កងចល័តភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) កុយ ឡាយ មានអាយុ ៧៥ ឆ្នាំ ទីកន្លែងកំណើត និងរស់នៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឡាយមាន​ឪពុក ឈ្មោះ កុយ ជិន និងម្តាយ ឈ្មោះ ចាប ផ្លង់។ កាលពីកុមារភាពឡាយ រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងភូមិ ជាមួយលោកគ្រូ ឈ្មោះ ញឹប និងលោកគ្រូ ឈ្មោះ ឌឹម។

កាលពីរបបខ្មែរក្រហម អង្គការបានជម្លៀស ឡាយ ពីភូមិថ្នល់ពាម ទៅភូមិ ទួលរមៀត ភូមិព្រៃស្វាយ ភូមិខ្លាខំា និងភូមិជ្រៃ រយៈពេលជាច្រើនខែ ហើយបន្ទាប់មកជម្លៀសបន្តទៅដល់ខេត្តពោធិ៍សាត់។ ពេលនោះ ឡាយ មានការភិតភ័យជាខ្លាំងព្រោះរាល់ការជម្លៀសម្តងៗ តែងមានការបង្ខិតបង្ខំ ហើយឈ្លបដែលមកជម្លៀសមានកាំភ្លើង និងកាន់កាំបិត។ ពេលជម្លៀសទៅខេត្តពោធិ៍សាត់ ឡាយ ត្រូវធ្វើដំណើរតាមរថយន្តពីភូមិជ្រៃ ខេត្តស្វាយរៀង ទៅដល់ភ្នំពេញ បន្តជិះរថភ្លើងឆ្ពោះទៅខេត្តពោធិ៍សាត់។ នៅលើរថភ្លើងគ្មានទឹក និងអាហារហូបចុកគ្រប់គ្រាន់នោះទេ ហើយនៅពេលធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងខេត្តពោធិ៍សាត់ ឡាយ ត្រូវដឹកតាមរទេះគោបន្តទៅតាមសហករណ៍ជនបទ។ ការងារក្នុងរបបខ្មែរក្រហម នៅរដូវ​ប្រាំង ឡាយ ត្រូវជីក​​ព្រែក, ប្រឡាយ លើកទំនប់ និងលើកភ្លឺស្រែ និងនៅរដូវវស្សា អង្គការបានប្រើឱ្យស្ទូង ច្រូតកាត់ស្រូវ។ នៅពេលយប់ អង្គការប្រើ ឡាយ ទៅធាក់រហាត់ទឹកបញ្ចូលក្នុងស្រែរហូតដល់ស្រូវទុំ។ របបអាហារ ឡាយ ទទួលបានបបរលាយ ជាមួយពោត ដំឡូង សម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅពេលរបបខ្មែរក្រហមដួលរលំ ឡាយ និងគ្រួសារ ​បានស្វះស្វែងរកសមាជិកគ្រួសារ ហើយបានទៅកើបអង្ករក្នុងឃ្លាំងរួម និងបានធ្វើដំណើរដោយថ្មើរជើងមកស្រុកកំណើតវិញ ចំណាយរយៈពេលប្រមាណ៣ខែ។ អំឡុងពេលធ្វើដំណើរត្រឡប់មកពីខេត្តពោធិ៍សាត់វិញ ជាអកុសល បងប្រុសរបស់ឡាយ ឈ្មោះ កុយ ភឹម និងអ៊ំ ឈ្មោះ កុយ ញាតិ បានស្លាប់ដោយសារជំងឺដែលបន្សល់ទុកពីការធ្វើការងារបាក់កម្លាំងក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្ន ឡាយ រស់នៅភូមិថ្នល់ពាម ប្រកបរបរជាកសិករ និងមានជំងឺប្រចាំកាយគឺ ជំងឺក្រពះ, ជំងឺឡើងសម្ពាធឈាម, ជំងឺលើសជាតិស្ករ, ជំងឺសន្លាក់ និងឧស្សាហ៍វិលមុខ៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin