វើការក្នុងកងជាមួយគ្នានោះទេ។ ជួនកាល ផន បានស្នើសុំប្រធានក្រុមទៅសួរសុខទុក្ខឪពុកម្ដាយ។ នៅពេលនោះ ខ្មែរក្រហមបានចោទម្ដាយរបស់ផនថា ជាអ្នកឃាត់កូនមិនឲ្យមកធ្វើការក្នុងកងវិញ ហើយចាប់ចង និងបង្អត់អាហារអ្នកទាំងពីរ។
ក្រោយមក នៅម៉ោងប្រហែល៩យប់ ផន តែងតែទៅលួចដកព្រលិតយកទៅឲ្យឪពុក ហើយឪពុករបស់គាត់ បានស្លព្រលិតក្នុងកំសៀវ។ ខ្មែរក្រហមបានចាប់ចងឪពុករបស់គាត់ ដោយសារលួចហូប។
ក្រៅពីលួចព្រលិត ផន ថាគាត់ធ្លាប់ទៅលួចកន្ទក់នៅរោងម៉ាស៊ីនកិនស្រូវ បានមួយថង់ធំយកទៅឲ្យ យាយមុត ដែលជាអ្នកភូមិធ្លាប់រាប់អានគ្នាពីមុនមក ធ្វើឲ្យយាយមុត កើតហើមដោយសារហូបច្រើនពេក។ នៅថ្ងៃមួយ ផន និយាយថា គាត់លួចដកក្តួចហូប និងពុល ដោយសារការហូបចុកមិនគ្រប់គ្រាន់។
នៅរដូវវស្សា គ្រួសារផន, គ្រួសារយាយមុត និងគ្រួសារយាយនាង ចំនួនបីគ្រួសារ បានលួចរត់ចេញពីទីនោះទៅខេត្តតាកែវវិញ។ នៅពេលទៅដល់ភូមិព្រៃកប្បាស អ្នកទាំងអស់គ្នាត្រូវខ្មែរក្រហមបញ្ជូនត្រលប់មកវិញ និងបង្អត់អាហារអស់រយៈមួយថ្ងៃ។
ផន និយាយថា គាត់ហូបតែបបរលាយជាមួយសម្លព្រលិត ឬគល់ចេកប៉ុណ្ណោះ ធ្វើឲ្យគាត់កើតជំងឺហើម និងក្អកចេញឈាម។ ផន និយាយថា ថ្នាំរាងដូចអាចម៍ទន្សាយដែលគាត់សុំពីពេទ្យ គឺគ្មានប្រសិទ្ធិភាពទេ។ នៅពេលនោះ ឪពុករបស់ផន បានលួចដាំថ្នាំខ្មែរឲ្យគាត់ផឹក ទើបគាត់បានជាសះស្បើយ។
នៅពេលមានជំងឺ ខ្មែរក្រហមតែងតែចោទប្រជាជនថាមានជំងឺសតិអារម្មណ៍ មិនព្រមទៅធ្វើការ ដូច្នេះត្រូវបង្អត់អាហារ។ ប្រជាជនណាដែលប្រកែកជាមួយខ្មែរក្រហម នឹងត្រូវខ្មែរក្រហមមកនាំខ្លួនទៅនៅម៉ោង៧យប់។ ផន ថាខ្មែរក្រហមចងមនុស្សនឹងក្រមា បណ្តើរឡើងរទេះសេះ ដោយចោទថាជាខ្មាំង និងប្រកាសថា កុំឲ្យប្រជាជនយកគំរូតាម។ ក្រោយមក អ្នកដែលត្រូវខ្មែរក្រហមនាំខ្លួនទៅ គឺបាត់ខ្លួនជារៀងរហូត។
មិនយូរប៉ុន្មាន ផន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងមន្ទីរពេទ្យព្យាបាលកងទ័ពរបួសដែលត្រលប់មកពីសមរភូមិមុខ។ ផន និងសមាជិកក្រុម១៨នាក់ ត្រូវលើកជញ្ជូនអាហារឲ្យអ្នកជំងឺ និងមើលថែអ្នកជំងឺ។ ផន ត្រូវយាមនៅមន្ទីរពេទ្យរហូតដល់ម៉ោង១១យប់ និងត្រូវសែងសាកសពយកទៅដាក់ឡានបញ្ជូនទៅខេត្តកំពង់ចាម។ ផន ថានៅមន្ទីរពេទ្យ គាត់ត្រូវធ្វើការដោយគ្មានថ្ងៃសម្រាក និងហូបតែបាយលាយជាមួយដំឡូងមីដែលខ្ជាប់ដាក់ក្នុងស្មុក និងអាហាររបស់អ្នកជំងឺដែលនៅសល់ប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ផន បានត្រលប់មកភូមិកំណើតជាមួយឪពុកម្ដាយ និងជីដូនវិញ ចំណែកបងស្រីរបស់គាត់បានបាត់ខ្លួន។ ម្ដាយរបស់គាត់ បានយកមាសមួយជីទៅដូរអង្ករប្រាំកំប៉ុងទុកឲ្យជីដូនពិសាតាមផ្លូវ។ ផន រំឭកថា សូម្បីតែស្ករ និងអំបិល ក៏គាត់គ្មានហូបដែរ។ ឪពុករបស់គាត់ តែងតែរត់ទៅរើសត្នោតទុំ និងធ្វើស្រែរួមដើម្បីបានអង្ករយកមកហូប។
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ផន បានរៀបការជាមួយប្តីឈ្មោះ ទូច វៃ និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។ ទូច ប្រកបរបរដើរស៊ីឈ្នួលស្ទូងស្រូវនៅច្បារមន ដោយសារគ្រួសារគាត់គ្មានគោក្របីសម្រាប់ភ្ជួរ៕
សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥

