យ៉ង់ ហង្ស៖ ប្អូនឯងធ្វើការងារឲ្យល្អ ព្រោះកន្លែងនេះគឺជាកន្លែងវាយចោល

យ៉ង់ ហង្ស ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហង្សឈ្មោះ យ៉ង់ ហែម ហើយម្ដាយឈ្មោះ ឆឹង ហៀក និងមានបងប្អូនចំនួន៦នាក់(ស្រី៤នាក់)។ កាលពីក្មេង ហង្ស បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ ក្នុងសម័យអាណានិគមបារាំង រហូតដល់ថ្នាក់ទី១ សម័យសម្ដេចព្រះ នរោត្តម សីហនុ។ ហង្ស មានប្រពន្ធឈ្មោះ សុខ អាន និងមានកូន១១នាក់ ក្នុងនោះមានស្រី៧នាក់។
នៅក្នុងរបប លន់ នល់ ហង្ស បានរត់ទៅរកស៊ីធាក់ស៊ីក្លូ នៅទីក្រុងភ្នំពេញ ហើយប្រពន្ធរបស់គាត់រស់នៅក្នុងភូមិ។ ក្រោយមក បន្ទាប់ពីប្អូនរបស់គាត់ត្រូវគ្រាប់ផ្លោងធ្លាក់ចំ និងទៅព្យាបាលនៅពេទ្យរុស្សី ហង្ស បានទៅនាំប្រពន្ធ និងកូនពីភូមិត្រពាំងក្រសាំង ទៅរស់នៅភ្នំពេញជាមួយគ្នា។ បន្ទាប់ពីគ្រួសារហង្សទៅរស់នៅទីក្រុងភ្នំពេញ មានអ្នកចូលទៅដុតផ្ទះរបស់គាត់នៅក្នុងភូមិ។ នៅទីក្រុងភ្នំពេញ ហង្ស បាននាំប្រពន្ធកូនទៅរស់នៅម្ដុំថ្លុកមួយ ខាងលិចពេទ្យលោកសង្ឃ និងបន្តរកស៊ីធាក់ស៊ីក្លូ ហើយប្រពន្ធរបស់គាត់ចិញ្ចឹមជ្រូកនៅផ្ទះ។ ពេលរស់នៅក្នុងទីក្រុង កូនស្រីបន្ទាប់ច្បងម្នាក់របស់ហង្ស បានស្លាប់ដោយសារជំងឺ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមប្រកាសឲ្យប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញ គ្រួសារហង្ស បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវជាតិលេខ៣ រហូតដល់ដើមរការ ខាងជើងផ្សារត្រាំខ្នារ។ នៅក្បែរផ្សារត្រាំខ្នារ កូនប្រុសម្នាក់ទៀតរបស់ហង្ស មានអាការៈក្ដៅខ្លួនខ្លាំង រវើរវាយនិយាយរហូតដល់ស្លាប់ ដោយសារតែដើរហាលភ្លៀង និងសម្រាកហាលខ្យល់ ហើយគ្មានថ្នាំលេបត្រឹមត្រូវ។ បន្ទាប់ពីកូនស្លាប់ ហង្ស បានខ្ចីចបប្រជាជនក្បែរនោះ រួចកាប់រណ្ដៅមួយក្បែរផ្ទះថ្មមួយកន្លែងដែលគ្មានមនុស្សរស់នៅ និងកប់សពកូននៅទីនោះ។ នៅថ្ងៃបន្ទាប់ ហង្ស បាននាំគ្រួសារធ្វើដំណើរតាមផ្លូវភ្នំទទៀល រហូតមកដល់ភូមិត្រពាំងក្រសាំង។
នៅភូមិត្រពាំងក្រសាំង អង្គការបានជម្លៀសគ្រួសារហង្ស និងប្រជាជនថ្មីទាំងអស់ឲ្យទៅរស់នៅទួលមួយខាងត្បូងភូមិ និងធ្វើការងាររែកដី, ស្ដារប្រឡាយ និងជីកព្រែក តាមការចាត់តាំងរបស់អង្គការ។ បន្ទាប់មក អង្គការចាប់ផ្ដើមជម្លៀសប្រជាជនថ្មីទៅខេត្តបាត់ដំបង ប៉ុន្តែដោយសារ ហង្ស ធ្វើការចំណាប់ ទើបអង្គការទុកឲ្យគ្រួសារគាត់រស់នៅភូមិបន្ត។ ក្រោយមកទៀត ដោយសារតែមានការផ្លាស់ប្ដូរប្រធានសហករណ៍ថ្មីចូលមក អង្គការបានបញ្ជូនគ្រួសារគាត់ទៅរស់នៅភូមិអូព័ទ្ធ។ គ្រួសារហង្ស រស់នៅភូមិអូព័ទ្ធ បានមួយរយៈពេលខ្លី ទើបត្រូវអង្គការជម្លៀសទៅតំបន់៥៥ ស្រុកព្រៃកប្បាសបន្តទៀត។ នៅតំបន់៥៥ ប្ដីប្រពន្ធរបស់ហង្ស ធ្វើការងារផ្សេងគ្នា ហើយកូនរបស់គាត់ដែលធំល្មម២នាក់ ចូលទៅធ្វើការងារក្នុងកងកុមារ ហើយកូនតូចត្រូវរស់នៅក្នុងមណ្ឌល។ បន្ទាប់មកទៀត ប្រពន្ធរបស់ហង្ស មានគ័ភ៌ ប៉ុន្តែកូននោះ បានរលូតនៅពេលដែលមានអាយុ២ខែ។
ហង្ស បានឲ្យដឹងថា ប្រជាជននៅស្រុកព្រៃកប្បាស មានការប្រណីគាត់ណាស់ ព្រោះឃើញប្ដីរប្រពន្ធហង្សធ្វើការងារចំណាប់។ ប៉ុន្តែគណៈកង មិនបានពេញចិត្តគ្រួសារហង្សនោះទេ ទើបអង្គការបញ្ជូនគាត់ទៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលជាកន្លែងសម្លាប់ចោល។ ហង្ស បានបន្តថា ឈ្មោះដែលត្រូវបញ្ជូនមិនមែនគ្រួសារគាត់ទេ ប៉ុន្តែដោយសារគណៈកងស៊ីសំណូក ទើបប្ដូរឈ្មោះមកគ្រួសាររបស់គាត់។
នៅពេលគ្រួសារហង្ស ទៅដល់ភូមិដង្ហិត គាត់បានជួបជាមួយប្រធានសហករណ៍ចិត្តល្អ ដែលរស់នៅភូមិក្រាំងវិច ឃុំចំបក់។ ប្រធានសហករណ៍ចូលចិត្តគ្រួសារហង្ស និងឲ្យហង្សធ្វើការងារកាន់រទេះគោ ជាមួយគាត់រហូតទើបរួចខ្លួន។ ប្រធានសហករណ៍ភូមិដង្ហិត បានប្រាប់ហង្សថា “ប្អូនឯងធ្វើការងារឲ្យល្អ ព្រោះកន្លែងនេះគឺជាកន្លែងវាយចោល”។ បន្ទាប់ពីប្រធានសហករណ៍និយាយដូច្នេះ ហង្ស បានសង្កេតឃើញថាសម្ភារប្រើប្រាស់មួយចំនួនដែលនៅក្នុងផ្ទះប្រធានសហករណ៍គឺជាសម្ភារវាយមនុស្សចោលពិតមែន។
គ្រួសាររបស់ហង្ស បានរស់នៅស្រួលក្នុងភូមិដង្ហិត រហូតដល់មានការប្រយុទ្ធគ្នាជាមួយវៀតណាម ទើបអង្គការឲ្យប្រជាជនត្រលប់ទៅសហករណ៍មុនវិញ។ ហង្ស បានធ្វើដំណើមកដល់ឃុំក្ដាញ់ ទើបមានប្រជាជនពីភូមិធម្មវិន័យទៅយកគាត់ឲ្យចូលភូមិវិញ ព្រោះគាត់ធ្វើការងារពូកែ។ នៅពេលប្រជុំបែងចែកប្រជាជនចូលក្នុងសហករណ៍ ហង្សបានបដិសេធមិនព្រមទៅធម្មវិន័យ ព្រោះគាត់មានការអន់ចិត្តដែលអង្គការធ្វើបាបគាត់នៅទីនោះ ហើយជម្លៀសគ្រួសារហង្ស ចេញទៅកន្លែងសម្លាប់។ នៅពេលបញ្ចប់ការប្រជុំ គ្រួសារហស្ស បានទៅរស់នៅអន្លង់វិល ជាប់ផ្សារព្រៃល្វា ដែលជាផ្ទះរបស់មិត្តភក្ដិ ដែលជាអ្នកមូលដ្ឋាន។ ហង្ស បានបន្ថែមថា នៅពេលដែលមេឃុំហៅឈ្មោះគាត់ ហើយគ្រួសារហង្សមិនព្រមនៅ ទើបតាៗនៅភូមិធម្មវិន័យ មានការសោកស្ដាយគាត់ខ្លាំង។
នៅអន្លង់វិល ហង្ស កាន់រទេះគោ ដឹងសម្ភារ និងស្បៀងផ្សេងៗរហូតដល់កងទ័ពស្ម័គ្រវៀតណាមចូលមក និងប្រាប់ប្រជាជនឲ្យត្រលប់ទៅស្រុកកំណើតវិញ។ នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមប្រាប់ដូច្នេះ ឪពុកមាររបស់ហង្ស បបួលគ្រួសារគាត់បរទេះចេញមកភូមិទាំងយប់ និងសម្រាកនៅខាងជើងងភ្នំចំបាប់មួយយប់ ទើបមកដល់ភូមិត្រពាំងក្រសាំងវិញ។
ហង្ស មានអារម្មណ៍តូចចិត្តចំពោះរបបខ្មែរក្រហម ព្រោះកម្មាភិបាលខ្មែរក្រហម ធ្វើឲ្យគាត់វេទនាខ្លាំងណាស់ ធ្វើការងារធ្ងន់ ហើយអាហារហូបចុកមិនគ្រប់គ្រាន់។ នៅពេលខ្លះ អង្គការយកអង្ករមួយកំប៉ុងទៅបបរលាយជាមួយខ្វិត និងបន្លែព្រលឹត។ នៅពេលដែលអត់ឃ្លានពេក ហង្ស បានរើសគ្រាប់ពោតនៅតាមផ្លូវហូបទាំងឆៅ ហើយស្រូវយកទៅលីងហូបទាំងកន្ទក់។ នៅពេលដែល ហង្ស ហូបស្រូវលីង ធ្វើឲ្យគាត់ពិបាកក្នុងការបន្ទោរបង់ខ្លាំង។ មូលហេតុនេះហើយទើបប្រពន្ធរបស់គាត់អង្វរម្ដងហើយម្ដងទៀត ថាកុំឲ្យហូបដូច្នេះ ព្រោះមានប្រជាជនស្លាប់រួចមកហើយ។ ហង្ស បានយកការលំបាករបស់ខ្លួនប្រាប់ទៅកូនចៅជំនាន់ក្រោយ ប៉ុន្តែក្មេងៗមួយចំនួនហាក់មិនជឿជាមួយសម្ដីរបស់គាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

