អួន សុភី៖ ទឹកដូងមួយកែវ

អួន សុភី រស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២០២១)

(តាកែវ)៖ អួន សុភី ភេទស្រី មានអាយុ ៨០ឆ្នាំ រស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សុភី មានឪពុកឈ្មោះ អួន ញ៉ែន, ម្ដាយឈ្មោះ កា អុម និងមានបងប្អូនចំនួនប្រាំបីនាក់ ក្នុងនោះស្រីបួននាក់។

កាលពីកុមារភាព សុភី បានសិក្សានៅសាលាវត្តសិរីជោតវ័ន។ នៅរបបសង្គមរាស្ត្រនិយម សុភី បានរៀបការ និងប្រកបរបរធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ សុភី បានទៅរស់នៅជាមួយប្តី ដែលធ្វើការជាគូលីនៅស្រុកឆ្លូង ខេត្តក្រចេះ។

នៅឆ្នាំ១៩៧៥ គ្រួសាររបស់សុភី ត្រូវបានខ្មែរក្រហមជម្លៀសដោយឆ្លងកាត់ទីក្រុងភ្នំពេញ និងបន្តដំណើរត្រលប់មកភូមិកំណើតវិញ។ គ្រួសាររបស់សុភី ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី។ បន្ទាប់ពី សុភី រស់នៅក្នុងភូមិកំណើតអស់រយៈពេលមួយខែ គាត់ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅរស់នៅ និងធ្វើការនៅមន្ទីរពេទ្យអស់មួយរយៈពេលខ្លី។

ក្រោយមក សុភី ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងស្រួច នៅភូមិសំរោងយ៉ោង។ នៅទីនោះ សុភី ត្រូវជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ ចំណែកប្តីរបស់សុភី ត្រូវភ្ជួររាស់ ហើយកូនទាំងពីររបស់សុភីត្រូវធ្វើការក្នុងកងកុមារ។

ជារៀងរាល់ថ្ងៃ សុភី ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង៦យប់ និងជួនកាលគាត់ត្រូវច្រូតកាត់រហូតដល់ម៉ោង១១យប់អធ្រាត្រ ទើបបានសម្រាក។ សុភី ត្រូវវេចបាយយកទៅហូបនៅការដ្ឋាន។ សុភី ថានៅពេលដែលខ្មែរក្រហមគ្មានអង្ករសម្រាប់ចែកឲ្យប្រជាជន ខ្មែរក្រហមចែកទឹកដូងម្នាក់មួយកែវសម្រាប់ហូបជំនួសអាហារមួយពេល។

សុភី រំឭកថា នៅពេលគាត់ធ្វើដំណើរទៅព្រែក គាត់បានឃើញខ្មែរក្រហមចាប់ចង និងបណ្ដើរមនុស្សយកទៅ ដោយមិនឃើញត្រលប់មកវិញនោះទេ។ សុភី និយាយថា នៅរបបខ្មែរក្រហម គាត់បានបាត់ដំណឹងប្អូនម្នាក់នៅផ្សារត្រាំខ្នារ។

នៅចុងឆ្នាំ១៩៧៨ នៅពេលដែលកងទ័ពវៀតណាមវាយសម្រុកចូលមកក្នុងភូមិ នៅវេលាម៉ោង១១យប់ សុភី ដែលកំពុងច្រូតស្រូវ បានប្រញាប់ប្រញាល់រត់ទៅផ្ទះ និងប្រមូលសម្ភារ ប៉ុន្តែនៅពេលគាត់ទៅដល់ ចានឆ្នាំងរបស់គាត់ត្រូវបានអ្នកផ្សេងប្រមូលយកទៅទាំងអស់ បន្សល់ទុកតែបាយវេចស្លឹកចេកមួយសំណុំប៉ុណ្ណោះ៕

សម្ភាសដោយ ពេជ្រ លក្ខិណា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin