ខ្មែរក្រហមរៀបគម្រោងសម្លាប់ទាំងភូមិ

(កណ្ដាល)៖ យ៉ន សៀប អាយុ៧៤ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល ឃុំសារិកាកែវ សង្កាត់អរិយក្សត្រ ខេត្តកណ្ដាល។ សៀប បានចែករំលែករឿងរ៉ាវជីវិតធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម។ នៅឆ្នាំ១៩៧០ សៀប បានរត់គេចគ្រាប់បែករហូតទៅដល់កណ្តាលកោះវត្តស្វាយ ខេត្តកណ្តាល។
នៅពេលខ្មែរក្រហមវាយគ្រប់គ្រងបានទីក្រុងភ្នំពេញ សៀប ត្រូវបានអង្គការជម្លៀសទៅនៅព្រែកដំឡូង និងខ្លះទៀតទៅនៅភូមិចិន។ ក្រោយមក សៀប បានត្រឡប់មកភូមិកំណើតវិញ។ បន្ទាប់ពីទៅដល់ស្រុកកំណើតវិញ សៀប មិនបានត្រូវជម្លៀសទៅតំបន់ណាទៀតទេ។ គ្រានោះ សៀប ជាកសិករធ្វើស្រែចម្ការ និងដាំឈូក។ ពេលនោះ សៀប កំពុងពរពោះកូនទី៣ជិតនឹងដល់ថ្ងៃសម្រាល។ ក្រោយមក សៀប បានសម្រាលកូនរបស់គាត់នៅក្នុងវត្ត។ នៅក្នុងរបបនោះ ខ្មែរក្រហមបានយកទីធ្លាវត្តធ្វើជាមន្ទីរពេទ្យ។
នៅក្នុងរបបខ្មែរក្រហម ប្រព័ន្ធសុខាភិបាលបានធ្លាក់ចុះអន់ថយ ព្រោះគ្រូពេទ្យភាគច្រើនគ្មានជំនាញព្យាបាលជំងឺឡើយ។ គ្រូពេទ្យនៅក្នុងរបបនោះ រៀនជំនាញព្យាបាលជំងឺត្រឹមតែរយៈពេល៣ ទៅ៦ខែ។ មិនត្រឹមតែប៉ុណ្ណោះទេ ពេលនោះមានការខ្វះខាតថ្នាំសង្កូវជាខ្លាំង មានតែថ្នាដែលសូន្យពីឫសឈើ ដែលហៅថាថ្នាំអាចម៍ទន្សាយ។
ការរស់នៅគឺត្រូវបានរស់នៅបែកគ្នានៅពេលថ្ងៃ ហើយត្រូវបានយកមកពីកន្លែងផ្ញើវិញនៅពេលយប់។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនខិតខំធ្វើការងារទាំងឈឺទាំងជា មិនមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ប្រជាជនទាំងអស់ត្រូវក្រោកពីដំណេកនៅវេលាទៀបភ្លឺ ដើម្បីចេញទៅធ្វើការ។ ក្នុងរបបនោះ សៀប ត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងមិនសូវបានឈប់សម្រាក ហើយនឹងហូបចុកមិនគ្រប់គ្រាន់ បណ្ដាលឱ្យគាត់ខ្សោយកម្លាំង ព្រមទាំងឈឺភ្នែក រហូតដល់ទាស់សរសៃ។ សៀប បាននិយាយថា ប្តីរបស់គាត់ត្រូវបានខ្មែរក្រហមមានឈ្មោះដូចជា បួរ, អ៊ុន, សម្បត្តិ និង អយ ចាប់យកទៅសម្លាប់។ អ្នកទាំងនោះបានកុហកថាយកប្ដីគាត់ទៅកាប់ឈើ ប៉ុន្តែជាក់ស្ដែងគឺយកប្ដីគាត់ទៅសម្លាប់។
សៀប បាននិយាយថា៖ «ខ្មែរក្រហមបានរៀបគម្រោងការសម្លាប់ទាំងភូមិ។ ខ្មែរក្រហមបានដើរប្រមូលអ្នកក្នុងភូមិឱ្យទៅទាំងអស់ លើកលែងតែមនុស្សចាស់ដែលដើរមិនរួច។ ពួកគេបានរៀបរោងល្ខោនបាសាក់ ជីកអណ្តូង ស្រាស់របងលួសជុំវិញ និងឱ្យជីកប្រឡាយមុខផ្ទះ»។ ខ្មែរក្រហម បានកុហកថាជីកដាក់ជី តែតាមការពិតគឺទុកកប់មនុស្សចាស់ដែលដើរមិនរួចនោះ។ គម្រោងការនេះត្រូវបានបរាជ័យព្រោះថ្ងៃនោះមានមេឃភ្លៀងខ្លាំង។
ក្រោយមក របបខ្មែរក្រហមបានដួលរលំ ហើយប្រជាជនទាំងអស់បានរួចជីវិត។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំប្រជាជននៅក្នុងតំបន់នោះ បានចាកចេញពីទីនោះ រួចបាននាំសមាជិកគ្រួសារត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕
សម្ភាសន៍ដោយ៖ ឡាំ សុជាតា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

