សុខចិត្តរែកដី ព្រោះមិនចេះស្ទូង

(ភ្នំពេញ)៖ គង់ សុគុណ បច្ចុប្បន្នមានអាយុ៧១ឆ្នាំ (យោងតាមឆ្នាំកំណើតពិត ប៉ុន្តែក្នុងអត្តសញ្ញាណប័ណ្ណគឺ៦៧ឆ្នាំ) មានស្រុកកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នគាត់រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅឆ្នាំ១៩៧០ ក្នុងអំឡុងពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងការទម្លាក់គ្រាប់បែក អំបែងគ្រាប់បែកបានខ្ទាតចូលក្នុងផ្ទះ បណ្ដាលឱ្យត្រូវជើងម្ដាយរបស់ សុគុណ រងរបួសស្រាល។ ក្រៅពីការរងរបួសរបស់ម្ដាយ ផ្ទះសំបែង និងដំណាំដាំដុះជុំវិញផ្ទះរបស់គាត់បានខូចខាតយ៉ាងដំណំ។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ សុគុណ បានភៀសខ្លួនទៅរស់នៅតំបន់ក្បាលថ្នល់បានរយៈពេលបីខែ ខណៈដែលចលនាខ្មែរក្រហមចាប់ផ្ដើមរីកសាយភាយ។ គ្រានោះ គ្រួសារ សុគុណ ដែលមានសមាជិកចំនួន៤នាក់ ទទួលបានអង្ករត្រឹមតែមួយកំប៉ុងប៉ុណ្ណោះសម្រាប់ហូបក្នុងមួយពេល។
លុះដល់ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមកាន់កាប់អំណាចទូទាំងប្រទេស និងបានប្រកាសឱ្យប្រជាជននៅទីក្រុងភ្នំពេញចាកចេញទៅទីជនបទដើម្បីធ្វើកសិកម្ម ឪពុកម្ដាយរបស់គាត់ត្រូវបានចាត់តាំងឱ្យធ្វើការនៅក្នុងអង្គភាពផ្សេង ចំណែក សុគុណ និងបងប្រុសត្រូវបានជម្លៀសទៅតំបន់កៀនស្វាយ។ សុគុណ ត្រូវបានចាត់តាំងឱ្យធ្វើការងារធ្ងន់ៗដូចជា កាប់ដី រែកដី ជីកប្រឡាយ លើកទំនប់ និងធ្វើស្រែ។ សុគុណ បានរំលឹកថា កាលនោះគាត់ចេះតែការងារកាប់ដី និងរែកដីប៉ុណ្ណោះ ប៉ុន្តែមិនចេះស្ទូងស្រូវឡើយ។ ដោយសារការសារភាពត្រង់ៗទៅកាន់ប្រធានក្រុម អង្គការក៏បានចាត់តាំងគាត់ឱ្យកាប់ និងរែកដីក្នុងបរិមាណ ៣ម៉ែត្រក្នុងមួយថ្ងៃ។
នៅក្នុងរបបខ្មែរក្រហម ការរស់នៅត្រូវបានបែងចែកតាមអង្គភាពយ៉ាងច្បាស់លាស់ ដោយកងយុវជន និងយុវនារីត្រូវស្នាក់នៅ និងធ្វើការដាច់ដោយឡែកពីគ្នា។ លើសពីនេះ មានការហាមឃាត់មិនឱ្យយុវជន និងយុវនារីនិយាយរកគ្នាឡើយ ទោះជាបងប្អូនបង្កើត។ ប្រសិនបើឈ្លបចាប់បានថានិយាយលេង ឬសួរសុខទុក្ខគ្នា នឹងត្រូវចោទប្រកាន់ថាខុសសីលធម៌ និងត្រូវចាប់យកទៅកសាង។ ចំពោះការងារវិញ កងយុវជន និងយុវនារីគឺជាអ្នកទទួលរងបន្ទុកការងារធ្ងន់ជាងគេ ហើយជួនកាលត្រូវក្រោកធ្វើការតាំងពីម៉ោង ៣ទៀបភ្លឺ។ កងយុវជន-យុវនារី ត្រូវធ្វើការងារលើសពី១២ម៉ោងក្នុងមួយថ្ងៃ។ ចំណែករបបអាហារវិញ សុគុណ ទទួលបានត្រឹមតែបបរមួយវែកប៉ុណ្ណោះក្នុងមួយពេល។
នៅពេលយប់ គ្រប់សហករណ៍មានសភាពស្ងាត់ជ្រងំ ហើយឪពុកម្ដាយដែលមានកូនតូចតែងបង្ខំកូនឱ្យឆាប់សម្រាក។ ខ្មែរក្រហមតែងចាត់តាំងឈ្លបឱ្យតាមស៊ើបអង្កេតតាមផ្ទះ ព្រោះខ្លាចមានប្រជាជននិយាយរិះគន់អង្គការ ហើយបើចាប់បាន ឈ្លបមានសិទ្ធិចាប់យកទៅសម្លាប់ភ្លាមៗ។ សុគុណ បានចែករំលែកថា ដោយសារមិនបានរស់នៅជាមួយឪពុកម្ដាយ គាត់បានសុំច្បាប់អង្គការដើម្បីទៅសួរសុខទុក្ខឪពុកម្ដាយរបស់គាត់។ នៅតាមផ្លូវធ្វើដំណើរ បានជួបប្រទះសាកសពជាច្រើនដែលមិនទាន់បានកប់ដោយសារជារដូវទឹកជំនន់។ ទោះបីជាមានភាពភ័យខ្លាចយ៉ាងណា សុគុណ បានព្យាយាមរំងាប់អារម្មណ៍ដើម្បីបានទៅជួបម្ដាយ។
បច្ចុប្បន្ន គង់ សុគុណ មានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺក្រពះ-ពោះវៀន ឈឺសន្លាក់ដៃជើង ឈឺឆ្អឹងខ្នង លើសឈាម និងទឹកនោមផ្អែម៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

