ជឹម សាវ៉ាត៖ ខ្មែរក្រហមបញ្ចុះបញ្ចូលកុមារឲ្យធ្វើបដិវត្ត

ជឹម សាវ៉ាត រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ជឹម សាវ៉ាត ភេទស្រី កើតក្នុងឆ្នាំ១៩៦០ មានអាយុ ៦០ឆ្នាំ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សាវ៉ាត មានបងប្អូនចំនួនពីរនាក់ ក្នុងនោះមានប្រុសម្នាក់។

នៅឆ្នាំ១៩៧២ សាវ៉ាត បានចូលរៀនថ្នាក់កុមារដ្ឋាន អស់រយៈពេលបីខែ នៅសាលាវត្តតាពុធ។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិ និងជម្លៀស សាវ៉ាត ឲ្យទៅរស់នៅវត្តជ្រោយឫស្សី អស់រយៈពេលបីខែ។ នៅទីនោះ ខ្មែរក្រហមបង្រៀន សាវ៉ាត និងកុមារនៅក្នុងភូមិអំពីបដិវត្ត និងបញ្ចុះបញ្ចូលឲ្យគាត់ចូលធ្វើជាកងទ័ពខ្មែរក្រហម ដើម្បីប្រយុទ្ធប្រឆាំងនឹងទាហាន លន់ នល់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស សាវ៉ាត ឲ្យទៅធ្វើស្រែក្នុងក្រុមសាមគ្គីនៅភូមិត្រើយស្លា និងចាត់ទុកគាត់ជាប្រជាជនមូលដ្ឋាន។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានបញ្ជូន សាវ៉ាត ឲ្យទៅធ្វើការក្នុងកងចល័ត ដោយត្រូវធ្វើស្រែ, រែកដី និងលើកទំនប់នៅភូមិទួលក្រសាំង ស្ថិតនៅក្នុងតំបន់២០។

សាវ៉ាត និយាយថា នៅទីនោះ ប្រជាជនថ្មី ត្រូវបានខ្មែរក្រហមធ្វើទុក្ខបុកម្នេញ ហើយនៅពេលយប់ ខ្មែរក្រហមតែងតែចាប់ប្រជាជនថ្មីយកទៅកោះគរ។ នៅឆ្នាំ១៩៧៧ នៅពេល​ សាវ៉ាត ធ្វើដំណើរទៅការដ្ឋាន គាត់បានឃើញវិហារនៅក្នុងវត្តព្រែកអំបិល និងវត្តកោះខែល ត្រូវបានខ្មែរក្រហមវាយកម្ទេច។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាត់តាំងឲ្យ សាវ៉ាត​ ទៅធ្វើការនៅក្នុងអង្គភាពឃុំ ស្ថិតនៅក្នុងតំបន់១៦។ សាវ៉ាត និយាយថា គាត់ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារ គឺមានតែដំឡូងស្ងោរ, ចេកស្ងោរ, ពោតស្ងោរ, បបរ ឬបាយប៉ុណ្ណោះ។

នៅរបបខ្មែរក្រហម ប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺ និងដេកស្លាប់នៅមន្ទីរពេទ្យ។ សាវ៉ាត រៀបរាប់ថា លុះត្រាតែប្រជាជនមានជំងឺធ្ងន់ធ្ងរ ទើបខ្មែរក្រហមចែកថ្នាំរាងដូចអាចម៍ទន្សាយឲ្យលេប និងអនុញ្ញាតឲ្យសម្រាក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សាវ៉ាត បានត្រលប់មករស់នៅក្នុងភូមិកំណើតវិញ និងប្រកបរបរធ្វើស្រែចម្ការរហូតមកទល់បច្ចុប្បន្ន៕

សម្ភាសដោយ រ៉េន រចនា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin