ពេលពិបាកមិនឈឺ មកឈឺពេលស្រណុក

(ក្រចេះ)៖ ពៅ មុំ អាយុ ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នរស់នៅភូមិស្រែស្ដៅ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ មុំ និងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ មុំ បានរៀបរាប់ថា ពេលនោះគាត់រត់ទាំងមិនដឹងទិសដៅច្បាស់លាស់ឡើយ ពោលគឺដឹងត្រឹមតែថាត្រូវព្យាយាមរត់ឱ្យផុតពីគ្រាប់បែកតែប៉ុណ្ណោះ។ លុះរត់បានមួយរយៈ ក៏មានប្រជាជនប្រាប់ឱ្យគ្រួសារគាត់ត្រឡប់ទៅផ្ទះវិញ។ ទោះបីជាមានការស្ទាក់ស្ទើរ និងភ័យខ្លាចយ៉ាងណាក្ដី ក្រោយពីអ្នកភូមិអះអាងថាមានសុវត្ថិភាពហើយ គ្រួសារគាត់ក៏សម្រេចចិត្តត្រឡប់ចូលភូមិវិញ។
ការដែលបានត្រឡប់មករស់នៅជួបជុំគ្នាក្នុងផ្ទះដ៏កក់ក្ដៅនាភូមិត្រពាំងរាំង គឺជាក្ដីសុខមួយសម្រាប់ប្រជាជន ប៉ុន្តែសេចក្ដីសុខនេះមានរយៈពេលមិនយូរប៉ុន្មានឡើយ។ ឈានចូលដល់ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញពីរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់។ ភ្លាមៗបន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហមបានប្រកាសជម្លៀសប្រជាជនចេញពីទីក្រុង ដោយយកលេសថាដើម្បីបោសសម្អាតខ្មាំង និងចៀសវាងការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិក។
ផ្អែកតាមការសាកសួរព័ត៌មានពី ប្រជាជន១៧មេសា ដែលត្រូវបានជម្លៀសពីភ្នំពេញ មុំ បានដឹងថា ស្ថានភាពនៅពេលនោះមានភាពចលាចល និងកកស្ទះយ៉ាងខ្លាំងនៅតាមបណ្ដាផ្លូវនានាក្នុងទីក្រុង។ អ្វីដែលគួរឱ្យសង្វេគ គឺមានមនុស្សជាច្រើន ជាពិសេសចាស់ជរា បានបាត់បង់ជីវិតនៅតាមដងផ្លូវក្នុងអំឡុងពេលនៃការជម្លៀស។
នៅក្នុងរបបខ្មែរក្រហម មុំ ត្រូវបានអង្គការចាត់តាំងឱ្យធ្វើស្រែនៅក្នុងសហករណ៍។ ជារៀងរាល់ថ្ងៃ ម៉ោង ៣ទៀបភ្លឺ គាត់ត្រូវក្រោកតម្រង់ជួរដើម្បីស្ដាប់ការណែនាំរបស់អង្គការ រួចចេញទៅធ្វើការងារ។ ចំពោះរបបអាហារវិញ គាត់ទទួលបានដូចជាប្រជាជនដទៃទៀតដែរ គឺក្នុងមួយថ្ងៃទទួលបានបបររាវចំនួនពីរពេល ដោយមួយពេលទទួលបានត្រឹមតែមួយកូនចានចង្កឹះប៉ុណ្ណោះ។ ទោះជាត្រូវធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់ក្ដី មុំ បានកត់សម្គាល់ថា កម្រមានប្រជាជនណាម្នាក់ឈឺថ្កាត់ណាស់ ដោយគាត់បានបញ្ជាក់ថា៖ «កាលពីជំនាន់ពិបាកហ្នឹងអត់អ្នកឈឺទេ ដល់ពេលឥឡូវស្រណុកទៅជាឈឺវិញ»។
មុំ ធ្លាប់បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដែលឈ្លបខ្មែរក្រហមបានចាប់ចងដៃប្រជាជនបណ្ដើរជាហ្វូងៗ ត្រង់ភ្លឹងដូចគេគូសបន្ទាត់ យកទៅតំបន់ផ្សេង។ ឈ្លបទាំងនោះតែងតែប្រើលេសថា យកទៅរៀនសូត្រ, យកទៅធ្វើការនៅកន្លែងថ្មី ឬផ្លាស់ប្ដូរទីលំនៅ ប៉ុន្តែជាក់ស្ដែងគឺយកទៅសម្លាប់ចោល។ មុំ រំលឹកថា រាល់ពេលឃើញទិដ្ឋភាពបែបនោះ គាត់មិនហ៊ានសម្លឹងមើលយូរឡើយ ព្រោះខ្លាចឈ្លបងាកមកឃើញ ហើយចាប់ខ្លួនគាត់យកទៅកសាងដែរ។
ផ្ទុយពីសុខភាពដ៏រឹងមាំនារបបខ្មែរក្រហម បច្ចុប្បន្ននេះ ពៅ មុំ កំពុងមានជំងឺប្រចាំកាយ គឺជំងឺក្រពះ-ពោះវៀន និងជំងឺលើសឈាម៕
សម្ភាសន៍ដោយ៖ ជាប ស្រីខួច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

